ជាតិ
នយោបាយជាតិ
ចិន៖ សម្រាប់គម្រោងអាទិភាព បើកម្ពុជាត្រូវការឲ្យចិនជួយ សូមប្រាប់! សម្តេច ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កាវលី នាជំនួបទ្វេភាគី។ រូបថត ហ្វេសប៊ុក សម្តេច ហ៊ុន សែន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសចិន ដើម្បីចូលរួមពិធីតាំងពិព័រណ៌អន្តរជាតិណាននីងលើកទី១៤។ នារសៀលថ្ងៃចន្ទនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក ចាង កាវលី (Zhang Gaoli) នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៌អន្តរជាតិណាននីង (NICEC)។ ភាគីចិន បានតាំងចិត្តបន្តជួយកម្ពុជាក្នុងនាមជាមិត្ត និងបងប្អូនល្អ។
«សម្តេច ហ៊ុន សែន គឺជាមិត្តដ៏ល្អរបស់ចិន ហើយកម្ពុជា និងចិន គឺជាបងប្អូននឹងគ្នា»។ នេះជាការលើកឡើងរបសលោក ចាង កាវលី ឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបទ្វេភាគីជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញទៅចូលរួមពិព័រណ៌អន្តរជាតិណាននីងលើកទី១៤។
តាមការផ្សាយពីទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន លោក ចាង កាវលី រីករាយចំពោះកិច្ចសហប្រតិបត្តិកន្លងមករបស់ប្រទេសទាំងពីរ ហើយលោកសុំឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងមន្ត្រីឲ្យបានច្រើន។
ក្រៅពីការលើកឡើងពីកិច្ចសហប្រតិបត្តិការជាវិជ្ជមាននានា ភាគីចិនអះអាងថា ខ្លួនតែងតែគោរពស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ គ្រប់ពេលវេលា។
នាឱកាសនោះ លោក ចាង បានជម្រាប សម្តេច ហ៊ុន សែន ថាបើកម្ពុជាត្រូវការអ្វីអោយមិត្តចិនជួយ គឺសូមប្រាប់ មកភ្លាម នូវគម្រោងអាទិភាពនានាដែលត្រូវការជំនួយទាំងនោះ។ នៅឆ្នាំ ២០១៨ កម្ពុជាគឺជាប្រទេសកិត្តិយសក្នុងការរៀបចំពិព័រណ៍ចិនអាស៊ាន ដែលចិនត្រៀមលក្ខណៈរៀបចំឲ្យបានល្អបំផុត ព្រោះកម្ពុជាជាមិត្ត ដ៏ល្អនិងជាបងប្អូនដ៏ល្អ ហើយចិនគឺជាខ្នងបង្អែកដ៏រឹងមាំសម្រាប់ជួយកម្ពុជា គ្រប់កាលៈទេសៈ។ នេះបើតាមសំណេរនៅលើទំព័រហ្វេសប៊ុកនាយករដ្ឋមន្ត្រី៕
Tag:
សម្តេច ហ៊ុន សែន
កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com