English-Français
ជាតិ
សង្គមជាតិ
អ្នកចេះ​ភាសា​បារាំង​នឹងមាន​ក្តីសង្ឃឹម​ឡើងវិញ​ចាប់ពី​ឆ្នាំ​២០១៨​ខាងមុខនេះ​
09, Sep 2017 , 4:59 pm        
រូបភាព
ភ្នំពេញ​៖ អ្នកចេះ​ភាសា​បារាំង​អាច​នឹងមាន​ក្តីសង្ឃឹម​ឡើងវិញ​ចាប់ពី​ឆ្នាំ​២០១៨​ខាងមុខនេះ​តទៅ  ព្រោះ​ប្រទេស​បារាំង​នឹង​ផ្តល់​អាហារូបករណ៍​ច្រើន​ឡើងវិញ​ដល់​និស្សិត​ដែល​ចេះ​និយាយ​ភាសា​បារាំង​។ នេះ គឺជា​ការប្រកាស​របស់​លោក Jacques Krabal, president délégué de l’Assemblee Parlementaire Francophone នៅក្នុង​សប្តាហ៍​នេះ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុងឱកាស​កិច្ចប្រជុំសភា​និយាយ​ភាសា​បារាំង​ដែលមាន​ការចូលរួម​ពី​តំណាងរាស្ត្រ​នៃ​ប្រទេស​ឡាវ វៀតណាម កម្ពុជា និង​តំណាង​ស្ថាប័ន​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​មួយចំនួន​ផ្សេងទៀត​។



​សូមស្តាប់សំឡេង​៖





​នាពេល​កន្លងមក អ្នកចេះ និង​អ្នក​ភាសា​បារាំង​អស់សង្ឃឹម​។ ព្រោះ អាហារូបករណ៍​សម្រាប់​និស្សិត​ទៅ​សិក្សា​នៅក្នុង​ប្រទេស​បារាំង​ត្រូវបាន​កាត់បន្ថយ​ជា​រៀង​រាល់រាល់​ឆ្នាំ ពោល គឺ​នៅសល់​ប្រមាណ​ជា​៣០​នាក់​ក្នុង​មួយឆ្នាំៗ​។ ម្យ៉ាងទៀត ទីផ្សារ​សម្រាប់​អ្នកចេះ​ភាសា​បារាំង​កាន់តែ​តូចចង្អៀត​។ អាហារូបករណ៍​៣០​នាក់​ក្នុង​មួយឆ្នាំ​ត្រូវបាន​លោក Jacques Krabal ថា មាន​ចំនួន​តិចតួច​។

​លោក Jacques Krabal ទទួលស្គាល់ថា ភាសារ​បារាំង​បាត់បង់​ទីតាំង​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​ប្រឈម​នឹង​ការរីកចម្រើន​ខ្លាំង​នៃ​ភាសា​អង់គ្លេស​។ តែ​ដើម្បី​ពង្រីក​ភាសា​បារាំង​ឡើងវិញ គ្មានអ្វី​ក្រៅតែពី​ការជំរុញ​ការអប់រំ​ឡើយ​។ លោក​ថា ប្រទេស​បារាំង ជាពិសេស លោក​ប្រធានាធិបតី Macron ចាប់ពី​ចាប់​២០១៨​ខាងមុខនេះ នឹង​ជំរុញ​បង្កើន​ចំនួន​អាហារូបករណ៍​ឡើងវិញ​ដល់​ប្រទេស​និយាយ​ភាសា​បារាំង Francophonie ក្នុងនោះ ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ លោក​សំណួ​ម​ពរ​បន្ថែមទៀតថា ប្រទេស​បារាំង​មិនត្រូវ​បង្កើន​តែ​ចំនួន​អាហារូបករណ៍​សម្រាប់​និស្សិត​ប៉ុណ្ណោះ​ទេ តែ​ត្រូវ​ជួយ​សម្រួល​និតិ​វិធី​នៃ​ការទទួលបាន​ទិដ្ឋាការ​បារាំង​ផងដែរ​។

​ស្របពេល​ជាមួយគ្នា លោក Jacques Krabal ក៏​ព្រួយបារម្ភ​ពី​ការថយចុះ​ចំនួន​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ដែល​ចេះ​ភាសា​បារាំង​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ តែ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ការពង្រឹង​ការសិក្សា​នានា​តាមរយៈ​ភាសា​បារាំង គឺជា​រឿង​ចាំបាច់​ដែល​ត្រូវ​យកចិត្តទុកដាក់​៕


© រក្សាសិទ្ធិដោយ thmeythmey.com