ជាតិ
សិល្បះ
តន្ត្រី​រ៉ក់​កម្ពុជា​នឹង​លេចមុខ​លើ​ឆាក​មហោស្រព Kennedy Center សហរដ្ឋអាមេរិក
12, Sep 2017 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ៖ ​ក្រុម​តន្ត្រី​រ៉ក់ ខ្មែរ​-​អូស្ត្រាលី The Cambodian Space Project ត្រូវបាន​អញ្ជើញ​ឲ្យ​ទៅ​ប្រគំ​តន្ត្រី​បង្ហើរ​ចម្រៀង​Rock'n'Roll របស់​ខ្មែរ​កាលពី​ទសវត្ស​ន៍​ឆ្នាំ​១៩៦០ និង​ចម្រៀង​បង្កើត​ថ្មី​ផ្ទាល់ ខ្លួន​ទៅកាន់​ប្រជាជន​ចម្រុះ​ជាតិ​សាសន៍​នៅ​សហរដ្ឋអាមេរិក នា​សាល​សិល្បៈ​វប្បធម៌ The Kennedy Center​។ អ្នកស្រី ច​ន្ធី​ដែលជា​អ្នកចម្រៀង​ជនជាតិខ្មែរ​ប្រចាំ​ក្រុម​តន្ត្រី​នេះ សម្តែង​ក្តីរំភើប​ដែល​បាន​ចូលរួម លើកយក​សិល្បៈ​តន្ត្រីសម័យ​ឆ្នាំ​៦០​មក​សម្តែង​ឡើងវិញ លើ​ឆាក​អន្តរជាតិ​។​



​ក្រុម​តន្ត្រី​រ៉ក់​ខេន​រ៉ូ​ល «The Cambodian Space Project» នឹង​ប្រគំ​តន្ត្រី​នៅ​សាល​មហោស្រព The Kennedy Center ដែលជា​ស្ថាប័ន​វប្បធម៌​និង​សិល្បៈ​ដ៏​ធំ​មួយ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៃ​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​អង្គារ​ខាងមុខ​។​

​តារាចម្រៀង​ស្រី​ជនជាតិខ្មែរ អ្នកនាង កាក់ ច​ន្ធី និង​ក្រុម​តន្ត្រី​ខ្លួន​ដែលមាន​សញ្ជាតិ​ចម្រុះ​កម្ពុជា​និង​អូស្ត្រាលី គ្រោង​ប្រគំ​បទ​ចម្រៀង​រ៉ក់​ខេន​រ៉ូ​ល​ខ្មែរ​នៃ​ទសវត្សរ៍​៦០​។​

​អ្នកនាង កាក់ ច​ន្ធី បាន​ប្រាប់ VOA ថា​៖

«​ខ្ញុំ​គិតថា​វា​ពិសេស​មែន​ដោយ​ត្រង់​ថា គេ​អញ្ជើញ​យើង​ទៅ ពិសេស​នោះ​គឺ​ទៅ​ប្រទេស​ធំ ហើយ​ទីក្រុង​ដ៏​ធំ​មួយ​ដែល​គេ (​ប្រារព្ធ​)​កម្មវិធី​បុណ្យ​ហ្នឹង នៅក្នុង​មហោស្រព​ហ្នឹង​។ ពិតជា​អស្ចារ្យ​មែនទែន ខ្ញុំ​រំភើប​។ ដូចជា​ខ្ញុំ Rock'n'Roll ទៅ​អញ្ចឹង អាច​ចូលទៅ​សម្តែង​ទៅក្នុង​កម្មវិធី​បុណ្យ​ដ៏​ធំ​មួយ​អញ្ចឹង​ពិតជា​នឹកស្មាន​មិន​ដល់​»​។​

​ក្រុម​តន្ត្រី The Cambodian Space Project មាន​ប្រជាប្រិយភាព​នៅលើ​ឆាក​អន្តរជាតិ ខណៈ​អ្នក​ស្គាល់​ក្រុម​តន្ត្រី​នេះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​។​

​ក្រុម​តន្ត្រី​នេះ​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០០៩ ដោយ​តន្ត្រីករ​ជនជាតិ Tasma គឺ​លោក Julien Poulson និង​អ្នកស្រី​កាក់ ច​ន្ធី​។ កាលនោះ លោក  Julien ស្តាប់លឺ​សម្លេង​ច្រៀង​ដ៏​ក្រអួន​របស់​អ្នកស្រី​ច​ន្ធី ដែល​កំពុង​ច្រៀង​ក្នុង​បារ​មួយ​នៅ​ទីក្រុង​ភ្នំពេញ រាជធានី​នៃ​ប្រទេស​កម្ពុជា​ដែល​ធ្លាប់បាន​ត្រូវគេ​ដាក់ឈ្មោះ​ឲ្យ​ថា «​ទីក្រុង​គុជ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​» កាលពី​ទសវត្សរ៍​៦០​។​

​តន្ត្រី​រ៉ក់​ដែល​បាត់បង់​ទៅ​

​ដោយ​ការស្រឡាញ់​និង​កោតសរសើរ​សិល្បៈករ​និង​តន្ត្រី​កាលពី​យុគសម័យ​មាស​របស់​ប្រទេស​កម្ពុជា ក្រុម​តន្ត្រី​នេះ​បាន​បង្កើតឡើង ក្នុង​គោលបំណង​ស្តារឡើងវិញ​នូវ​តន្ត្រី​ដែល​កម្ពុជា​បាន​បាត់បង​អំឡុង​សម័យ​ខ្មែរក្រហម​។​

​បទ​ចម្រៀង «Whisky Cambodia» គឺជា​បទ​ចម្រៀង​មួយ​ដែល​ក្រុម​តន្ត្រី​នេះ​បាន​និពន្ធ​ឡើង​ដោយ​ខ្លួនឯង និង​កំពុង​ពេញនិយម​ពី​សំណាក់​មិត្តអ្នកស្តាប់​។ ហើយ​វា​នឹងត្រូវ​បាន​យកទៅ​សម្តែង​នៅ​មហោស្រព The Kennedy Center ដែលមាន​រយៈពេល​៤៥ នាទី​។ អ្នកនាង​ច​ន្ធី ដែល​គេ​តែង​ហៅថា​«​ស្រី​ធី​» នឹង​ច្រៀង​ចម្រៀង​រ៉ក់​ខេន​រ៉ូ​ល​ផ្សេងៗ​ទៀត​របស់​អ្នកស្រី​ប៉ែន រ៉​ន និង​អ្នកស្រី​រស់ សេរី​សុទ្ធា ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​រា​ជនី​សំឡេង​មាស​នៅក្នុង​ទសវត្សរ៍​ទី​៦០​និង​៧០​។​

​កាលពី​ទសវត្សរ៍​ទី​៦០​និង​ទី​៧០ តន្ត្រី​នៅ​កម្ពុជា​ទទួល​ឥទ្ធិពល​យ៉ាងខ្លាំង​ពី​វប្បធម៌​អាមេរិក ដែល​ត្រូវ​ជ្រៀប​ចូលមក​តាម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុងកំឡុងពេល​អាមេរិក​ធ្វើសង្គ្រាម​ប្រឆាំងនឹង​វៀតណាម​កុំម្មុយនីស្ត​។ ក្រុម​តន្ត្រី​ដែល​ល្បីៗ​ដូចជា ក្រុម​បក្សី​ចាំ​ក្រុង ក្រុម​តន្ត្រី​បាយ័ន និង​ក្រុម Draka បាន​នាំមក​នូវ​តន្ត្រី​រ៉ក់​ខេន​រ៉ូ​ល​ប្លែក​ថ្មី​សម្រាប់​ប្រជាជន​ក្នុង​ទីក្រុង នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក សេង តារា ជា​អ្នក​ស្រឡាញ់​តន្ត្រី​មួយរូប ដែល​បាន​ប្រមូល​និង​ចងក្រង​បទ​ចម្រៀង​ចាស់ៗ​ជា​ឯកសារ​។​

«​ខ្ញុំ​ឃើញថា​អ្នកទទួលយក​ឥទ្ធិពល​ពី​បរទេស​ទាំងអស់​ហ្នឹង ភាគច្រើន​គាត់​ជា​មនុស្ស​ដែល​បាន​រៀនសូត្រ​ច្រើន ដែល​គាត់​ចេះ​ភ្ជាប់​បញ្ចូល​គ្នា​រវាង​សិល្បៈ​ខ្មែរ និង​សិល្បៈ​បែប​បរទេស ដែល​យើង​មើលទៅ​មិនមាន​លក្ខណៈ​បែប​ប​ស្ចឹ​ម​ប្រទេស​សុទ្ធសាធ​។ បើសិនជា​គាត់​យកតែ​សិល្បៈ​ខ្មែរ​សុទ្ធសាធ អាហ្នឹង​វា​ល្អ​ម្យ៉ាងដែរ​ក៏ប៉ុន្តែ វា​អត់​មាន​ការកើត​គំនិត​ថ្មី​។ គាត់​ចេះ​ធ្វើ​អញ្ចឹង​បានល្អ​មែន ទែន​»​។​

​នៅពេលដែល តន្ត្រី​សិល្បៈ និង​ស្ថាបត្យកម្ម​កំពុង​រីកចម្រើន​យ៉ាងខ្លាំង​នៅក្នុង​ទីក្រុង​ភ្នំពេញ ប្រទេសជិតខាង​នៅ​ភាគ​ខាងកើត​កំពុង​ធ្លាក់​ចូលក្នុង​ភ្លើងសង្គ្រាម​នោះ​គឺ​«​សង្គ្រាម​វៀតណាម​»​។​

​ក្រោយ​សង្គ្រាម​វៀតណាម​បាន​ចប់​ទៅ ខ្មែរក្រហម​បាន​កាន់កាប់​រាជធានី​ភ្នំពេញ​។ ភាពទំនើប ដែល​ឆ្លុះបញ្ចាំង​ពី​ឥទ្ធិពល​វប្បធម៌​បរទេស​ត្រូវបាន​លុបចោល​ទាំងអស់​។ បញ្ញវ័ន្ត សិល្បៈករ និង តន្ត្រីករ គឺជា​គោលដៅ​ដែល​ខ្មែរក្រហម​កម្ចាត់​ចោល​។ ឯកសារ ចម្រៀង និង​កំណត់ត្រា​ផ្សេងៗ ត្រូវបាន​គេ​ប្រមូល​ដើម្បី​កំទេចចោល ហើយ​អ្នកណា​ដែល​បង្ហាញ​អត្តសញ្ញាណ​ខ្លួន​ថា​ឥស្សរជន​វប្បធម៌ ដូចជា​សិល្បករ និង​តន្ត្រីករ​ជាដើម​ត្រូវបាន​គេ​សម្លាប់​។ ប្រជាជន​ជាង​១​លាន​៧​សែន​នាក់​ត្រូវបាន​បាត់បង់​ជីវិត​ក្នុង​របប​ប៉ុលពត​។​



​ការចាប់ផ្តើម នៃ​ក្រុម​តន្ត្រី The Cambodian Space Project

​ក្រៅពី​ច្រៀង និង​ថត​ឡើងវិញ​នូវ​បទ​ចម្រៀង​លំនាំ​ដើមពី​ទសវត្សរ៍​ទី​៦០​និង​៧០ ក្រុម​តន្ត្រី The Cambodian Space Project ក៍បាន​ផលិត​ចម្រៀង​បន្ថែម​ដោយ​ខ្លួនឯង​។ តារាចម្រៀង​រ៉ក់​សម្បុរ​ស្រអែម ស្រី​ធី បាន​អភិវឌ្ឍ​ខ្លួន​ពី​អ្នកចម្រៀង​បទ​លំនាំ​ដើម ទៅជា​អ្នកនិពន្ធ​បទ​ចម្រៀង​ម្នាក់​។ ជំនាញ​នៃ​ការនិពន្ធ​ចម្រៀង​នេះ​គឺ​ចេញពី បេះដូង​និង​ខួរក្បាល​របស់​អ្នកស្រី​។​

«​បទ​ចម្រៀង​ពួកគាត់ សរសេរ​បទ​មួយៗ​គឺ​ធ្វើ​ឲ្យ​យើង​ដាក់​ដប ដូច​ថា​ដាក់​ក្នុង​ចិត្ត​បេះដូង​អញ្ចឹង​ទៅណា​។ ខ្ញុំ​ជាដើម ដែល​បាន​សរសេរ​បទ​ចម្រៀង​ដោយ​ខ្លួនឯង​នេះ ខ្ញុំ​អត់​ដែលមាន​គ្រូ​ទេ តែ​បទ​ចម្រៀង អ្វីដែល​យើង​ឃើញ អ្វីដែល​ក្នុង​បេះដូង និង​ចិត្ត អ្វីដែល​យើង​មាន ពេលខ្លះ​យើង​ប្រាប់​គេ គេ​ភ្លេច​អស់ហើយ​។ បើ​យើង​យកមក​សរសេរ​បទ​ច​ម្រៀ​ង​ដោយ​ខ្លួនឯង ធ្វើ​ឲ្យ​យើង​ស្តាប់ទៅ​វា​នៅមាន​អត្ថន័យ​សម្រាប់​ជីវិត​របស់​យើង​ទៀត​»​។​

​ស្រី​ធី​កើត​នៅ​ខេត្តព្រៃវែង​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ អ្នកស្រី​បានបញ្ចប់​ការសិក្សា​ត្រឹម​ថ្នាក់​ទី​៣ ដូច្នេះ​ការសរសេរ និង​ការអាន​របស់​អ្នកស្រី​នៅមានកម្រិត ដែលជា​បញ្ហា​មួយ​ក្នុង​ការអាន​អក្សរ​ភ្លេង​នៅពេលដែល​អ្នកស្រី​ធ្វើការ​ជាមួយនឹង​តន្ត្រីករ​។​

«​បងអត់​ចេះ ដូ រ៉េ មី​...​អី​ទេ ប៉ុន្តែ​សរសេរ​បណ្តើរ​អី​ទៅ ចង់​ឡើង​អញ្ចឹង​ទៅ​ឲ្យ​គាត់​កាច់​ហ្គី​តា​ឡើងទៅ គាត់​ចង់​ចុះ​ឲ្យ​កាច់​ហ្គី​តា​ចុះ​អញ្ចឹង​ទៅ ពេល​បង​ចង់ ដូ ទៅ​បង​ធ្វើទៅ​ខ្លួនឯង​អញ្ចឹង​ទៅ​។ ត្រង់​ហ្នឹងហើយ​បង​មានការ​លំបាក​បន្តិច​។ គេ​មិន​ជឿ​ទេ សូម្បី​បង​ទៅ​ស្ទូ​ឌី​យ៉ូ​គេ​ប្រាប់ថា បង​ឯង​ធ្វើ​អ​ញ្ចេះ ចូល ដូ ចូល រ៉ូ ចូល រ៉េ មី អ​ញ្ចេះ​អីហ្នឹង ខ្ញុំ​អត់​ចេះ​សោះ​ហ្មង​។ ខ្ញុំ​មានការ​លំបាក​ត្រង់​ហ្នឹង​។ តែ​អានេះ​ស្តាយ​របស់ខ្ញុំ​»​។​

​ស្រី​ធី គឺជា​មនុស្ស​ម្នាក់​ដែល​ចូលចិត្ត​កំប្លែង និង​ភាពសប្បាយ​រីករាយ​។ តារាចម្រៀង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៦០ ដែលជា​និម្មិត​រូប ស្រី​ធី​គឺ លោកស្រី ប៉ែន រ៉​ន បាន​ក្លាយជា​អ្នកចម្រៀង​ជាតិ​មួយរូប នៅពេលដែល​បាន​ចាប់​ដៃគូ​ច្រៀង​ជាមួយនឹង​លោក ស៊ិន ស៊ី​សាមុត​។ ជា​អកុសល លោកស្រី ប៉ែន រ៉​ន​ត្រូវបាន​គេ​គិតថា ត្រូវបាន​គេ​សម្លាប់​នៅ​ថ្ងៃ​ចុងក្រោយ​បំផុត​ដែល​ខ្មែរក្រហម​ដឹកនាំ​។​

«​និយាយ​ទៅ​បទ​ចម្រៀង​អ្នក Rock'n'Roll ហ្មង​គឺ​អ្នកស្រី​ប៉ែន រ៉​ន​។ ដោយសារតែ​បទ​គាត់ ភាព​ស៊ិ​ច​ស៊ី ការ​សើច ភាព​កំប្លុកកំប្លែង​របស់គាត់ ហើយ​សម្លេង​របស់គាត់ សម្លេង​គាត់ គឺ​ពិ​រោះ​រណ្តំ​មែនទែន​។ បើ រស់ សេរី​សុទ្ធា​សម្លេង​មាស​។ សម្រាប់​ប៉ែន រ៉​ន ដូច​ខ្ញុំ​ហ្នឹង យក  Rock'n'Roll មក រូបរាង​ខ្ញុំ​បានតែ​កំប្លុកកំប្លែង បើ​មនោសញ្ចេតនា អត់​សូវ​មាន​ទេ ព្រោះ​ខ្ញុំ​និយាយ​លែង​ច្រើន​»​។​

​នៅពេលដែល​លោកស្រី​រំឭក​កាលពី​វ័យ​កុមារ ស្រី​ធី តែងតែ​សរសើរ​ម្តាយ​របស់លោក​ស្រី​ថា​ជា​អ្នកចម្រៀង​ដ៏​ល្អ​បំផុត​ក្នុងស្រុក​។ ម្តាយ​របស់​លោកស្រី​តែងតែ​ច្រៀង​គ្រប់ពេល មិន​ថា​ពេល​បោស​សម្អាតផ្ទះ ពេល​ទៅ​ផ្សារ និង​ពេល​ចម្អិន​ម្ហូបអាហារ​។ ចំណែកឯ​ឪពុក​របស់​លោកស្រី​គឺជា​អ្នកបើកបរ​រថក្រោះ​ក្នុងសម័យ​សង្គ្រាម លោក​តែងតែ​បើក​វិទ្យុ​ស្តាប់​ព័ត៌មាន ហើយ​ជារឿយៗ​ហើយ​ជួនកាល​ស្រី​ធី​អង្គុយ​ស្តាប់​ចម្រៀង​ជាមួយ​គាត់​។​

​ស្រី​ធី​បានមក​ដល់ទី​ក្រុងភ្នំពេញ​ក្នុង​វ័យ​១៩​ឆ្នាំ​ដើម្បី​ស្វែងរក​ការងារ​។ លោកស្រី​ត្រូវបាន​គេ​បោក​បញ្ឆោត​ហើយ​ជាប់​នៅក្នុង​ផ្ទះបន ប៉ុន្តែ​លោកស្រី​ត្រូវបាន​សង្គ្រោះ​ទាន់ពេល​។ លោកស្រី​ធ្លាប់​ឆ្លងកាត់​ការងារ​ជាច្រើន​តាំងពី​ការងារ​សំណង់ អ្នកចម្រៀង​ខារ៉ាអូខេ និង​សព្វថ្ងៃ​អ្នកស្រី​ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ​នៅក្នុង​ផ្សារ​ទួល​ទំពូង​។​

​ដើម្បី​ជម្នះ​លើ​ភាពក្រីក្រ​និង​ការបាក់​ទឹកចិត្ត មានតែ​តន្ត្រី​រ៉ក់​ប៉ុណ្ណោះ​ដែល អាចជួយ​លោកស្រី​បាន​។​

«Rock'n'Roll គឺជា​បទ​ចម្រៀង​មួយ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ បំភ្លេច​ទុក្ខ អ្វីដែល​យើង​ពិបាកចិត្ត យើង​អាច​ច្រៀង​បំភ្លេច ឬ​ស្តាប់​បទ​ចម្រៀង Rock'n'Roll ដែល​វា​មាន​ពាក្យ​កំប្លុកកំប្លែង​ធ្វើ​ឲ្យ​យើង​បំបាត់ទុក្ខ​កង្វល់​»​។​

​ការ​មានជីវិត​ឡើងវិញ​នៃ​តន្ត្រី​រ៉ក់​

​ក្រុម​តន្ត្រី The Cambodian Space Project គឺជា​ប្រធានបទ​មួយ​ដែល​ខ្សែភាពយន្ត​ឯកសារ « Not Easy Rock'n'Roll» ហើយ​ត្រូវបាន​ចាក់​បញ្ចាំង​ដំបូង​នៅក្នុង​មហោស្រព​ខ្សែភាពយន្ត​ទីក្រុង​ស៊ីដនី​កាលពី​ឆ្នាំ​២០១៥ ហើយ​ត្រូវ​បានដាក់​បញ្ចាំង​លើ​កម្មវិធី​ទូរទស្សន៍ BBC​។​

​ស្រី​ធី និង​លោក Julien មិនបាន​រំពឹងថា ក្រុម​តន្ត្រី​របស់​អ្នក​ទាំងពីរ​នឹង​ទទួលបាន​គាំទ្រ​យ៉ាងច្រើន​ដូច្នេះ​ទេ​។ ប៉ុន្តែ​ក្នុង​រយៈពេល​៨​ឆ្នាំ ក្រុម​តន្ត្រី​ដែល​ឥឡូវនេះ​មាន​សមាជិក​ប្រាំ​នាក់​ដែល ក្នុងនោះ​មាន​អ្នកស្រី​ដែលជា​អ្នកចម្រៀង​និង​អ្នក​វាយ​ស្គរ​ម្នាក់ទៀត​ជា​ជនជាតិខ្មែរ បាន​ឡើង​សម្តែង​លើ​ឆាក​អន្តរជាតិ​ជាច្រើន​តំបន់ និង​ច្រើន​មហោស្រព​តាំងពី​តំបន់​អាស៊ី អឺរ៉ុប និង​ប្រទេស​អូស្ត្រាលី​។​

​ផលិតករ​ភាពយន្ត​លោក Marc Eberle ប្រាប់ VOA តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា​៖

«​ការ​បញ្ចាំង​រឿងនេះ​លើ​កម្មវិធី​ទូរទស្សន៍ BBC ដែល​ផ្សាយ​ទៅកាន់​ប្រមាណ ១៣០​ប្រទេស​លើ​ពិភពលោក គឺជា​ផ្លូវ​មួយ​ដ៏​ល្អ​ដែល​ពាំនាំ​វប្បធម៌​របស់​កម្ពុជា​ទៅ​ពិភពលោក​។ នៅ​ប្រទេស​ជាច្រើន នៅ​អាមេរិក​ខាងត្បូង អាហ្វ្រិក និង​នៅ​អាស៊ី ខ្សែភាពយន្ត​ត្រូវបាន​ទស្សនិកជន​យល់​អំពី​វា និង​ចាប់អារម្មណ៍​ជាខ្លាំង​»​។​

​បច្ចុប្បន្ន តន្ត្រី​រ៉ក់​និង​រ៉ូ​ល​កំពុង​មានជីវិត​ឡើងវិញ​បន្តិច​ម្តងៗ​ជាមួយនឹង​ការលេចឡើង​នៅ​ក្រុម​តន្ត្រី រ៉ក់​ខេន​រ៉ូ​ល​ថ្មីៗ​ជាច្រើន​។ ក្រៅពី​ក្រុម​តន្ត្រី The Cambodian Space Project ក្រុម Dengue Fever គឺជា​ក្រុម​មួយ​ផ្សេងទៀត​ដែល​បង្កើតឡើង​នៅក្នុង​គោលបំណង​ស្រដៀង​គ្នា​គឺ​ការអភិរក្ស​និង​ច្នៃប្រឌិត​ថ្មី​នូវ​តន្ត្រី​រ៉ក់​ខេន​រ៉ូ​ល​របស់​ប្រទេស​កម្ពុជា រួម​នឹង​ក្រុម​តន្ត្រី​ប៉ប់ និង​រ៉ក់​ឯទៀត​របស់​យុវជន​ជំនាន់​ក្រោយ​ដែល​បង្កើត​ស្នាដៃ​ចម្រៀង​ថ្មីៗ​។​

​លោក Jimmy Kiss ដែលជា​តារាចម្រៀង​ផ​ប់​និង​រ៉ក់​កំពុង​រះ​ចំណោម​ក្រុម​យុវវ័យ​ក្មេងៗ​នៅ​កម្ពុជា សារ​ទរ​នៅពេលដែល​បាន​លឺថា តន្ត្រី​រ៉ក់​របស់​ប្រទេស​កម្ពុជា​បាន​លេចមុខ​មាត់​នៅលើ​ឆាក​អន្តរជាតិ​និង​ក្នុងស្រុក​ម្តងទៀត ស្រប​ពេលដែល​ខ្លួន​លោក​ផ្ទាល់ ក៏​ធ្លាប់បាន​សម្តែង​នៅលើ​ឆាក​អន្តរជាតិ​ក្នុង​តំបន់​អាស៊ី និង​សហរដ្ឋអាមេរិក​ផងដែរ​។​

​ទោះជា​យ៉ាងណា​ក៏​លោក​មាន​ការមិនយល់ស្រប​នៅពេលដែល​គេ​និយាយថា វិស័យ​តន្ត្រី​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​បាន​អន់ថយ​។​

«​ខុស​ត្រង់​ថា សម័យមុន និង​សម័យនេះ​អ្នកលេង​ភ្លេង​ពូកែ​ក៏មាន​ច្រើន​ដែរ តែ​ការ​ឲ្យ​តម្លៃ​លើ​តន្ត្រី​គឺ​ខុសគ្នា​។ កាលពី​ដើមការ​ឲ្យ​តម្លៃ​ទៅលើ​តន្ត្រី​ខ្លាំង​! អ្នកលេង​ភ្លេង​មាន​ទទួល​អារម្មណ៍​ថា គាត់​មាន​កិត្តិយស​ចំពោះ​ការបង្ហាញ​តន្ត្រី​របស់គាត់​។ សម័យកាល​នេះ អ្នកភ្លេង​ឥលូវ​ក៏មាន​សមត្ថភាព​ច្រើន​ដែរ តែ​នៅពេលដែល​គាត់​បង្ហាញ​ទៅ​តម្លៃ​កិត្តិយស​គាត់​មិនសូវមាន​។ វា​ធ្វើ​ឲ្យ​មើលទៅ​ឃើញ​អន់ថយ ឃើញ​ដូច​មិនសូវ​ខ្លាំង​ដូច​ពីមុន​»​។​

​ស្រី​ធី បាន​និយាយថា​ទស្សនិកជន​ជនជាតិខ្មែរ​ដែល​គាំទ្រ​ក្រុម​តន្ត្រី​របស់​អ្នកស្រី​មានតែ​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​។ អ្នកស្រី​ក៏បាន​បន្តថា ក្នុង​វ័យ​បច្ចុប្បន្ន និង​ទៅ​អនាគត អ្នកស្រី​មិនអាច​ទាក់ទាញ​ប្រិយមិត្ត​អ្នក​ស្តាប់​វ័យក្មេង​បាន​នោះទេ​។ អ្នកស្រី​បាន​លើកទឹកចិត្ត​ឲ្យ​តារាចម្រៀង​ប៉ប់​និង​រ៉ក់​វ័យក្មេង​ដែល​កំពុង​ល្បីល្បាញ​ឲ្យ​បន្ត​ស្រាវជ្រាវ​និង​សិក្សា អំពី​ការនិពន្ធ​ចម្រៀង​របស់​កវី​ល្បីៗ​កាលពី​ទសវត្សរ៍​៦០ ដែលមាន​យុទ្ធសាស្ត្រ​ក្នុងការ​និពន្ធ​ចម្រៀង​ដែល​ពិ​រោះ នៅតែ​ពេញនិយម និង​ស្តាប់​មិនចេះ​ជិនណាយ​ទោះបីជា​ពេលវេលា​កន្លង​យូរ​ប៉ុណ្ណា​ក៏ដោយ​៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com