ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
យានយន្ត​ដែល​ឮ​សំឡេង​ម៉ាស៊ីន​ខ្លាំង ឬ​មាន​ផ្សែង​ខ្លាំង នឹងរង​ការពិន័យ​ពី​២​ម៉ឺន​រៀល ដល់​៧​ម៉ឺន​៥​ពាន់
11, Sep 2017 , 8:39 pm        
រូបភាព
ដោយ:
​​នគរបាល​ចរាចរណ៍ នឹង​ចាប់​ឃាត់ទុក យានយន្ត​ណា​ដែល​បាន​កែច្នៃ​សំឡេង​ម៉ាស៊ីន​ខ្លាំង ឬ​ផ្សែង​ខ្លាំង​ខុសពី​លក្ខណៈ​បច្ចេកទេស ល្មើស​នឹង​បទ​បទ​ប្បញ្ញត្តិ នៃ​ច្បាប់​ពី​ស្ដី​ចរាចរណ៍​ផ្លូវគោក​។ ការពិន័យ​នេះ នឹង​អនុវត្តតាម​មាត្រា​៦៦​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៧ នៃ​អនុ​ក្រឹ​ត​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​ត្រូវ​ពិន័យ​ជា​ប្រាក់​ចំនួន​២​ម៉ឺន ចំពោះ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត ពិន័យ​ប្រាក់​ចំនួន​៤​ម៉ឺន​រៀល ចំពោះ​យានយន្ត​ធុន​ស្រាល និង​ចំនួន​៧​ម៉ឺន ៥​ពាន់​រៀល ចំពោះ​យានយន្ត​ធុន​ធ្ងន់​។



​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីជូនដំណឹង​មួយ​នៅ​ថ្ងៃទី​៦ ខែកញ្ញា ដោយ​បញ្ជាក់​ពី​ការអនុវត្ត​ការពិន័យ ចំពោះ​យានយន្ត​ទាំងឡាយ ដែល​កែច្នៃ​សំឡេង​ម៉ាស៊ីន​ឮ​ខ្លាំង ឬ​មាន​ផ្សែង​ខ្លាំង​។ ការពិន័យ​នេះ ត្រូវ​អនុវត្តតាម​មាត្រា​៦៦​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​មាត្រា​៧​នៃ​អនុ​ក្រឹ​ត​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​។

​ការពិន័យ​នេះ ត្រូវអនុវត្ត​ដោយសារ​នគរបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញថា​មាន​ប្រជាពលរដ្ឋ​មួយចំនួន ភាគច្រើន​ជា​យុវជន បាន​កែច្នៃ​យានយន្ត​ធុន​ស្រាល ទោចក្រយានយន្ត និង​ម៉ូតូ​កង់​បី​ដឹកជញ្ជូន​ទំនិញ ឲ្យ​ឮ​សំឡេង​ម៉ាស៊ីន​ខ្លាំង ឬ​ផ្សែង​ខ្លាំង ខុសពី​លក្ខណៈ​បច្ចេកទេស​។ សំឡេង​ម៉ាស៊ីន ឬ​ផ្សែង​ខ្លាំង​ចេញពី​យានយន្ត​ទាំងនោះ បានធ្វើ​ឲ្យ​រំខាន​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ជាមួយគ្នា អ្នក​ដែល​រស់​នៅជាប់​ដងផ្លូវ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ ប៉ះពាល់​ដល់​បរិស្ថាន ក៏ដូចជា​សុខភាព​ប្រជាពលរដ្ឋ​ផងដែរ​។​

​មាត្រា​៦៦ នៃ​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ចែងថា មន្ត្រីនគរបាល​ចរាច​រណ៍​ផ្លូវគោក​ត្រូវ​ឃាត់​យានជំនិះ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ ឬ​ឃាត់​យានជំនិះ រយៈពេល​មិន​លើសពី​៣​ថ្ងៃ ដើម្បី​ពិន័យ និង​កែតម្រូវ​លក្ខណៈ​បច្ចេកទេស​ទៅតាម​ករណី​អ្នកបើកបរ​ប្រព្រឹត្តល្មើស​បទ​ប្បញ្ញត្តិ​ចរាចរណ៍​។

​ម្ចាស់​យានយន្ត​ក៏​រង​ពិន័យ​តាម​មាត្រា​៧ នៃ​អនុ​ក្រឹ​ត​ស្តីពី​ការពិន័យ​អន្តរការណ៍ ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​ផ្លូវគោក​ផងដែរ ដែល​នឹងត្រូវ​បង់ប្រាក់​ពិន័យ​២​ម៉ឺន ចំពោះ​ទោចក្រយានយន្ត ឬ​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក ឬ​ត្រីចក្រយានយន្ត និង​ពិន័យ​ប្រាក់​ចំនួន​៤​ម៉ឺន​រៀល ចំពោះ​យានយន្ត​ធុន​ស្រាល និង​ចំនួន​៧​ម៉ឺន ៥​ពាន់​រៀល ចំពោះ​យានយន្ត​ធុន​ធ្ងន់​៕


Tag:
 ពិន័យ​
  ​យានយន្ត​កែច្នៃ​
 ​ ស្នងការ​ក្រុងភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com