កីឡាអន្តរជាតិ
អន្តរជាតិ
ជំនួប Floyd-McGregor លក់​សំបុត្រ​បាន​តិចជាង​ជំនួប Floyd-Pacquiao
11, Sep 2017 , 9:39 pm        
រូបភាព
​ការប្រកួត​រវាង Floyd Mayweather និង Conor McGregor ដែល​ធ្វើ​នៅ​សង្វៀន T-Mobile Arena លក់​សំបុត្រ​បានតែ ១៣,០៩៤ សន្លឹក​ប៉ុណ្ណោះ ខណៈ​កៅអី​សរុប​មាន ២០,៥០០ កន្លែង​។ ចំនួន​នេះ​មិនអាច​បំបែក​កំណត់ត្រា​នា​ជំនួប Floyd-Many Pacquiao ដែល​លក់​សំបុត្រ​បាន ១៦,២១៩ កៅអី​នោះទេ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Rappler​។



​តួលេខ​ដែល​បានចេញ​ផ្សាយ​ដោយ​គណៈកម្មាធិការ​អត្ត​ព​លិ​ក​នៃ​រដ្ឋ Nevada សហរដ្ឋអាមេរិក បានបង្ហាញ​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ថា​រង្វង់​សាច់ប្រាក់​ដែល​ទទួលបាន​ពី​ការប្រកួត​រវាង Floyd និង McGregor បាន​បរាជ័យ​ក្នុងការ​បំបែក​កំណត់ត្រា​សម្រាប់​ការរក​ចំណូល​ពី​ការលក់​សំបុត្រ លើស​ង្វៀន​ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​ជំនួប​រវាង​កំពូល​អ្នក​ប្រដាល់​អាមេរិក​ជាមួយ​កីឡាករ MMA របស់​សាធារណរដ្ឋ​អៀរ​ឡង់ កាលពី​ថ្ងៃទី​២៦ ខែសីហា រកប្រាក់​ចំណូល​បាន ៥៥,៤១៤.៨៦៥ ដុល្លារ ពី​ការលក់​សំបុត្រ ១៣,០៩៤ សន្លឹក តិចជាង​ការប្រកួត​រវាង Floyd-Pacquiao ដែល​ទទួលបាន​ប្រាក់ ៧២,១៩៨.៥០០​ដុល្លារ ដោយ​លក់​សំបុត្រ​បាន ១៦,២១៩ កាលពី​ឆ្នាំ ២០១៥ នៅ​សង្វៀន MGM Grand Arena ក្នុង​ទីក្រុង​ឡាស​វេ​ហ្គាស​។​

​បើទោះបីជា​មិនអាច​បំបែក​កំណត់ត្រា​ការប្រកួត​របស់ Mayweather និង Pacquiao បាន​ក៏ដោយ ប៉ុន្តែ​ជំនួប​រវាង Floyd-McGregor នេះ​ក៏​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២ ផងដែរ​សម្រាប់​ការប្រកួត​ដែល​រកប្រាក់​ចំណូល​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៅ Las Vegas និង​រកប្រាក់​បាន​លើស​ការប្រកួត​រវាង Floyd-Canelo Alvarez កាលពី​ឆ្នាំ ២០១៣ ចំនួន ២០​លាន​ដុល្លារ​ដែរ​។​

​សូមបញ្ជាក់ថា​តម្លៃ​សំបុត្រ​សម្រាប់​ជំនួប Mayweather-McGregor គឺមាន​តម្លៃ​ថ្ងៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ប្រដាល់​លំដាប់​ពិភពលោក ដែល​សំបុត្រ​ថោក​បំផុត​ថ្លៃ ៥០០​ដុល្លារ និង​ថ្ងៃ​បំផុត​រហូតដល់ ១​ម៉ឺន​ដុល្លារ​ឯណោះ​៕


Tag:
 ​ប្រដាល់​
  Floyd Mayweather
  Conor McGregor
  Many Pacquiao
© រក្សាសិទ្ធិដោយ thmeythmey.com