ជាតិ
សង្គមជាតិ
សិស្សប្រឡងបាក់ឌុបជាង២០នាក់ ត្រូវបានក្រសួងអប់រំ សម្រេចឲ្យធ្លាក់ដោយស្វ័យប្រវត្តិ
× ភ្នំពេញ៖ សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយសភូមិ (បាក់ឌុប) ជាង២០នាក់ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា សម្រេចឲ្យធ្លាក់ដោយស្វ័យប្រវត្តិ ព្រោះតែធ្វើខុសវិន័យក្នុងការប្រឡង។
ក្រសួងអប់រំ បានឲ្យដឹងថា សិស្សចំនួន២៨នាក់ ដែលក្រសួងសម្រេចឲ្យធ្លាក់នេះ ក្នុងនោះមានបេក្ខជន២នាក់ ត្រូវក្រសួងផ្អាកមិនឲ្យប្រឡង១ឆ្នាំបន្ទាប់ និងបេក្ខជន១នាក់ទៀត ផ្អាកមិនឲ្យប្រឡង២ឆ្នាំបន្តបន្ទាប់។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ចុះថ្ងៃទី១០ កញ្ញានេះ បានពន្យល់ថា មូលហេតុដែលក្រសួងសម្រេចទម្លាក់បេក្ខជនប្រឡងទាំង២៨នាក់នេះ ដោយសារតែពួកគេទាំងនោះ បានប្រព្រឹត្តិកំហុសឆ្គងរួមមាន៖ ករណីប្រឡងជំនួស ប្ដូរលេខតុ លួចចម្លង ប្រើប្រាស់និងយកទូរសព្ទដៃ យកសំណៅឯកសារ និងម៉ាស៊ីនគិតលេខចូលបន្ទប់ប្រឡង។
បើតាមក្រសួងអប់រំ បេក្ខជនដែលប្រព្រឹត្តិខុសឆ្គងផ្ទុយពីបទប្បញ្ញត្តិ និងកម្រិតវិន័យនេះ ត្រូវបានកំណត់ឲ្យធ្លាក់ដោយស្វ័យប្រវត្តិមានលំដាប់ពិន្ទុសូន្យ (0.០០) ក្នុងបញ្ជីលទ្ធផលប្រឡង។
ក្រៅពីដាក់ពិន័យលើសិស្សប្រឡងនេះ ក្រសួងអប់រំ ក៏បានដាក់ពិន័យលើបុគ្គលិកអប់រំ ដែលបានប្រព្រឹត្តិខុសឆ្គងក្នុងដំណើរការប្រឡងចំនួន២៨ករណីផងដែរ ក្នុងនោះ២៤ករណី ពាក់ព័ន្ធនឹងដំណើរការសំណេរ និង៤ករណីក្នុងដំណើរការកំណែ។ ក្រសួងអប់រំ ដាក់ពិន័យលើបុគ្គលិកអប់រំទាំងនោះ ដូចជា ការស្តីបន្ទោសផ្ទាល់មាត់ ស្តីបន្ទោសជាលាយលក្ខណ៍អក្សរ ស្តីបន្ទោសជាទម្ងន់ លុបឈ្មោះចេញពីតារាងឡើងឋានន្តរសក្តិឬថ្នាក់ ២ឆ្នាំ ផ្អាកមិនឲ្យចូលរួមជាគណៈមេប្រយោគ១ឆ្នាំ និងផ្អាកលែងឲ្យចូលរួមក្នុងដំណើរការប្រឡង។
បេក្ខជនប្រឡងជាប់សញ្ញាបត្រទុតិយសភូមិ (បាក់ឌុប) នៅឆ្នាំ២០១៧នេះ មានចំនួន ៦៣ ៦៦៨នាក់ ត្រូវជា ៦៣,៨៤ភាគរយ ក្នុងចំណោមបេក្ខជនវត្តមានប្រឡងចំនួន៩៩ ៧២៨នាក់ ។ ក្នុងចំណោមសិស្សប្រឡងជាប់បាក់ឌុបនៅឆ្នាំនេះ មានសិស្សជាប់និទ្ទេស A ចំនួន ៤២៤នាក់។ ចំណែកសិស្សជាប់និទ្ទេស B មានចំនួន ២៤៦៤នាក់, និទ្ទេស C ចំនួន ៥០០០នាក់, និទ្ទេស D ចំនួន ៩១២៣នាក់ និង និទ្ទេស E ចំនួន ៤៦ ៦៥៧នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៕
© រក្សាសិទ្ធិដោយ thmeythmey.com