ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
យានយន្តដែលឮសំឡេងម៉ាស៊ីនខ្លាំង ឬមានផ្សែងខ្លាំង នឹងរងការពិន័យពី២ម៉ឺនរៀល ដល់៧ម៉ឺន៥ពាន់
× នគរបាលចរាចរណ៍ នឹងចាប់ឃាត់ទុក យានយន្តណាដែលបានកែច្នៃសំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងខ្លាំងខុសពីលក្ខណៈបច្ចេកទេស ល្មើសនឹងបទបទប្បញ្ញត្តិ នៃច្បាប់ពីស្ដីចរាចរណ៍ផ្លូវគោក។ ការពិន័យនេះ នឹងអនុវត្តតាមមាត្រា៦៦នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រា៧ នៃអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក ដែលត្រូវពិន័យជាប្រាក់ចំនួន២ម៉ឺន ចំពោះទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត ពិន័យប្រាក់ចំនួន៤ម៉ឺនរៀល ចំពោះយានយន្តធុនស្រាល និងចំនួន៧ម៉ឺន ៥ពាន់រៀល ចំពោះយានយន្តធុនធ្ងន់។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយនៅថ្ងៃទី៦ ខែកញ្ញា ដោយបញ្ជាក់ពីការអនុវត្តការពិន័យ ចំពោះយានយន្តទាំងឡាយ ដែលកែច្នៃសំឡេងម៉ាស៊ីនឮខ្លាំង ឬមានផ្សែងខ្លាំង។ ការពិន័យនេះ ត្រូវអនុវត្តតាមមាត្រា៦៦នៃច្បាប់ចរាចរណ៍ផ្លូវគោក និងមាត្រា៧នៃអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
ការពិន័យនេះ ត្រូវអនុវត្តដោយសារនគរបាលរាជធានីភ្នំពេញសង្កេតឃើញថាមានប្រជាពលរដ្ឋមួយចំនួន ភាគច្រើនជាយុវជន បានកែច្នៃយានយន្តធុនស្រាល ទោចក្រយានយន្ត និងម៉ូតូកង់បីដឹកជញ្ជូនទំនិញ ឲ្យឮសំឡេងម៉ាស៊ីនខ្លាំង ឬផ្សែងខ្លាំង ខុសពីលក្ខណៈបច្ចេកទេស។ សំឡេងម៉ាស៊ីន ឬផ្សែងខ្លាំងចេញពីយានយន្តទាំងនោះ បានធ្វើឲ្យរំខានដល់អ្នកប្រើប្រាស់ផ្លូវជាមួយគ្នា អ្នកដែលរស់នៅជាប់ដងផ្លូវ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ ប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសុខភាពប្រជាពលរដ្ឋផងដែរ។
មាត្រា៦៦ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចែងថា មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកត្រូវឃាត់យានជំនិះមិនឲ្យធ្វើចរាចរណ៍ ឬឃាត់យានជំនិះ រយៈពេលមិនលើសពី៣ថ្ងៃ ដើម្បីពិន័យ និងកែតម្រូវលក្ខណៈបច្ចេកទេសទៅតាមករណីអ្នកបើកបរប្រព្រឹត្តល្មើសបទប្បញ្ញត្តិចរាចរណ៍។
ម្ចាស់យានយន្តក៏រងពិន័យតាមមាត្រា៧ នៃអនុក្រឹតស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ ដែលនឹងត្រូវបង់ប្រាក់ពិន័យ២ម៉ឺន ចំពោះទោចក្រយានយន្ត ឬទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ឬត្រីចក្រយានយន្ត និងពិន័យប្រាក់ចំនួន៤ម៉ឺនរៀល ចំពោះយានយន្តធុនស្រាល និងចំនួន៧ម៉ឺន ៥ពាន់រៀល ចំពោះយានយន្តធុនធ្ងន់៕
Tag:
ពិន័យ
យានយន្តកែច្នៃ
ស្នងការក្រុងភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com