ជាតិ
​​​ន​យោ​បាយ​ជាតិ​
សង្គម​ស៊ីវិល​ថា ចំណាត់ការ​ក្តៅ​របស់​អាជ្ញាធរ​ប៉ះពាល់​ការបោះឆ្នោត តែ​លោក ផៃ ស៊ី​ផាន ថា​ជាការ​ពង្រឹង​សន្តិសុខ និង​ច្បាប់​
12, Sep 2017 , 7:39 pm        
រូបភាព
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី
​ភ្នំពេញ​៖ ក្រុម​សង្គម​ស៊ីវិល ព្រួយបារម្ភ​ថា ភាពមិនប្រក្រតី​នៃ​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន ដែល​កើតចេញពី​ចំណាត់ការ​លើ​មេបក្សនយោបាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការ​អន្តរជាតិ អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការបោះឆ្នោត ក្នុង​ឆ្នាំ​២0១៨​។ ប៉ុន្តែ អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី អះអាងថា ចំណាត់ការ​ទាំងនោះ គឺ​ដើម្បី​រក្សា​សន្តិសុខ ដោយ​មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ ឡើយ​។



​ចំណាត់ការ​ជាច្រើន​របស់​សមត្ថកិច្ច និង​តុលាការ រួមទាំង​រដ្ឋាភិបាល ទៅលើ​មេដឹកនាំ​គណបក្ស​ន​យោ​យ​បាយ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អង្គការក្រៅរដ្ឋាភិបាល​ប​រទេស អាច​នឹង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការប្រកួតប្រជែង​ខាង​នយោបាយ និង​ការចុះឈ្មោះ​បោះឆ្នោត សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ ក្នុង​ឆ្នាំ​២0១៨​។ នេះ ជា​ក្តី​ព្រួយបារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​ចំនួន​១៣ ដែល​បានលើកឡើង​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមមួយ​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ ថែមទាំង​យល់ថា ចំណាត់ការ​ខាងលើ ក៏​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការអនុវត្ត​នីតិរដ្ឋ ការធ្លាក់ចុះ​ដំណើរការ​ប្រជាធិបតេយ្យ រួមទាំង​គោលការណ៍​អន្តរជាតិ ផងដែរ​។ បើតាម​សេចក្តីថ្លែងការណ៍ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២១៧ ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ មានដូចជា គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត ដោយ​សេរី និង​យុត្តិធម៌ នៅ​កម្ពុជា (Comfrel) គណៈកម្មការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា (Nicfec) និង​សមាគម​អាដហុក (Adhoc) ជាដើម​។

​ដោយមាន​ការព្រួយបារម្ភ​បែបនេះ ក្រុម​សង្គម​ស៊ីវិល ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើយ៉ាងណា​ដើម្បី​កែប្រែ​បរិយាកាស​នយោបាយ ឲ្យ​វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ​។ ជាងនេះទៀត ក្រុម​សង្គម​ស៊ីវិល ក៏បាន​អំពាវនាវ​ទៅកាន់​សហគមន៍​អន្តរជាតិ ឲ្យ​បន្ត​ចូលរួម​លើកស្ទួយ​ដំណើរការ​ប្រជាធិបតេយ្យ​និង​ការបោះឆ្នោត​នៅ​កម្ពុជា​ផងដែរ​។ យ៉ាងណាក្តី ក្រុម​សង្គម​ស៊ីវិល មិន​ភ្លេច​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ទៅ​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ត្រៀម​ចូលរួម​បោះឆ្នោត​ថ្នាក់ជាតិ នៅ​ឆ្នាំ​២0១៨ នោះទេ​។ 

​ទាក់ទង​នឹង​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ខាងលើ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ចាត់ទុកថា ជាការ​បញ្ចេញមតិ​។ ក៏ប៉ុន្តែ លោក បាន​ប្រាប់​ក្រុម​សង្គម​ស៊ីវិល​ទាំងនោះ ឲ្យ​ប្រុងប្រយ័ត្ន​ផងដែរ ចំពោះ​ការប្រើ​សិទ្ធិ​របស់ខ្លួន ក្នុងការ​បញ្ចេញមតិ​បែបនេះ​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ផៃ ស៊ី​ផាន សង្កត់ធ្ងន់ថា ចំណាត់ការ​របស់​តុលាការ ក៏ដូចជា​រដ្ឋាភិបាល​ខាងលើ គឺ​ដើម្បី​រក្សា​សន្តិសុខ ដូច្នេះ ក្រុម​សង្គម​ស៊ីវិល ពុំគួរ​ចាត់ទុកថា ជា​រឿង​នយោបាយ​ឡើយ​។  អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​រដ្ឋាភិបាល មាន​កាតព្វកិច្ច ក្នុង​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់ មិនមែន​ក្រុម​សង្គម​ស៊ីវិល​ទាំង​នោះទេ​។ សូម​ឲ្យ​ក្រុម​សង្គម​ស៊ី​វិ​ទាំងនោះ កុំ​បូក​រឿងនេះ ចូល​ជាមួយគ្នា កុំ​បូ​កប​ញ្ជូ​ល​ជា​រឿង​នយោបាយ​»​។​

​ក្នុង​រយៈកាល​ចុងក្រោយ​នេះ ប្រធាន​គណបក្ស​ចំនួន​បី​រូប ដែល​រួមមាន ឯកឧត្តម កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវបាន​ចាប់ខ្លួន ពីបទ​ល្មើស​ផ្សេងៗ​ពីគ្នា​។ ឯកឧត្តម កឹម សុខា រង​ពីបទ​ចោទ «​ឃុបឃិត​ជាមួយ​បរទេស​ដោយ​សម្ងាត់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​» លោក ញឹក ប៊ុនឆៃ រង​បទ​ចោទ «​ពាក់ព័ន្ធ​នឹង​ការផលិត​គ្រឿងញៀន​» ហើយ​លោក សួន សេរី​រដ្ឋា រង​បទ​ចោទ «​ញុះញង់​កងទ័ព​»​។

​ចំណែក ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ដែល​រួមមាន វិទ្យុ​មហានគរ ត្រូវបាន​បិទ​ចោល ដោយ​ក្រសួង​ព័ត៌មាន លើក​ហេតុផល​ថា បាន​រំលោភ​កិច្ចសន្យា ហើយ​កាសែត ខេ​ម​បូ​ឌា ដេលី បានប្រកាស​បិទ​ដោយ​ខ្លួនឯង ក្រោយ​រដ្ឋាភិបាល ទាមទារ​ឲ្យ​ទូទាត់​បំណុល​ពន្ធ ជាង​៦​លាន​ដុល្លារ​។ រីឯ ស្ថាប័ន​សារព័ត៌មាន​ផ្សេងទៀត ដូចជា RFA VOA និង VOD ជាដើម ក៏​កំពុង​ជួប​ស្ថានភាព​មិនសូវ​ល្អ​ដែរ ក្នុង​ដំណើរការ​នៃ​ការផ្សព្វផ្សាយ​របស់ខ្លួន​។  ដោយឡែក អង្គការ​អន្តរជាតិ​មួយ គឺ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​របស់​សហរ​ដ្ឋ​អាមេរិក (DNI) ដែល​ដំណើរការ​នៅ​កម្ពុជា អស់​រយៈពេល​២៥​ឆ្នាំ មកហើយ​នោះ ក៏ត្រូវ​បាន​បិទ​ចោល ថែមទៀត​៕


Tag:
 NGO
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com