ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនកែច្នៃផលិតផលសមុទ្រចំនួន២ ទទួលវិញ្ញាបនបត្រ HACCP លើកដំបូងនៅកម្ពុជា
× ភ្នំពេញ៖ ក្រុមហ៊ុនកែច្នៃផលិតផលសមុទ្រចំនួនពីរ ដែលគាំទ្រដោយអង្គការ UNIDO ទទួលបានវិញ្ញាបនបត្រអន្តរជាតិ HACCP ដែលនេះជាលើកដំបូងនៅកម្ពុជា។ HACCP ជាវិញ្ញាបនបត្រដែលត្រូវទទួលស្គាល់ជាសកលលើការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ។
ក្រុមហ៊ុនទាំងពីរនេះ រួមមានឈ្មោះក្រុមហ៊ុន កំពតស៊ីហ្វូដ និងក្រុមហ៊ុន ទឹកត្រី ង៉ូវហេងកំពត ។ ក្រុមហ៊ុនទាំងនេះត្រូវបានជួយគាំទ្រដើម្បីទទួលបានវិញ្ញាបនបត្រ HACCP តាមរយៈគម្រោងជលផលសមុទ្រ ដែលមានរយៈពេលបីឆ្នាំ និងចាប់ផ្ដើមអនុវត្តពីឆ្នាំ២០១៥។ គម្រោងជលផលសមុទ្រនេះ ត្រូវបានអនុវត្តដោយអង្គការអភិវឌ្ឍន៍ឧ្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ដែលគម្រោងនេះស្ថិតក្រោមក្របខណ្ឌនៃកម្មវិធីពិពិធកម្ម និងពង្រីកការនាំចេញជំហានទី២ (CEDEP II) របស់ក្រសួងពាណិជ្ជកម្ម។
គម្រោងនេះត្រូវបានបញ្ចប់ហើយ ដែលស្ថាប័នពាក់ព័ន្ធបានធ្វើសិក្ខាសាលាផ្សព្វផ្សាយ និងបិទបញ្ចប់ នៅថ្ងៃទី១២ខែកញ្ញា។ បើតាមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី តឹករ៉េត កំរង ការទទួលបានវិញ្ញាបនបត្រ HACCP របស់ក្រុមហ៊ុនទាំងពីរនេះ គឺជាលើកដំបូងហើយនៅកម្ពុជា។
ទោះយ៉ាងណាខ្សែសង្វាក់ផលិតកម្មជលផលរបស់កម្ពុជានៅប្រឈមបញ្ហាមួយចំនួន។ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងពិធីបិទបញ្ចប់គម្រោងនោះថា បញ្ហាគុណភាពផលិតផលជលផលនៅមិនទាន់ឆ្លើយតបតាមតម្រូវការរបស់ប្រទេសទទួលទិញ ដោយសារសិប្បកម្មកែច្នៃ មិនទាន់អនុវត្តពេញលេញតាមគោលការណ៍អនុវត្តអនាម័យល្អ (GHP) ការអនុវត្តផលិតផលល្អ (GMP) និងគោលការណ៍របស់ HACCP ។
តម្លៃផលិតនៅខ្ពស់ និងសមត្ថភាពត្រួតពិនិត្យគុណភាពរបស់អង្គភាពជំនាញនៅមានកម្រិត ក៏ជាបញ្ហាសម្រាប់ការប្រកួតប្រជែងរបស់ផលិតផលជលផលកម្ពុជាលើទីផ្សារក្រៅប្រទេសផងដែរ។ នេះជាការគូសបញ្ជាក់របស់ លោក វេង សាខុន ។ លោកបន្ថែមថា ដើម្បីដោះស្រាយបញ្ហានេះ គឺទាមទារឲ្យមានការអភិវឌ្ឍខ្សែសង្វាក់ផលិតកម្មជលផលទាំងមូល។
បើតាមរបាយការណ៍ដែលលើកឡើងដោយលោក វេង សាខុន ផលិតផលត្រី កាលពីឆ្នាំ២០១៦ មានចំនួន ៨០២៤៥០តោន ដែលក្នុងនោះផលត្រីទឹកសាប ៥០៩៣៥០តោន ផលនេសាទសមុទ្រមានចំនួន ១២០៦០០តោន និងផលវារីវប្បកម្មចំនួន ១៧២៥៥០តោន៕
© រក្សាសិទ្ធិដោយ thmeythmey.com