ជាតិ
កូនភ្លោះរបស់លោក ពិត ចំណាន ជាប់និទ្ទេស A ទាំងពីរនាក់
× ភ្នំពេញ៖ កូនភ្លោះឈ្មោះ ពិត បញ្ញារស្មី និងពិត បញ្ញាឫទ្ធិ ដែលរៀននៅសាលាចំណេះទូទៅហូមអហ្វខ្មែរ បានជាប់និទ្ទេស A ទាំងពីរនាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៧ នេះ។ ជ័យលាភីទាំងពីរ គឺជាកូនរបស់លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដែលបានចេញផ្សាយកាលពីថ្ងៃទី១០ ខែកញ្ញា សម្រាប់មណ្ឌលភ្នំពេញ បានបង្ហាញថា កូនភ្លោះពីរនាក់ បានទទួលនិទ្ទេសល្អគ្រប់មុខវិជ្ជាដូចគ្នា និងទទួលបាននិទ្ទេស A ដូចគ្នាផងដែរ។
កូនភ្លោះទាំងពីរនាក់នេះ មានឈ្មោះ ពិត បញ្ញារស្មី និង ពិត បញ្ញាឫទ្ធិ ដែលរៀននៅវិទ្យាល័យ ហូបអហ្វខ្មែរ កើតក្នុងថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៩៩ ដូចគ្នា។ តំណាងសាលាចំណេះទូទៅ ហូបអហ្វខ្មែរ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា កូនប្រុសភ្លោះទាំងពីរនាក់ខាងលើ ជាកូនរបស់ លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ក្រៅពីកើតក្នុងថ្ងៃខែឆ្នាំតែមួយ និងរៀនវិទ្យាល័យជាមួយគ្នា ពួកគេទាំងពីរ ក៏ទទួលបានពិន្ទុគ្រប់មុខវិជ្ជាដូចៗគ្នាផងដែរ។ ក្នុងនោះ ភាសាខ្មែរ C គណិតវិទ្យា A ជីវវិទ្យា A ប្រវត្តិ B គីមីវិទ្យា A រូបវិទ្យា A ភាសាបរទេស A និងនិទ្ទេសរួម A ។ ដ្បិតទទួលបាននិទ្ទេសAដូចគ្នាមែន ប៉ុន្តែ លំដាប់ពិន្ទុសរុប ពិត បញ្ញារស្មី ទទួលបាន ៩៩.៩៧២ ខណៈ ពិត បញ្ញាឫទ្ធិ ទទួលបានពិន្ទុសរុប ៩៩.៩៨៧៕
Tag:
កូនភ្លោះ
និទ្ទេសA
បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com