ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​កែច្នៃ​ផលិតផល​សមុទ្រ​ចំនួន​២ ទទួល​វិញ្ញាបនបត្រ HACCP លើកដំបូង​នៅ​កម្ពុជា​
12, Sep 2017 , 9:39 pm         849
រូបភាព
​ភ្នំពេញ​៖ ក្រុមហ៊ុន​កែច្នៃ​ផលិតផល​សមុទ្រ​ចំនួន​ពីរ ដែល​គាំទ្រ​ដោយ​អង្គការ UNIDO ទទួលបាន​វិញ្ញាបនបត្រ​អន្តរជាតិ HACCP ដែល​នេះ​ជា​លើកដំបូង​នៅ​កម្ពុជា​។ HACCP ជា​វិញ្ញាបនបត្រ​ដែល​ត្រូវ​ទទួលស្គាល់​ជាស​កល​លើ​ការអនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​ចំណីអាហារ​។​


​ក្រុមហ៊ុន​ទាំងពីរ​នេះ រួមមាន​ឈ្មោះ​ក្រុមហ៊ុន កំពត​ស៊ី​ហ្វូ​ដ និង​ក្រុមហ៊ុន ទឹកត្រី ង៉ូ​វ​ហេង​កំពត ។ ក្រុមហ៊ុន​ទាំងនេះ​ត្រូវបាន​ជួយ​គាំទ្រ​ដើម្បី​ទទួលបាន​វិញ្ញាបនបត្រ HACCP តាមរយៈ​គម្រោង​ជលផល​សមុទ្រ ដែលមាន​រយៈពេល​បី​ឆ្នាំ និង​ចាប់ផ្ដើម​អនុវត្ត​ពី​ឆ្នាំ​២០១៥​។ គម្រោង​ជលផល​សមុទ្រ​នេះ ត្រូវបាន​អនុវត្ត​ដោយ​អង្គការ​អភិវឌ្ឍន៍​ឧ្សាហកម្ម​នៃ​អង្គការសហប្រជាជាតិ (UNIDO) ដែល​គម្រោង​នេះ​ស្ថិតក្រោម​ក្របខណ្ឌ​នៃ​កម្មវិធី​ពិពិធ​កម្ម និង​ពង្រីក​ការនាំចេញ​ជំហាន​ទី​២ (CEDEP II) របស់​ក្រសួងពាណិជ្ជកម្ម​។​

​គម្រោង​នេះ​ត្រូវបាន​បញ្ចប់​ហើយ ដែល​ស្ថាប័ន​ពាក់ព័ន្ធ​បានធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ និង​បិទ​បញ្ចប់ នៅ​ថ្ងៃទី​១២​ខែកញ្ញា​។ បើតាម​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកស្រី តឹក​រ៉េត កំរង  ការទទួលបាន​វិញ្ញាបនបត្រ HACCP របស់​ក្រុមហ៊ុន​ទាំងពីរ​នេះ គឺជា​លើកដំបូង​ហើយ​នៅ​កម្ពុជា​។​

​ទោះយ៉ាងណា​ខ្សែសង្វាក់​ផលិតកម្ម​ជលផល​របស់​កម្ពុជា​នៅ​ប្រឈម​បញ្ហា​មួយចំនួន​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​បញ្ចប់​គម្រោង​នោះ​ថា បញ្ហា​គុណភាព​ផលិតផល​ជលផល​នៅ​មិនទាន់​ឆ្លើយតប​តាម​តម្រូវការ​របស់​ប្រទេស​ទទួល​ទិញ ដោយសារ​សិប្បកម្ម​កែច្នៃ មិនទាន់​អនុវត្ត​ពេញលេញ​តាម​គោលការណ៍​អនុវត្ត​អនាម័យ​ល្អ (GHP) ការអនុវត្ត​ផលិតផល​ល្អ (GMP) និង​គោលការណ៍​របស់ HACCP ។​

​តម្លៃ​ផលិត​នៅ​ខ្ពស់ និង​សមត្ថភាព​ត្រួតពិនិត្យ​គុណភាព​របស់​អង្គភាព​ជំនាញ​នៅមានកម្រិត ក៏​ជា​បញ្ហា​សម្រាប់​ការប្រកួតប្រជែង​របស់​ផលិតផល​ជលផល​កម្ពុជា​លើ​ទីផ្សារ​ក្រៅប្រទេស​ផងដែរ​។ នេះ​ជាការ​គូសបញ្ជាក់​របស់ លោក វេ​ង សាខុន ។ លោក​បន្ថែមថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គឺ​ទាមទារ​ឲ្យ​មានការ​អភិវឌ្ឍ​ខ្សែសង្វាក់​ផលិតកម្ម​ជលផល​ទាំងមូល​។​

​បើតាម​របាយការណ៍​ដែល​លើកឡើង​ដោយ​លោក វេ​ង សាខុន ផលិតផល​ត្រី កាលពី​ឆ្នាំ​២០១៦ មាន​ចំនួន ៨០២៤៥០​តោន ដែល​ក្នុងនោះ​ផល​ត្រី​ទឹកសាប ៥០៩៣៥០​តោន ផល​នេសាទ​សមុទ្រ​មាន​ចំនួន ១២០៦០០​តោន និង​ផល​វារីវប្បកម្ម​ចំនួន ១៧២៥៥០​តោន​៕

Tag:
 ជលផល​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ