កីឡាជាតិ
ជាតិ
AFF U18៖ កម្ពុជាជួបឡាវ ក្នុងជំនួបចុងក្រោយ មុនត្រឡប់មកផ្ទះវិញ
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាជួបប្រកួតបង្គ្រប់កិច្ចចុងក្រោយជាមួយឡាវក្នុងវគ្គជម្រុះពូល A នៃព្រឹត្តិការណ៍ AFF U18 Championship 2017 នាវេលាម៉ោង៣:៣០នាទីរសៀលថ្ងៃទី១២ ខែកញ្ញា នៅកីឡដ្ឋាន Aung San Stadium ខណៈថៃប៉ះម៉ាឡេស៊ីនៅកីឡដ្ឋាន Thuwunna Stadium។ ជាមួយគ្នានេះ ក្រុមទីម័រខាងកើតជួបប្រកួតបង្គ្រប់កិច្ចជាមួយសិង្ហបុរីផងដែរនាវេលាម៉ោង៦:៣០នាទីល្ងាននៅកីឡដ្ឋាន Thuwunna Stadium។
ក្រោយរងការខកចិត្តបាត់បង់ឱកាសឡើងទៅវគ្គបន្តក្នុងព្រឹត្តិការណ៍ AFF U18 Championship 2017 រៀងៗខ្លួន U18 កម្ពុជាក្រោយចាញ់ម៉ាឡេស៊ី ២-០ ក្នុងជំនួបទី៤ត្រូវជួបប្រកួតបង្គ្រប់កិច្ចក្នុងជំនួបចុងក្រោយជាមួយក្រុមឈរបាតតារាងឡាវ នាវេលាម៉ោង៣:៣០នាទីរសៀលនេះនៅកីឡដ្ឋាន Aung San Stadium។
ទោះបីវាជាជំនួបបង្គ្រប់កិច្ចប៉ុន្តែ U18 កម្ពុជាត្រូវការឈ្នះក្នុងជំនួបចុងក្រោយនេះ ដើម្បីជាកាដូលើកទឹកចិត្តដល់កីឡាករ ក៏ដូចជាអ្នកគាំទ្រកម្ពុជាមុនចាកចេញពីទីក្រុងយ៉ាំងហ្គោនប្រទេសមីយ៉ាន់ម៉ាមកកាន់មាតុភូមិកម្ពុជា។ សម្រាប់៤ប្រកួតក្នុងវគ្គជម្រុះពូល A កន្លងមក U18 កម្ពុជាមិនធ្លាប់ស្គាល់ជ័យជម្នះឡើយ ពោលគឺស្មើ១ និងចាញ់៣ ខណៈឡាវចាញ់ទាំង៤ប្រកួត។
ស្របពេលកម្ពុជាកំពុងជួបជាមួយឡាវ U18 ថៃត្រូវប៉ះម៉ាឡេស៊ីនៅកីឡដ្ឋាន Thuwunna Stdium ដើម្បីប្រជែងដណ្តើមឈរកំពូលតារាងពូល A ទោះបីក្រុមទាំងពីរបានកៅអីឡើងទៅវគ្គបន្តតំណាងឲ្យពូលនេះក៏ដោយ។ ជាមួយគ្នានេះ ក្រុមទីម័រខាងកើតត្រូវតទល់ជាមួយសិង្ហបុរីក្នុងជំនួបបង្គ្រប់កិច្ចនាវេលាម៉ោង៦:៣០នាទីល្ងាចនៅកីឡដ្ឋាន Thuwunna Stadium៕
© រក្សាសិទ្ធិដោយ thmeythmey.com