ជាតិ
CNRP ចាត់ទុក​ការសម្រេច​របស់​រដ្ឋសភា លើ​ករណី​ឯកឧត្តម កឹម សុខា ជា​ទង្វើ​ខុសច្បាប់​
11, Sep 2017 , 4:15 pm        
រូបភាព
រូបពីហ្វេសប៊ុក លោក កឹម សុខា
រូបពីហ្វេសប៊ុក លោក កឹម សុខា
​ភ្នំពេញ​៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​មិន​គាំទ្រ​ចំពោះ​ការសម្រេច​របស់​រដ្ឋសភា ដែល​បើកផ្លូវ​ឲ្យ​តុលា​ការបន្ត​នីតិវិធី លើ​ករណី​ឯកឧត្តម កឹម សុខា ឡើយ​។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ការសម្រេច​របស់​រដ្ឋសភា​នេះ ជា​ទង្វើ​ខុសច្បាប់​។​



​សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ ចុះ​ថ្ងៃទី​១០ កញ្ញា បាន​បញ្ជាក់ថា​៖«​ការប្រជុំ​វិសាមញ្ញ​រដ្ឋសភា នៅ​ថ្ងៃទី​១១ កញ្ញា ឆ្នាំ​២០១៧ ដើម្បី​ផ្ដល់​សិទ្ធិ​ឲ្យ​អាជ្ញាធរ​បន្ត​ការចោទប្រកាន់ ឃាត់ខ្លួន និង​ឃុំខ្លួន​ឯកឧត្តម កឹម សុខា ជា​ទង្វើរ​ខុសច្បាប់ ព្រោះ​ទោះបីជា​រដ្ឋសភា​ប្រើប្រាស់​គោលការណ៍​នៃ​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ដើម្បី​លើក​អភ័យឯកសិទ្ធិ​រដ្ឋសភា ឫ​ការបញ្ចេញមតិ​ឲ្យ​ផ្អាក តាម​មតិ​ភាគច្រើន​បី​ភាគ​បួន ក៏​រដ្ឋសភា​ពុំមាន​កូរ៉ុម​គ្រប់គ្រាន់​ក្នុងការ​ប្រជុំ​សម្រេច​បានដែរ​»​។​

​ជាមួយគ្នានេះ​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ថ្កោលទោស​ដាច់អហង្ការ ចំពោះ​ការប្រើប្រាស់​កម្លាំងប្រដាប់អាវុធ ចូលទៅ​ចាប់វាយ​ខ្នោះ​ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស ទាំងយប់​អា​ធ្រា​ត​។ គណបក្ស​សង្គ្រោះ​ជាតិ ចាត់ទុក​ទង្វើរ​បែបនេះ ជាការ​រំលោភ​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ ត្រង់​មាត្រា​៨០ នៃ​រដ្ឋធម្មនុញ្ញ ។ គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​ដោះលែង​ឯកឧត្តម កឹម សុខា ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ កញ្ញា​នេះ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៧​រូប បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​តុលា​ការចាត់​នីតិវិធី​លើ ឯ​.​ឧ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ វា​មិនមែនជា​រឿង​ត្រូវ​ព្យួរ​អភ័យឯកសិទ្ធិ ឬ​មិន​ព្យួរ​នោះទេ​។ អ្នកនាំពាក្យ​ក្រុមតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ធ្លាប់បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ករណី​ឯ​.​ឧ កឹម សុខា ជា​បទល្មើស​ជាក់ស្តែង ដែល​គេ​មិនបាច់​និយាយ​ដល់​រឿង​ព្យូ​រ​អភ័យឯកសិទ្ធិសភា​នោះឡើយ​។​

​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា ត្រូវបាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​បទ​ចោទ ស​ន្ទិ​ដ្ឋិ​និយម​ជាមួយ​បរទេស​តាម​មាត្រា ៤៤៣ នៃ​ក្រម​ព្រម​ទណ្ឌ​។ បទ​ចោទ​នេះ ត្រូវ​ជាប់ទោស​ពី ១៥ ឆ្នាំ ទៅ ៣០ ឆ្នាំ​៕


Tag:
 កឹម សុខា​
  CNRP
© រក្សាសិទ្ធិដោយ thmeythmey.com