កីឡាជាតិ
ជាតិ
លី​ក​កំពូល​កម្ពុជា​៖ ស្វាយរៀង​បន្ត​ឈរ​កំពូល​តារាង ខណៈ​ណាហ្គា​វើ​ល​ដណ្តើម​ទីតាំង​ទ័ព​
11, Sep 2017 , 3:08 pm        
រូបភាព
ណាហ្គាវើលឈ្នះក្រសួងការពារជាតិ ៣-០ ។ រូបថត ហ្វេសប៊ុក NagaWorld FC
ណាហ្គាវើលឈ្នះក្រសួងការពារជាតិ ៣-០ ។ រូបថត ហ្វេសប៊ុក NagaWorld FC
ដោយ:
​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​បន្ត​ឈរ​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១៥​នៃ​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ក្រោយ​លត់​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៦-០ នៅលើ​ទឹកដី​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា​។ ក្រុម​ណាហ្គា​វើ​ល​បាន​ទម្លាក់​ក្រសួងការពារជាតិ​(​ទ័ព​)​ពី​លេខ​រៀង​ទី​២ តាមរយៈ​ការ​ឈ​ក​ឈ្នះ ៣-០ នៅលើ​ទឹកដី​ទ័ព​។



​ក្រុម​ជើង​ខ្លាំង​ព្រះខ័ន​រាជ​ស្វាយរៀង​នៅតែ​បង្ហាញ​ភាពខ្លាំង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៧ ដោយ​បន្ត​ឈរ​កំពូល​តារាង​ក្នុង​សប្តាហ៍​ទី​១៥​មាន​៣៤​ពិន្ទុ​។ ការបន្ត​ឈរ​កំពូល​តារាង​នេះ បន្ទាប់ពី​ក្រុម​នេះ​បាន​លត់​ក្រុម​អគ្គិសនី​កម្ពុជា ៦-០ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែកញ្ញា​។ ក្នុងចំណោម​១៥​ប្រកួត​តាំងពី​បើក​រដូវ​កាល​មកដល់​បច្ចុប្បន្ន ក្រុម​ដែល​ដឹកនាំ​ដោយ​លោក សំ វ៉ាន់​ដេ​ត មួយ​នេះ​ទទួលបាន​ជ័យជម្នះ​១០ ស្មើ​៤ និង​ចាញ់​១​ដង​។​

​សម្រាប់​ការប្រកួត​នៅ​កីឡដ្ឋាន​វេ​ស្ទើ​ន​ភ្នំពេញ បឹងកេត​បាន​លត់​វេ​ស្ទើ​ន​ភ្នំពេញ​ក្នុង​លទ្ធផល ៤-០ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​លើ​២៤​ពិន្ទុ​របស់ខ្លួន​ក្នុង​សប្តាហ៍​ទី​១៤ សម្រាប់​ពង្រឹង​ទីតាំង​លេខ​៥​ក្នុង​សប្តាហ៍​ទី​១៥​ជាមួយ​ពិន្ទុសរុប​២៧​ពិន្ទុ​។ ក្នុងចំណោម​១៥​ប្រកួត​កន្លងមក បឹងកេត​ទទួលបាន​ជ័យជម្នះ​៨ ស្មើ​៣ និង​ចាញ់​៤​។ ចំណែក​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ប្រើ​កីឡដ្ឋាន​ស្តា​ត​ចាស់​យកឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​ក្នុង​លទ្ធផល ៤-១ ដើម្បី​ពង្រឹង​ទីតាំង​លេខ​៧​ជាមួយ​២០​ពិន្ទុ​។

​ដោយឡែក កាលពី​ថ្ងៃទី​៩ ខែកញ្ញា ក្រុម​ណាហ្គា​វើ​ល​បាន​លត់​ក្រុម​ទ័ព​ក្នុង​លទ្ធផល ៣-០ នា​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដើម្បី​ឡើងឈរ​លេខ​រៀង​ទី​២​បណ្តោះអាសន្ន​ក្នុង​សប្តាហ៍​ទី​១៥​ជាមួយ​២៩​ពិន្ទុ​។ ជ័យជម្នះ​លើកដំបូង​របស់​ណាហ្គា​វើ​ល​នេះ បានធ្វើ​ឲ្យ​ក្រុម​ទ័​ប ដែល​ឈរ​លេខ​រៀង​ទី​២​ក្នុង​សប្តាហ៍​ទី​១៤​ធ្លាក់​មកឈរ​លេខ​រៀង​ទី​៤​ក្នុង​សប្តាហ៍​ទី​១៥​ដោយ​រក្សា​២៧​ពិន្ទុ​។

​ជាមួយគ្នានេះ ក្រុម​ជើង​ខ្លាំង​ភ្នំពេញ​ក្រោ​ន​បាន​រក្សា​លទ្ធផល​ស្មើ ១-១ ជាមួយ​ម្ចាស់ផ្ទះ​គីរីវង់​សុខ​សែន​ជ័យ​។ តែ​យ៉ាងណា​លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ភ្នំពេញ​ក្រោ​នប​ន្ត​ឈរ​លេខ​រៀង​ទី​៣​ដោយមាន​២៨​ពិន្ទុ​ជាមួយ​ជ័យជម្នះ​៨ ស្មើ​៤ និង​ចាញ់​៣​។ ចំណែក​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បាន​លត់​ក្រុម​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៤-០ ដើម្បី​បន្ត​ឈរ​លេខ​រៀង​ទី​៦​ដោយមាន​២៥​ពិន្ទុ​៕   


Tag:
 បាល់ទាត់​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com