កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​នៅ Premier League គាំទ្រ​ឲ្យ​បិទទ្វារ​ដោះដូរ​កីឡាករ​មុន​បើក​រដូវ​កាល ចាប់ពី​ឆ្នាំក្រោយ​
09, Sep 2017 , 4:19 pm        
រូបភាព
​ក្លិប​បាល់ទាត់​នៃ​ក្របខណ្ឌ​កំពូល​អង់គ្លេស Premier League បាន​បោះឆ្នោត​គាំទ្រ​ឲ្យ​បិទទ្វារ​ទីផ្សារ​ទិញ​ដោះដូរ​កីឡាករ​ឲ្យ​បាន​មុនពេល​បើក​រដូវ​កាល គិត​ចាប់ពី​ឆ្នាំក្រោយ​ទៅ​។​
​ប្រធាន​ក្លិប​ភាគច្រើន​នៅ​លី​ក​កំពូល​អង់គ្លេស បាន​ត្អូញត្អែរថា​ការ​ទិញដូរ​កីឡាករ​អំឡុងពេល​បើក​រដូវ​កាល គឺ​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​ក្រុម និង​ការត្រៀម​លក្ខណ​សម្រាប់​ការប្រកួត​របស់​ពួកគេ​។​



​បើតាម BBC ចុះផ្សាយ ចាប់ពី​រដូវ​កាល ២០១៨-២០១៩ តទៅ​ទ្វារ​ដោះដូរ​កីឡាករ​នឹងត្រូវ​បិទ​នៅ​ថ្ងៃ​ព្រហស្បតិ៍ វេលា​ម៉ោង ១៧:០០ នាទី [​ម៉ោង​នៅ​អង់គ្លេស​] ពោលគឺ​មុនពេល​ការប្រកួត​ដណ្តើមពាន Premier League ចាប់ផ្តើម​។ នេះ​មានន័យថា​ក្នុងចំណោម​លី​ក​ទាំងអស់​តំបន់​អឺរ៉ុប អង់គ្លេស​គឺជា​លី​ក​ដំបូង​គេ ដែល​យល់ព្រម​បោះបង់ចោល កាល​បិទទ្វារ​ដោះដូរ​កីឡាករ​នៅ​ថ្ងៃទី ៣១ ខែសីហា​ដូច​រៀងរាល់ឆ្នាំ ប៉ុន្តែ​ពួកគេ​នៅតែ​អាច​លក់​កីឡាករ​ទៅកាន់​ក្លិប​នៅ​លី​ក​ដទៃ​បាន​ដរ​ដែល​នៅពេល​ទីផ្សារ​ដោះដូរ​នៅ​ដំណើរ​ការធម្មតា​។​

​យ៉ាងណា ក្នុងចំណោម​ក្លិប​ទាំង​២០​នៅ​លី​ក​កំពូល​អង់គ្លេស មាន​១៤​ក្រុម​ដែល​បោះឆ្នោត​គាំទ្រ​ឲ្យ​មា​នា​ការផ្លាស់ប្តូរ​នេះ ខណៈ ៥​ក្រុម​បដិសេធ និង​១​ក្រុម​ទៀត​សម្រេច​មិន​ចូលរួម​បោះឆ្នោត​។​

​ក្លិប​ទាំង ៥​ដែល​បោះ​មិន​គាំទ្រ រួមមាន Manchester City, Manchester United, Crystal Palace, Watford និង Swansea City ។ ការបោះឆ្នោត​ប្រឆាំង​របស់​ក្លិប​រហស្សនាម​បិសាច​ក្រហម ហាក់​ផ្ទុយ​ពី​បំណង​របស់លោក Jose Mourinho ដែល​បានលើកឡើង​កាលពី​ខែ​មុន​ថា​លោក «​ចង់​ឲ្យ​ទីផ្សារ​ដោះដូរ​បិទទ្វារ​កាន់តែ​ឆាប់​កាន់តែ​ល្អ តាម​ដែល​អាចធ្វើ​ទៅបាន​»៕


Tag:
 បាល់ទាត់​
  Premier League
  ដោះដូរ​កីឡាករ
© រក្សាសិទ្ធិដោយ thmeythmey.com