ជាតិ
សហគមន៍​ទេសចរណ៍​ជ្រាវ​កំពុង​ទាញអារម្មណ៍​ទេសចរ​ដោយសារ​ការអភិវឌ្ឍ​យ៉ាង​រហ័ស​
10, Sep 2017 , 10:59 am        
រូបភាព
​សៀមរាប​៖ សហគមន៍​ទេសចរណ៍​ជ្រាវ កាន់តែ​មាន​ភាព​ទាក់ទាញ ក្រៅពី​វត្តមាន​ហ្វូង​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល ក្នុង​បឹង​ពារាំង​។ សហគមន៍​នេះ​កំពុងតែ​អភិវឌ្ឍ​ខ្លួន​ទៅមុខ​យ៉ាង​លឿន ហើយ​បច្ចុប្បន្ននេះ​មាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ជាច្រើន ចាប់អារម្មណ៍​នឹង​គោលដៅ​ទេសចរណ៍​បែប​ធម្មជាតិ ដែល​ស្ថិតនៅ​ផ្នែក​ខាងកើត​ក្រុង​សៀមរាប​មួយ​នេះ​។



​សហគមន៍​ទេសចរណ៍​ជ្រាវ មាន​សក្កា​នុព​ល​ទេសចរណ៍​ខ្ពស់ ព្រោះថា​តំបន់​នេះ​មាន​បឹង​ធម្មជាតិ​មួយ គឺ​បឹង​ពារាំង​។ បឹង​នេះ​មាន​ទំហំ ២៧០​ហិកតា និង​ជាង ៣០០០​ហិកតា បើ​គេ​គិត​ទាំង​ផ្ទៃ​ព្រៃ​លិច​ទឹក​។ បឹង​នេះ​សម្បូរ​ដោយ​ព្រៃ​លិច​ទឹក សត្វ​ស្លាប​ជាច្រើន​ប្រភេទ រួម​និង​ត្រី​ពូជ​ជាច្រើន ដែល​ស្ថិតក្រោម​ការគ្រប់គ្រង និង​អភិរក្ស​យ៉ាង​យកចិត្តទុកដាក់ ពី​សហគមន៍​សង្កាត់​ជ្រាវ ដែលមាន​សមាជិក​ចំនួន ១៣៨​នាក់​។​



​លោក គង់ មង្គល ប្រធាន​សហគមន៍​ទេសចរណ៍​ជ្រាវ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បច្ចុប្បន្ន​នៅ​តំបន់​នេះ​កំពុង​ទាក់ទាញ​ទេសចរណ៍​ជាច្រើន​ឲ្យ​មក​ទស្សនា ព្រោះ​មានព្រៃ​លិច​ទឹក ដែល​ភ្ញៀវ​អាច​ជិះទូក​កម្សាន្ត រហូតដល់​ផ្ទៃ​បឹង​ទន្លេសាប​។ លោក​បន្ថែមថា សហគមន៍​ក៏បាន​រៀបចំ​ជា​រោង សម្រាប់​ឲ្យ​ភ្ញៀវ​អង្គុយលេង និង​ពិសារ​អាហារ នៅ​ចុង​សប្តាហ៍ និង​ថ្ងៃ​ឈប់សម្រាក​ផងដែរ​។​

​សព្វថ្ងៃ មាន​រោង​ចំនួន ៦០ ដែល​សហគមន៍​ទេសចរ​ជ្រាវ បាន​សង់​នៅលើ​ខ្នង​ទំនប់​មួយ ក្នុងនោះ​ក៏បាន​ដាក់​ដំណើរការ ការលក់​សំបុត្រ​ជិះទូក​កម្សាន្ត​ផងដែរ​។ ភ្ញៀវទេសចរ​អាច​ជិះទូក​ទស្សនា​ព្រៃ​លិច​ទឹក បឹង​ពារាំង  ងូតទឹក និង​ហួស​ទៅ​កណ្តាល​បឹង​ទន្លេសាប ដោយ​ក្នុង​ទូក​មួយ តម្លៃ ៦​ម៉ឺន​រៀល ជិះ​បាន​មនុស្ស ៦​នាក់​។ សព្វថ្ងៃ សហគមន៍​មាន​ទូក​ចំនួន ១០ ដែល​កំពុង​ដាក់​ដំណើរការ​លើ​កញ្ចប់​ទេស​ចរណ៍​មួយ​នេះ​។​



​តាម​ការបញ្ជាក់​ពី​ប្រធាន​សហគមន៍ ភ្ញៀវទេសចរ​អាច​ជិះទូក​ទៅដល់​បឹង​ពារាំង និង​ហួស​ដល់​ទន្លេសាប​បាន អំឡុង​ខែ​៨​។ វត្តមាន​សត្វ​ស្លាប​នៅមាន​តិច​ក្នុង​ខែវស្សា​នេះ ហើយ​វា​នឹង​បង្ហាញខ្លួន​ច្រើន​ចាប់ពី​ខែ មករា ដល់​ខែមិថុនា ពេល​ផ្ទៃ​ទន្លេសាប បង្រួម​ខ្លួន​កាន់តែ​តូច​៕






















Tag:
 គង់ មង្គល​
  ជ្រាវ
© រក្សាសិទ្ធិដោយ thmeythmey.com