រថយន្ត
ចិន​គ្រោង​ចេញ​ច្បាប់​ហាមឃាត់​ការផលិត​និង​លក់​រថយន្ត​ប្រើ​ប្រេង និង​ម៉ា​ស៊ូ​ត​
11, Sep 2017 , 8:59 pm        
រូបភាព
ដោយ:
​ចិន​មាន​គម្រោង​បង្កើត​ច្បាប់​ហាមឃាត់​ការលក់​និង​ផលិត​រថយន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូ​ត (​ឬ​ហៅថា ឥន្ទ​នៈ​ផូស៊ីល​) ទោះជា​ដឹងថា​ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​ខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​រប​ស់​ខ្លួន​។ ប៉ុន្តែ ចិន​មិនទាន់​សម្រេច​ដាក់​ច្បាប់​ហាមឃាត់​នេះ​ចូល​ជា​ធរមាន​នៅឡើយ​ទេ​។​



​អនុរដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ចិន លោក Xin Guobin បាន​និយាយថា ចិន​មាន​គម្រោង​ហាមឃាត់​ការលក់ និង​ផលិត​រថយន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូ​ត ហើយ​បែរមក​ផលិត​រថយន្ត​ប្រើ​អាគុយ​វិញ​។ លោក​បាន​បន្តទៀតថា ច្បាប់​នេះ​នឹងធ្វើ​ឲ្យ​មានការ​ប្រែប្រួល​យ៉ាងខ្លាំង​ក្នុង​វិស័យ​ឧស្សាហកម្ម​រថយន្ត​ចិន ហើយ​បច្ចុប្បន្ន​គេ​មិនទាន់​សម្រេច​ឲ្យ​ច្បាប់​នេះ​ចូល​ជា​ធរមាន​នៅឡើយ​ទេ​។​

​ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​ស្រង់​សម្ដី​ម្ចាស់​ក្រុមហ៊ុន​ផលិត​រថយន្ត Volvo លោក Geely កាលពី​ខែមិថុនា​ដូច្នេះ​ថា​៖«​ចាប់ពី​ឆ្នាំ​២០១៩​ទៅ រថយន្ត​ទាំងអស់​នឹងត្រូវ​ផលិត​ជា​រថយន្ត​ប្រើប្រាស់​អាគុយ​ទាំងអស់​»​។​លោក Geely ក៏​គ្រោង​នឹង​លក់​រថយន្ត​ប្រភេទ​នេះ​ឲ្យ​បាន​១​លាន​គ្រឿង​នៅ​ឆ្នាំ​២០២៥​ដែរ​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​ផ្សេងៗ​ទៀត​ដូចជា​Renault, Nissan, Ford និង General Motors ដែល​រកស៊ី​នៅ​ចិន​ក៏​កំពុង​ផលិត​រថយន្ត​អាគុយ​ដែរ​។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំងនេះ​ក៏​កំពុង​ប្រកួតប្រជែង​គ្នា​ក្នុង​ទីផ្សារ​រថយន្ត​ចិន មុនពេល​ច្បាប់​ហាមឃាត់​ការលក់ និង​ផលិត​រថយន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូ​ត​ចូល​ជា​ធរមាន​។​

​លើសពីនេះ​ទៀត នៅ​ឆ្នាំ​២០២៥ ចិន​ចង់​ឲ្យ​រថយន្ត​ប្រើ​អាគុយ​មាន​យ៉ាងតិចណាស់​មួយ​ភាគ​ប្រាំ​នៃ​ពាណិជ្ជកម្ម​រថយន្ត​រប​ស់​ខ្លួន​ដែរ​។ ដើម្បី​អនុវត្តតាម​គម្រោង​នេះ ក្រុមហ៊ុន​ទាំងអស់​ត្រូវ​លក់​រថយន្ត​ប្រើប្រាស់​អាគុយ​អគ្គិសនី និង​រថយន្ត​ដែល​អាច​សាក​ចរន្តអគ្គិសនី​ឲ្យ​បាន​៨​ភាគរយ​នៃ​ចំនួន​រថយន្ត​សរុប​នៅត្រឹម​ឆ្នាំក្រោយ និង​ឲ្យ​បាន​១២​ភាគរយ​នៅ​ឆ្នាំ​២០២០​។​

​នៅ​ឆ្នាំ​២០១៦ ចិន​ផលិត​បាន​រថយន្ត​ចំនួន​២៨​លាន​គ្រឿង​។ ការចេញ​ច្បាប់​ហាមឃាត់​ផលិត​និង​លក់​រថយន្ត​ប្រើ​សាំង​និង​ម៉ា​ស៊ូ​ត​នឹងធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្រ​បូល​ក្នុង​វិស័យ​ឧស្សាហកម្ម​។​ម្យ៉ាងទៀត វា​នឹងមាន​ផលប៉ះពាល់​បន្តបន្ទាប់​ដ​ល់​តម្រូវការ​ប្រេង ព្រោះ​ចិន​ជា​ប្រទេស​ដែល​ប្រើប្រាស់​ប្រេង​ច្រើនជាងគេ​លំដាប់​ទី​២​លើ​លោក​។​

​ក្រៅពី​ចិន អង់គ្លេស និង​បារាំង ក៏មាន​គម្រោង​ផ្អាក​ការផលិត​រថយន្ត​ប្រើប្រាស់​ថា​ម​ឥន្ធនៈ​ដែរ​នៅត្រឹម​ឆ្នាំ​២០៤០ និង​ជំនួស​វិញ​ដោយ​រថយន្ត​ប្រើប្រាស់​អគ្គិសនី ឬក៏​រថយន្ត​ម៉ាស៊ីន​ចម្រុះ ដែល​ផ្ដល់​ផល​ល្អ​ដល់​បរិស្ថាន​។ ផែនការ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការប្ដេជ្ញាចិត្ត​របស់​ប្រទេស​លើ​ពិភពលោក​ក្នុងការ​ជួយសង្គ្រោះ​បរិស្ថាន និង​ដើម្បី​អនុវត្តតាម​កិច្ចព្រមព្រៀង​ក្រុងប៉ារីស​ស្ដីពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៥ ៕


Tag:
 ចិន​
  Xin Guobin
© រក្សាសិទ្ធិដោយ thmeythmey.com