កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ U22 ម៉ាឡេស៊ី ថា ម៉ាឡេស៊ី វៀតណាម និង​ថៃ ពិតជា​ស្អាតស្អំ
12, Sep 2017 , 9:48 am        
រូបភាព
​លោក Ong Kim Swee គ្រូបង្វឹក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី​អាយុ​ក្រោម ២២​ឆ្នាំ (U-22) បានទទួល​ស្គា​ល់ពី​ឥរិយាបថ​កំណត់​លទ្ធផល​នៃ​ការប្រកួត​បាល់ទាត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​កន្លងទៅនេះ​។ ប៉ុន្តែ​លោក​ក៏បាន​បដិសេធ​ដែរ​ថា ម៉ាឡេស៊ី វៀតណាម និង​ថៃ មិនមាន​ពាក់ព័ន្ធ​នឹង​ករណីនេះ​ទេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។



​ក្រោយ​កាសែត​សិង្ហ​បុរី The Straits Times ចុះផ្សាយ​ថា​ជំនួប​រវាង ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ជាមួយ​ឡាវ វៀតណាម​ជាមួយ​កម្ពុជា និង ថៃ​ជាមួយ​កម្ពុជា ត្រូវបាន​ក្រុម​អ្នកជំនាញ​វិភាគ​លើ​ការ​ភ្នាល់​បាល់ វាយតម្លៃថា ទំនងជា​មានការ​កំណត់​លទ្ធផល​ទុក​មុន​នោះ ឥឡូវនេះ​គ្រូបង្វឹក​ឈុត​ស៊ី​ហ្គេម​របស់​ម៉ាឡេស៊ី​បាន​ចេញមក​បដិសេធថា ក្រុម​ខ្លួន​ម៉ាឡេស៊ី ក៏ដូចជា​វៀតណាម និង​ថៃ មិន​ពាក់ព័ន្ធ​ការកំណត់​លទ្ធផល​ទុក​មុន​នោះឡើយ​។​

​ក្នុងអំឡុង​ធ្វើ​បទ​សម្ភាស​ជាមួយ​កាសែត​វៀតណាម Thanh Nien លោក Ong Kim Swee បាន​និយាយថា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​សិ​ទិ្ធ​ឆ្លើយ​សំណួរ​ជាពិសេស​នៅពេលដែល​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ត្រូវបាន​យកមក​ភ្នាល់​បាល់​នៅ​មុនពេល​ការប្រកួត​ចាប់ផ្តើម​។​


                 ជំនួបរវាង U22 កម្ពុជា (ក្រហម) និង U22 ថៃ។ រូបថត NOCC

​ទោះជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​សញ្ជាតិ​ម៉ាឡេស៊ី វ័យ ៤៥​ឆ្នាំ​រូបនេះ ជឿជាក់ថា​កីឡាករ​របស់លោក ក៏ដូចជា​ក្រុម​កីឡាករ​របស់​វៀតណាម និង​ថៃ​មិនបាន​ធ្វើ​រឿង​ល្ងង់ខ្លៅ​បែបនេះ​នោះទេ ព្រោះ​ក្រុម​ទាំងនោះ​សុទ្ធ​តែមាន​គោលដៅ​ឈ្នះ​មេដាយមាស​រៀងៗ​ខ្លួន​។​

«​ខ្ញុំ​អាច​និយាយបានថា U-22 ម៉ាឡេស៊ី មិនបាន​ចូលរួម​រឿង​គិត​លទ្ធផល​ទុក​មុន​នៅមុន​ការប្រកួត​ទល់នឹង​ក្រុម​ណាមួយ​នៅក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នោះទេ​។ ជ័យជម្នះ ៣-១ របស់​ម៉ាឡេស៊ី លើ​ក្រុម​ឡាវ​គឺ​ច្បាស់​ណាស់​កីឡាករ​របស់​យើង​បាន​ខិតខំ​យ៉ាងខ្លាំង​ដើម្បី​រក​គ្រាប់​បាល់​បញ្ចូល​ទី​»​។ នេះ​ជាការ​បញ្ចាក់​បន្ថែម​រប​ស់លោក Ong Kim Swee​។


​           ជំនួបរវាង U22 កម្ពុជា (ខៀវ) និង U22 វៀតណាមនៅស៊ីហ្គេម

​សម្រាប់​ខាងគ្រូវ​បង្វឹក U-22 ថៃ លោក Worrawoot Srimakha ឯណោះ​វិញ​ក៏បាន​បដិសេធ​ករណី​ខាងលើ​នេះដែរ​។ លោក​ថា «​ខ្ញុំ​ទើបតែ​បានឮ​ព័ត៌មាន​នេះ វា​គ្រាន់តែ​ជាការ​សង្កេត​ពី​បណ្តាញសារព័ត៌មាន​បរ​ទេស​ប៉ុណ្ណោះ ខ្ញុំ​ធានា​ចំពោះ​អ្នក​ទាំងអស់គ្នា​ថា ថៃ​មិនមាន​អ្វី​ពាក់ព័ន្ធ​នឹង​ករណីនេះ​ទេ​។ គោលដៅ​របស់​យើង​នៅ SEA Games គឺ​ការ​ឈ្នះ ហើយ​យើង​មានបំណង​ឈ្នះ​រាល់​ការប្រកួត​នៅ​ទីនោះ និង​ចង់រក​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​។ ក្រៅពីនេះ​ខ្ញុំ​ជឿជាក់​លើ​កីឡាករ​របស់ខ្ញុំ​ថា​ពួកគេ​ក៏​មិន​ធ្វើបែបនេះ​ដែរ​»​។​

​ចំណែក​ភាគី​កម្ពុជា​វិញ លោក ម៉ៃ តុលា អគ្គលេខាធិការ​ស្តីទី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ក៏បាន​អះអាង​ផងដែរ​ថា សហព័ន្ធ​បានធ្វើ​ការប្រជុំ​ជាមួយ​ក្រុម​គ្រូបង្វឹក​លើ​ករណីនេះ​រួចហើយ ប៉ុន្តែ​មិនមាន​ភស្តុតាង​ណាមួយ​ដែល​នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​ពាក់​ព័ន្ធ​ការកំណត់​លទ្ធផល​នេះនោះ​ឡើយ


Tag:
 បាល់ទាត់​
  Sea Games 2017
  ថៃ​
  កម្ពុជា​
  ម៉ាឡេស៊ី​
  កំណត់​លទ្ធផល​ទុក​មុន
© រក្សាសិទ្ធិដោយ thmeythmey.com