ជាតិ
សង្គមជាតិ
WWF៖​សត្វ​ក្ដាន់​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ ត្រូវបាន​ប្រទះឃើញ​ក្នុង​ខេត្តក្រចេះ​
12, Sep 2017 , 9:17 am        
រូបភាព
ដោយ:
​ជា​លើកដំបូង​ក្នុង​រយៈពេល​១០​ឆ្នាំ សត្វ​ក្ដាន់​ជំទង់​៤​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​កំពុងស៊ី​ស្រូវ​ព​ង្រោះ​នៅក្នុង​ស្រែ ដែល​ថត​ដោយ​កាមេរ៉ា​ស្វ័យប្រវត្តិ​ដែល WWF-​កម្ពុជា បានដាក់​នៅក្នុង​វាលស្រែ នៅ​តំបន់​ការពារ​ស្នូល​នៃ​តំបន់ ដែល​ត្រូវ​បានស្នើ​ដាក់​ជា​តំបន់​ការពារ ដែលមាន​ផ្ទៃដី​ជាង​ពីរពាន់​ហិកតា ដែល​ស្ថិតនៅ​នៃ​ភាគ​ខាងកើត​នៃ​ខេត្តក្រចេះ​។  សត្វ​ក្ដាន់​ប្រភេទ​សត្វ​រាត្រីចរ ស្ថិតនៅក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ ដែល​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម​អង្ក​ការ​IUCN ហើយ​ជាស​ត្វ​ជិត​ផុត​ពូជ​នៅ​ទូទាំង​ពិភពលោក​។​



​សត្វ​ក្ដាន់​ធ្លាប់បាន​គេ​គិតថា វា​បាន​ផុត​ពូជ​ពី​ប្រទេស​កម្ពុជា​ទៅហើយ រហូតដល់​ឆ្នាំ​២០១៦​នៅពេលដែល​វា​ត្រូវបាន​គេ​រកឃើញ​ឡើងវិញ នៅក្នុង​ខេត្តក្រចេះ ហើយ​ចាប់តាំងពី​ពេល​នោះមក ពួកវា​មិន​ត្រូវបាន​គេ​ប្រទះឃើញ​រស់នៅ​ក្នុងព្រៃ​ជាថ្មី​ទេ តាមរយៈ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ​ណាមួយ​ឡើយ​។

​មន្ត្រី​ស្រាវជ្រាវ​នៅ​អង្គការ​WWF-​កម្ពុជា លោក ផាន ចាន់ណា បាន​ឲ្យ​ដឹងថា ម្ចាស់​ស្រែ​បាន​រាយការណ៍​ពី​ការប្រទះឃើញ​សត្វ​ក្ដាន់ គឺ​ពី​ដើមឡើយ​ពួកគាត់​មិនដែល​គាំទ្រ​ការពារ​សត្វ​ប្រភេទ​នេះ​ទេ ប៉ុន្តែ​ពេលនេះ​ពួកគាត់​បានក្លាយ​ជាស​មា​ជិ​ក​សហគមន៍​ដែល​ចូលរួម​ការពារ​កាមេរ៉ា​ស្វ័យប្រវត្តិ និង​បាន​ចូលរួម​បង្កើត​ក្រុម​ល្បាត​សហគមន៍ ដើម្បី​ការពារ​សត្វ​ក្ដាន់​ប្រភេទ​រាត្រីចរ​ផងដែរ​។  លោក បន្តទៀតថា ជាក់ស្ដែង​តាមរយៈ​រូបភាព​សត្វ​ក្ដាន់ និង​ស្នាម​ដានជើង​របស់​ពួកវា​ដែល​ទទួលបាន​ពេលនេះ គឺ​បង្ហាញ​យ៉ាង​ប្រាកដថា​ចំនួន​របស់​ពួកវា​នៅមាន​វត្ត​នៅ​ឡើយ​។​

​ចំណែកឯ​លោក សេង ទៀក នាយក​អង្ក​ការ WWF ប្រចាំ​ប្រទេស​កម្ពុជា​បាន​និយាយថា អ្វីដែល​យើង​បាន​នាពេលនេះ គឺជា​ការឆ្លុះបញ្ចាំង​ដោយផ្ទាល់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​សមាជិក​សហគមន៍ និង​បុគ្គលិក​ទាំងអស់ ពិសេស​នោះ​គឺ​ការគាំទ្រ​យ៉ាងសកម្ម ពី​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លោក បន្ថែមទៀតថា ទោះជា​យ៉ាងណាក៏ដោយ មាន​បញ្ហា​ជាច្រើន ដែល​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រឈម​នានា ដូចជា​កាប​របាញ់​ដែល​តម្រូវ​ឲ្យ​ក្រុម​របស់លោក ត្រូវតែ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត និង​យកចិត្តទុកដាក់​បំផុត ជាពិសេស​នោះ​ការពង្រឹង​ការអនុវត្តន៍​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព​។​

​គម្រោង​អភិរក្ស​សត្វ​ក្ដាន់ គឹជា​គម្រោង​ថ្មី​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការ WWF នៅ​ឆ្នាំ​២០១៤ នៅក្នុង​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ​។ សម្រាប់​ការងារ​បន្ទាប់ គឺជា​ការផ្ដោត​ការយកចិត្តទុកដាក់​ក្នុងការ​អង្កេត និង​តាមដាន​វត្ដ​មាន​របស់​សត្វ​ក្ដាន់​តាមរយៈ កាមេរ៉ា​ស្វ័យប្រវត្តិ ការពង្រឹង​ការអនុវត្ត​ច្បាប់  កម្មវិធី​អប់រំ​ផ្សព្វផ្សាយ ការ​ល្បាត​របស់​សហគមន៍ និង​ធ្វើ​ផែនការ​រៀបចំ​សម្រាប់​តំបន់​ការពារ​សត្វ​ក្ដាន់​នេះ ទៅជា​ដែនជម្រកសត្វព្រៃ​ស្របច្បាប់ គឺ​ត្រូវ​ធានាថា​ការអភិរក្ស​សត្វ​ក្ដាន់ គឺជា​អាទិភាព​ដែល​ត្រូវបាន​ទទួលស្គាល់​ទូទាំងប្រទេស​៕


Tag:
 WWF
 ​ សត្វ​ក្ដាន់​
 ​ ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com