កីឡាជាតិ
ជាតិ
ពានរង្វាន់​សម្តេច ហេង សំរិន បន្ថែម​បទបញ្ជា​ដើម្បី​ពង្រឹង​ក្រមសីលធម៌ និង​តម្លាភាព​
11, Sep 2017 , 7:59 am        
រូបភាព
លោក ធុល នា​ង ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហេង សំរិន
លោក ធុល នា​ង ប្រធានគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហេង សំរិន
ដោយ:
​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហេង សំរិន លើក​ទី​១​បានសម្រេច​កែប្រែ និង​បន្ថែម​បទបញ្ជា​មួយចំនួន ដើម្បី​ពង្រឹង​ក្រមសីលធម៌​នៃ​ការប្រកួត​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​មាន​តម្លាភាព​។ ការសម្រេច​នេះ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​របស់​កីឡាករ និង​មន្ត្រី​ដឹកនាំ​ការប្រកួត​តាមរយៈ​ការប្រកួត​នាពេល​កន្លងមក​។



​លោក ធុល នាង ប្រធាន​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ពានរង្វាន់​សម្តេច ហេង សំរិន បានសម្រេច​បន្ថែម​បទបញ្ជា​មួយ ដោយ​កំណត់​ហាម​មិន​ឲ្យ​កីឡាករ និង​មន្ត្រី​ចូលរួម​ការប្រកួត​ពាន​រង្វាន់​នេះ​ជា​រៀងរហូត​បើ​ប្រព្រឹត្ត​អំពើ​មិន​គ​ម្បី​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ពាក់ព័ន្ធ​នឹង​ក្រមសីលធម៌​។ លោក​អះអាងថា ការបន្ថែម​បញ្ជា​នេះ គឺ​ដើម្បី​ឲ្យ​ការប្រកួត​ប្រព្រឹត្តទៅ​ប្រកបដោយ Fair Play និង​មាន​តម្លាភាព ជាពិសេស​ដើម្បី​រក្សា​សន្តិសុខ និង​ផ្តល់​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ដល់​ក្រុម​ដែល​បាន​ចូលរួម​។



​លោក​បាន​បញ្ជាក់ថា ការបន្ថែម​បទបញ្ជា​ដ៏​ធ្ងន់ធ្ងរ​នេះ បន្ទាប់ពី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​សង្កេតឃើញ​មាន​ភាពមិនប្រក្រតី​រប​ស់​កីឡាករ និង​មន្ត្រី​ដឹកនាំ​ការប្រកួត​មួយចំនួន​បាន​ប្រព្រឹត្ត​អំពើ​មិន​គប្បី​តាមរយៈ​ការប្រើ​ហឹ​ង្សា​ដោយ​កម្លាំង និង​ពាក្យសម្តី​នៅក្នុង​អំឡុងពេល​ប្រកួត​នាពេល​កន្លងមក​។ ហើយ​លោក​បានចាត់ទុក​អំពើ​គ​ប្បីនេះ​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល​តែ​ម្នាក់​នោះទេ ពោលគឺ​វា​បាន​ជះឥទ្ធិពល​ដល់​ក្រុម និង​ពានរង្វាន់​សម្តេច ហេង សំរិន ដែលជា​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងមូល​ផងដែរ​។

​ក្នុង​កិច្ចប្រជុំ​ដែលមាន​តំណាង​ក្រុម​ទាំង​៨​ដែល​បាន​កៅអី​ឡើងទៅ​លេង​វគ្គ​១/៤ លោក ធុល នាង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ពានរង្វាន់​របស់​យើង​រៀបចំឡើង​គឺ​ចង់​ឲ្យ​មាន​ភាពល្អប្រសើរ និង​ផ្តល់​ការទុកចិត្ត​ដល់​ក្រុម​ដែល​បាន​ចូលរួម​។ លើសពីនេះ ដើម្បី​ផ្តល់ឱកាស​ដល់​យុវជន​ដែល​ស្រលាញ់​វិស័យ​កីឡាបាល់ទាត់​បាន​ចូលរួម​លេង​ដើម្បី​ជាតិ និង​សង្គម ដោយ​សំដៅទៅ​ការអភិវឌ្ឍ​កីឡាបាល់ទាត់​នៅ​កម្ពុជា​»​។

​លោក​បាន​បន្តថា​៖«​តាមរយៈ​ពាន​នេះ​វា​ជា​បទពិសោធ​មួយ​ដ៏​ល្អ​សម្រាប់​យុវជន​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ដើម្បី​សម្រេច​បំណង​ទៅ​អនាគត​។ បន្ថែម​ពីនេះ កីឡាករ​អាច​បង្ហាញ​សមត្ថភាព​របស់ខ្លួន ដើម្បី​ទាក់ទាញ​បណ្តា​ក្លិប​ធំៗ​នៅក្នុង​ប្រទេស​កម្ពុជា​ជ្រើសរើស​ពួកគេ​ទៅលេង​ឲ្យ​ក្លិប​ទាំងនោះ​ទៀតផង​»​។



​ក្រៅពី​ការបន្ថែម​បទបញ្ញត្តិ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ពានរង្វាន់​នេះ ក៏បាន​កែប្រែ​បទបញ្ជា​របស់ខ្លួន​មួយទៀត​ដែរ គឺកំណត់​មិន​ឲ្យ​មានការ​បន្ថែម​ម៉ោង​(១៥​នាទី​ពីរដង​)​នា​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​៣​នោះទេ ពោលគឺ​ត្រូវ​ប្រកួត​បាល់​១១​ម៉ែត្រ​ក្នុងករណី​ចប់​ការប្រកួត​៩០​នាទី​រក្សា​លទ្ធផល​ស្មើគ្នា​។

​សម្រាប់​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​សម្តេច ហេង សំរិន ប្រចាំឆ្នាំ​២០១៧ បាន​ឈានដល់​វគ្គ​៨​ក្រុម​ចុងក្រោយ​ហើយ​ក្រោយ​ឆ្លងកាត់​ការប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​នីមួយៗ​ដែល​បានចាប់ផ្តើម​ពីថ្ងៃ​ទី​២៩ កក្កដា ដែល​បានបញ្ចប់​កាលពី​ថ្ងៃទី​១ ខែកញ្ញា​។ តាមរយៈ​ការចាប់​ឆ្នោត​ប្រកួត​កាលពី​ថ្ងៃទី​៨ ខែកញ្ញា អាណាចក្រ​បៃតង ជួប TN Kandal FC, សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​(GMAC)​ប៉ះ​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​, Home Sport FC ប៉ះ Old Town Garden និង​ក្រុម Pisnoka FC តទល់​ជាមួយ The Salt Fc​។



​ការប្រកួត​ទាំង​៤​គូ​នេះ​នឹង​ធ្វើជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​១១, ១២, ១៣ និង​ទី​១៤ ខែកញ្ញា នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ ខណៈ​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង​ផ្តាច់ព្រ័ត្រ​នឹងធ្វើ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​៕ 






Tag:
 ធុល នាង​
  ពានរង្វាន់​សម្តេច ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com