ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ប្រកាសទប់ស្កាត់ការរាតត្បាតជំងឺម្យ៉ាងដ៏កាចសាហាវលើដំណាំដំឡូងមី
× ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺម៉ូសាអ៊ិក (Cassava Mosaic Disease-CMD) ដ៏កាចសាហាវ នៅលើដំណាំដំឡូងមី។ នេះបើតាមសេចក្ដីជូនដំណឹង ដែលក្រសួងផ្សព្វផ្សាយលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៨ខែកញ្ញា។
សេចក្ដីជូនដំណឹងនេះបានឲ្យដឹងថា ជំងឺម៉ូសាអ៊ិក ជាប្រភេទជំងឺដ៏កាចសាហាវមួយរាតត្បាតលើដំណាំដំឡូងមី ដែលបង្កឡើងដោយវីរុសជីមីនី (Gimini virus) ។ សេចក្ដីជូនដំណឹងនេះបានយោងលើរបាយការណ៍របស់អ្នកជំនាញអន្តរជាតិនានា ដែលបង្ហាញថាទិន្នផលដំឡូងមីនៅបណ្ដាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ឥណ្ឌា និងប្រទេសស្រីលង្កា ដែលរងការរាតត្បាតពីជំងឺនេះ បានធ្លាក់ចុះរហូតដល់ ៨០ភាគរយ។
រោគសញ្ញានៃជំងឺនេះ គឺដំឡូងមីមានស្លឹករួញ មានចំណុចតូចៗជាច្រើនពណ៌លឿង ឬព្រលែតនៅលើផ្ទៃស្លឹក និងដើមក្រិនលូតលាស់ខ្សោយជាងធម្មតា។ ជំងឺនេះឆ្លងដោយការប្រើប្រាស់ពូជដែលមានជំងឺស្រាប់ ហើយត្រូវចម្លងទៅចម្ការដំណាំដំឡូងមីដទៃទៀតតាមរយៈរុយពណ៌ស ដោយការជញ្ជក់របស់វា។ នេះបើតាមសេចក្ដីជូនដំណឹងខាងលើ។
លិខិតដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងកសិកម្មនេះ បានបញ្ជាក់ថា ការរាតត្បាតនៃជំងឺថ្មីនេះ បើមិនត្រូវបានគ្រប់គ្រងឲ្យមានប្រសិទ្ធភាពនោះទេ ពិតជានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះផលិតកម្មដំណាំដំឡូងមី និងការនាំចេញផលិតផលដំឡូងមីទៅកាន់ទីផ្សារក្រៅប្រទេស ក្នុងពេលខាងមុខជាក់ជាមិនខាន។ ហើយបច្ចុប្បន្ននេះពុំទាន់មានថ្នាំកសិកម្មដែលមានប្រសិទ្ធភាពអាចកម្ចាត់ជំងឺនេះបាននៅឡើយ។
ក្រសួងបានដាក់ចេញវិធានការមួយចំនួន ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ក្រសួងកសិកម្មបានបញ្ជាមន្ត្រីរបស់ខ្លួនឲ្យតាមដាន និងអនុវត្តវិធានការភូតគាមអនាម័យដើម្បីកម្ចាត់ និងទប់ស្កាត់ការឆ្លងជំងឺនេះទៅបណ្ដាខេត្តផ្សេងៗ។ ក្រសួងមិនអនុញ្ញាតឲ្យចល័តពូជដំឡូងមីចេញពីតំបន់ដែលឆ្លងជំងឺ។ ហើយចម្ការដែលសង្ស័យថារងជំងឺនេះ ត្រូវផ្អាកដំណាំដំឡូងមីមួយរដូវនៅរដូវក្រោយ ដោយអាចដាំដំណាំផ្សេងជំនួសវិញ។ លើសពីនេះទៀត រាល់ការនាំចូលពូជដំឡូងមី ក៏ដូចជាពូជដំណាំផ្សេងៗទៀត ត្រូវសុំការអនុញ្ញាតជាមុនពីអគ្គនាយដ្ឋានកសិកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com