កីឡាជាតិ
ជាតិ
បាក់ឌុប៖ សូដាវីដ ជាប់និទ្ទេស D ឯ បារាំងធ្លាក់ តែមិនបាក់ទឹកចិត្តដោយប្រឹងតស៊ូបន្ថែមទៀត សូដាវីដ (ឆ្វេង) និងបារាំង ដែលជាកីឡាករឈុតស៊ីហ្គេមរបស់កម្ពុជា
× ខ្សែបម្រើភ្នំពេញក្រោន អ៊ិន សូដាវីដ ទទួលបាននិទ្ទេស D លើមុខវិជ្ជាវិទ្យាសាស្ត្រនាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលបានបិទផ្សាយលទ្ធផលកាលពីថ្ងៃទី១០ ខែកញ្ញា។ ទន្ទឹមនឹង អ៊ិន សូដាវីដ អបអរជាមួយជ័យលាភីរបស់ខ្លួន កីឡាករ សឿត បារាំង បានរងការខកចិត្តក្រោយទទួលបាននិទ្ទេស F (ធ្លាក់)ដែលជាលទ្ធផលខុសពីក្តីរំពឹងរបស់ខ្លួន។
បេក្ខជន អ៊ិន សូដាវីដ កីឡាករបាល់ទាត់របស់ក្លិបភ្នំពេញក្រោនធ្វើបានយ៉ាងល្អនាការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិដោយកីឡាកររូបនេះទទួលបាននិទ្ទេស D លើមុខវិជ្ជាវិទ្យាសាស្ត្រ ក្រោយទទួលបានលំដាប់ពិន្ទុសរុប៨៥,៨៨៥ពិន្ទុ។ នាការប្រឡងនៅមណ្ឌលវិទ្យាល័យជម្ពូវ័ន អ៊ិន សូដាវីដ ទទួលបាននិទ្ទេស C លើមុខវិជ្ជាខ្មែរ និងគីមីវិទ្យា ខណៈគណិតវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេសបាននិទ្ទេស D ឯជីវៈវិទ្យាបាន E និងរូបវិទ្យាបាន F។
«សម្រាប់ការប្រឡងបាក់ឌុបនៅឆ្នាំនេះ ខ្ញុំគិតថាខ្លួនឯងអាចធ្វើបាន ប៉ុន្តែអ្វីដែលបានប្រែខុសអស់ ខ្ញុំពិតជាស្តាយខ្លាំងណាស់»។ នេះការបង្ហាញអារម្មណ៍សោកស្តាយរបស់កីឡាករ សឿត បារាំង ក្រោយរូបគេបានធ្លាក់នាការប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិលើមុខវិជ្ជាវិទ្យាសាស្ត្រ។
ទោះបីទទួលបានលទ្ធផលមិនល្អសម្រាប់ការប្រឡងលើកដំបូងរបស់ខ្លួនក៏ដោយ តែកីឡាករ សឿត បារាំង បានបញ្ជាក់ថា រូបគេមិនបោះបង់ការតស៊ូ និងបាក់ទឹកចិត្តនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះកីឡាកររូបនេះ បានចាត់ទុកការបរាជ័យលើកនេះជាមេរៀនថ្មីសម្រាប់ជីវិតរបស់គេទៀតផង។ «បរាជ័យថ្ងៃនេះជាមេរៀនមួយដែលធ្វើឲ្យខ្ញុំបានដឹងថាអ្វីដែលហៅថាជីវិតនៃការតស៊ូ»។ នេះជាការបញ្ជាក់របស់កីឡាករ សឿត បារាំង។
គួរបញ្ជាក់ថា ខ្សែបម្រើ អ៊ិន សូដាវីដ និងខ្សែការពារ សឿត បារាំង នៃក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជាបានបោះបង់បេសកកម្មរបស់ខ្លួនប្រមាណជា៣ប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី២៩នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីកាលពីអំឡុងខែសីហា ដើម្បីមកចូលរួមប្រឡងសញ្ញាបត្រធម្យមសិក្សាទុតិយភូមិឆ្នាំនេះ៕
Tag:
បាល់ទាត់
បាក់ឌុប
អ៊ិន សូដាវីដ
សឿត បារាំង
© រក្សាសិទ្ធិដោយ thmeythmey.com