រថយន្ត
អន្តរជាតិ
ជប៉ុន​៖ គ្រាន់តែ​អង្គុយ​ក្នុង​រថយន្ត​ក៏​អាច​ចូលរួម​ពិធី​បុណ្យសព​បានដែរ​
11, Sep 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​មួយ​របស់​ជប៉ុន​ដែល​ស្ថិតនៅ​ក្រុង Ueda ភាគ​កណ្តាល​តំបន់ Nagano នឹងដាក់​ដំណើរការ​សេវាកម្ម​រៀបចំ​ពិធី​បុណ្យសព​បែប​ថ្មី​នា​ខែធ្នូ ឆ្នាំ​២០១៧ ខាងមុខនេះ​។ បើតាម​ការផ្សាយ​របស់ The Japan Times ដោយ​គ្រាន់តែ​អង្គុយ​ក្នុង​រថយន្ត​ប៉ុណ្ណោះ ពលរដ្ឋ​ជប៉ុន​ក៏​ជូន​ដំណើរ​ចុងក្រោយ​សម្រាប់​អ្នកស្លាប់​ផងដែរ​។​



​ដូចជា​អាហារ Fast-Food ដែល​អតិថិជន​អាច​កុម្ម៉ង់​ពី​ទ្វារ​រថយន្ត​ផងដែរ អ្នកចូលរួម​បុណ្យសព​នា​សម័យ​ទំនើប​នេះ ក៏​អាច​ឧទ្ទិស និង​ជូន​ដំណើរ​ចុងក្រោយ​សម្រាប់​ស្លាប់ ដោយ​គ្រាន់តែ​អង្គុយ​លើ​រថយន្ត​។​សេវាកម្ម Drive-Thru Funeral  នឹងដាក់​ដំណើរ​នៅ​ក្រុង Ueda ប្រទេស​ជប៉ុន​នា​ខែធ្នូ​ខាងមុខ ដោយ​គ្រាន់តែ​បើកទ្វារ​រថយន្ត ហើយ​សរសេរ​ឈ្មោះ​របស់ខ្លួន​នៅ​ម៉ាស៊ីន Touch Screen រួច​យក​ថវិកា​ចូល​បុណ្យ​តាម​ភ្នាក់ងារ​សេវាកម្ម​នៃ​ក្រុមហ៊ុន Kankon Sousai Aichi Group​។​

​ជាមួយគ្នានេះ​ផងដែរ លោក Masao Ogiwara ប្រធាន​ក្រុមហ៊ុន Kankon Sousai Aichi Group បានបញ្ជាក់​ប្រាប់​កាសែត The Japan Times អ្នកចូលរួម​ក៏​អាច​ឧទ្ទិស​គោរព​វិញ្ញាណក្ខន្ធ តាមរយៈ​ការអុជ​ធូប ឬ​បាញ់​គ្រឿងក្រអូប ដោយ​ប្រើ​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​។​

​ប្រធាន​ក្រុមហ៊ុន​រូបនេះ បាន​អះអាងថា សេវា​កម្មនេះ នឹង​ជួយ​សម្រួល​ច្រើន​សម្រាប់​អ្នក​ដែល​រវល់​នឹង​ការងារ​ខ្លាំង ហើយ​ជាពិសេស​ជាងនេះទៅទៀត​នោះ វា​ផ្តល់​ភាពងាយស្រួល​សម្រាប់​មនុ​ស្ស​ចាស់ជរា រួមទាំង​អ្នក​ដែលមាន​បញ្ហា​ផ្នែក​ចលនា​ផងដែរ​។​

​នៅ​ជប៉ុន សេវាកម្ម​រៀបចំ​ពិធី​បុណ្យសព មាន​ច្រើន​សំបូរបែប ប៉ុន្តែ​ពលរដ្ឋ​នៅក្នុង​ប្រទេស​មានការ​រ​វល់​យ៉ាងខ្លាំង ដោយ​អ្នកខ្លះ​មិនមាន​ពេលវេលា​គ្រប់គ្រាន់​ទៅ​ចូលរួម​រំលែក​ទុក្ខ​ចុងក្រោយ​ដល់​មិត្តភក្តិ និង​សាច់ញាតិ​របស់ខ្លួន​ឡើយ​។​

​យោងតាម​វិទ្យាស្ថាន​ជាតិ​ស្រាវជ្រាវ​ប្រជាពលរដ្ឋ និង​សន្តិសុខ​សង្គម​របស់​ជប៉ុន ចំនួន​មរណភាព​ប្រចាំឆ្នាំ​នៃ​ប្រជាពលរដ្ឋ​ក្នុងប្រទេស​នេះ នឹង​កើន​ដល់​១.៤៣​លាន​នាក់​ក្នុង​ឆ្នាំ​២០២០ ហើយ​ឡើងដល់ ១.៥៣​លាន​នាក់​នៅ​ឆ្នាំ​២០២៥ ។​

​សេវាកម្ម​ថ្មី​នេះ ទំនងជា​ទទួលបាន​នូវ​ការចាប់អារម្មណ៍​ច្រើន ពីព្រោះ​គ្រួសារ​សព​អាច​រៀបចំ​ពិធី​បាន​ពេញ​មួយថ្ងៃ ឬ​ច្រើន​ថ្ងៃ ហើយ​អនុញ្ញាត​ឲ្យ​មនុស្ស​ជាច្រើន​មានឱកាស​ចូលរួម ដោយ​មិន​ខាត​ពេលវេលា​ធ្វើការ​៕


Tag:
 ពិធីបុណ្យ​
  ជប៉ុន​
© រក្សាសិទ្ធិដោយ thmeythmey.com