ជាតិ
សង្គមជាតិ
សិស្ស​ប្រឡង​បាក់​ឌុប​ជាង​២០​នាក់ ត្រូវបាន​ក្រសួង​អប់រំ សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​
10, Sep 2017 , 12:21 pm        
រូបភាព
​ភ្នំពេញ​៖ សិស្ស​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) ជាង​២០​នាក់ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេច​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ ព្រោះតែ​ធ្វើ​ខុស​វិន័យ​ក្នុងការ​ប្រឡង​។​



​ក្រសួង​អប់រំ បាន​ឲ្យ​ដឹងថា សិស្ស​ចំនួន​២៨​នាក់ ដែល​ក្រសួង​សម្រេច​ឲ្យ​ធ្លាក់​នេះ ក្នុងនោះ​មាន​បេក្ខជន​២​នាក់ ត្រូវ​ក្រសួង​ផ្អាក​មិន​ឲ្យ​ប្រឡង​១​ឆ្នាំ​បន្ទាប់ និង​បេក្ខជន​១​នាក់​ទៀត ផ្អាក​មិន​ឲ្យ​ប្រឡង​២​ឆ្នាំ​បន្តបន្ទាប់​។​
 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ ចុះ​ថ្ងៃទី​១០ កញ្ញា​នេះ បាន​ពន្យល់ថា មូល​ហេតុដែល​ក្រសួង​សម្រេច​ទម្លាក់​បេក្ខជន​ប្រឡង​ទាំង​២៨​នាក់​នេះ ដោយសារតែ​ពួកគេ​ទាំងនោះ បាន​ប្រព្រឹត្តិ​កំហុសឆ្គង​រួមមាន​៖ ករណី​ប្រឡង​ជំនួស ប្ដូរ​លេខ​តុ លួច​ចម្លង ប្រើប្រាស់​និង​យក​ទូរ​សព្ទ​ដៃ យក​សំណៅ​ឯកសារ និង​ម៉ាស៊ីន​គិត​លេខ​ចូល​បន្ទប់​ប្រឡង​។​
 
​បើតាម​ក្រសួង​អប់រំ បេក្ខជន​ដែល​ប្រព្រឹត្តិ​ខុសឆ្គង​ផ្ទុយ​ពីបទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​នេះ ត្រូវបាន​កំណត់​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​មាន​លំដាប់​ពិន្ទុ​សូន្យ (0.០០) ក្នុង​បញ្ជី​លទ្ធផល​ប្រឡង​។​
 
​ក្រៅពី​ដាក់ពិន័យ​លើ​សិស្ស​ប្រឡង​នេះ ក្រសួង​អប់រំ ក៏បាន​ដាក់ពិន័យ​លើ​បុគ្គលិក​អប់រំ ដែល​បាន​ប្រព្រឹត្តិ​ខុសឆ្គង​ក្នុង​ដំណើរ​ការប្រឡង​ចំនួន​២៨​ករណី​ផងដែរ ក្នុងនោះ​២៤​ករណី ពាក់ព័ន្ធ​នឹង​ដំណើរការ​សំណេរ និង​៤​ករណី​ក្នុង​ដំណើរការ​កំណែ​។  ក្រសួង​អប់រំ ដាក់ពិន័យ​លើ​បុគ្គលិក​អប់រំ​ទាំងនោះ ដូចជា ការស្តីបន្ទោស​ផ្ទាល់មាត់ ស្តីបន្ទោស​ជា​លាយលក្ខណ៍អក្សរ ស្តីបន្ទោស​ជា​ទម្ងន់ លុបឈ្មោះ​ចេញពី​តារាង​ឡើង​ឋានន្តរសក្តិ​ឬ​ថ្នាក់ ២​ឆ្នាំ ផ្អាក​មិន​ឲ្យ​ចូលរួម​ជា​គណៈមេប្រយោគ​១​ឆ្នាំ និង​ផ្អាក​លែង​ឲ្យ​ចូលរួម​ក្នុង​ដំណើរ​ការប្រឡង​។​
 
​បេក្ខជន​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ (​បាក់​ឌុប​) នៅ​ឆ្នាំ​២០១៧​នេះ មាន​ចំនួន ៦៣ ៦៦៨​នាក់  ត្រូវជា ៦៣,៨៤​ភាគរយ ក្នុងចំណោម​បេក្ខជន​វត្តមាន​ប្រឡង​ចំនួន​៩៩ ៧២៨​នាក់ ។ ក្នុងចំណោម​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​នៅ​ឆ្នាំនេះ មាន​សិស្ស​ជាប់​និទ្ទេស A ចំនួន ៤២៤​នាក់​។ ចំណែក​សិស្ស​ជាប់​និទ្ទេស B មាន​ចំនួន ២៤៦៤​នាក់​, និទ្ទេស C ចំនួន ៥០០០​នាក់​, និទ្ទេស D ចំនួន ៩១២៣​នាក់ និង និទ្ទេស E ចំនួន ៤៦ ៦៥៧​នាក់​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​៕
 

Tag:
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com