ជាតិ
កូនភ្លោះ​របស់លោក ពិត ចំណាន ជាប់​និទ្ទេស A ទាំងពីរ​នាក់
11, Sep 2017 , 11:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កូនភ្លោះ​ឈ្មោះ ពិត បញ្ញា​រស្មី និង​ពិត បញ្ញា​ឫទ្ធិ ដែល​រៀន​នៅ​សាលា​ចំណេះ​ទូទៅ​ហូ​ម​អ​ហ្វ​ខ្មែរ បាន​ជាប់​និទ្ទេស A ទាំង​ពីរនាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ឆ្នាំ​២០១៧ នេះ​។ ជ័យលាភី​ទាំងពីរ គឺជា​កូន​របស់លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា សម្រាប់​មណ្ឌល​ភ្នំពេញ បាន​បង្ហាញថា កូនភ្លោះ​ពីរ​នាក់ បានទទួល​និទ្ទេស​ល្អ​គ្រប់​មុខវិជ្ជា​ដូចគ្នា និង​ទទួលបាន​និទ្ទេស A ដូចគ្នា​ផងដែរ​។   

​កូនភ្លោះ​ទាំងពីរ​នាក់​នេះ មានឈ្មោះ ពិត បញ្ញា​រស្មី និង ពិត បញ្ញា​ឫទ្ធិ ដែល​រៀន​នៅ​វិទ្យាល័យ ហូប​អ​ហ្វ​ខ្មែរ កើត​ក្នុង​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​១៩៩៩ ដូចគ្នា​។   តំណាង​សាលា​ចំណេះ​ទូទៅ ហូប​អ​ហ្វ​ខ្មែរ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កូនប្រុស​ភ្លោះ​ទាំងពីរ​នាក់​ខាងលើ ជា​កូន​របស់ លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

​ក្រៅពី​កើត​ក្នុង​ថ្ងៃខែ​ឆ្នាំ​តែមួយ និង​រៀន​វិទ្យាល័យ​ជាមួយគ្នា ពួកគេ​ទាំងពីរ ក៏​ទទួលបាន​ពិន្ទុ​គ្រប់មុខ​វិជ្ជា​ដូចៗ​គ្នា​ផងដែរ​។ ក្នុងនោះ ភាសា​ខ្មែរ C គណិតវិទ្យា A ជីវវិទ្យា A ប្រវត្តិ B គីមីវិទ្យា A  រូបវិទ្យា A ភាសាបរទេស A និង​និទ្ទេស​រួម A ។ ដ្បិត​ទទួលបាន​និទ្ទេស​A​ដូចគ្នា​មែន ប៉ុន្តែ លំដាប់​ពិន្ទុសរុប ពិត បញ្ញា​រស្មី ទទួលបាន ៩៩.៩៧២ ខណៈ ពិត បញ្ញា​ឫទ្ធិ ទទួលបាន​ពិន្ទុសរុប ៩៩.៩៨៧៕            


Tag:
 កូនភ្លោះ​
 ​ និទ្ទេស​A
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com