អន្តរជាតិ
បង់​ក្លា​ដែ​ស​ប្រាប់​មី​យ៉ាន់​ម៉ា​ឲ្យ​ទទួល​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​វិញ ខណៈ​ចំនួន​ជនភៀសខ្លួន​បន្ត​កើនឡើង​
13, Sep 2017 , 11:29 am         511
រូបភាព
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រៀមឆ្លងកាត់ព្រំដែនចូលទឹកដីបង់ក្លាដែស (រូបភាព៖ Xinhua)
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាត្រៀមឆ្លងកាត់ព្រំដែនចូលទឹកដីបង់ក្លាដែស (រូបភាព៖ Xinhua)
​នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស Sheikh Hasina បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដើម្បី​ទទួលយក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​រាប់ម៉ឺន​នាក់ ដែល​កំពុងស្នាក់នៅ​តាម​ជំរំ​ជនភៀសខ្លួន​នៅតាម​បណ្ដោយ​ព្រំដែន​ប្រទេស​ទាំងពីរ​។ លោកស្រី Hasina និយាយថា បង់​ក្លា​ដែ​ស​មិនអាច​ផ្ដល់​ជម្រក​អចិន្ត្រៃយ៍​សម្រាប់​ជនភៀសខ្លួន​ទាំងនោះ​ឡើយ ហើយ​ពួកគេ​ត្រូវតែ​ត្រឡប់​ទៅកាន់​ប្រទេស​ពួកគេ​វិញ​។


​ចំនួន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង ដែល​រត់គេច​ពី​អំពើហិង្សា​នៅ​រដ្ឋ Rakhine បាន​បន្ត​កើន​ឡើងជា​លំដាប់ ដែល​ធ្វើ​ឲ្យ​មានការ​ខ្វះខាត​សម្ភារ​ចាំបាច់​សម្រាប់​ចែក​ឲ្យ​ជនភៀសខ្លួន​។ របាយការណ៍​របស់​អង្គការសហប្រជាជាតិ​បង្ហាញថា ជនភៀសខ្លួន​ប្រហែល​៣៧០០០០​នាក់​បាន​រត់​ចូល​ទឹកដី​បង់​ក្លា​ដែ​ស​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មកនេះ​។ លំហូរ​ជនភៀសខ្លួន​ដ៏​គំហុក​នេះ កើតឡើង​ក្រោយពេល​យោធា​មី​យ៉ាន់​ម៉ា​បើក​ប្រតិបត្តិ​ការប្រឆាំង​ក្រុម​ឧទ្ទាម ARSA ដែល​អុកឡុក​ទីតាំង​យោធា​ច្រើន​កន្លែង​។​

​ជាមួយ​លំហូរ​ជនភៀសខ្លួន​ដ៏​ច្រើន​បែបនេះ បង់​ក្លា​ដែ​ស​កំពុង​រងបន្ទុក​ដ៏​ធ្ងន់​។ អំឡុងពេល​ទស្សនកិច្ច​នៅ​ជំរំ​ជនភៀសខ្លួន​មួយកន្លែង​នៅ​ថ្ងៃទី​១២ ខែកញ្ញា នាយករដ្ឋមន្ត្រី​បង់​ក្លា​ដែ​ស Sheikh Hasina បានស្នើ​ឲ្យ​មី​យ៉ាន់​ម៉ា​បង្កលក្ខណៈ​ងាយស្រួល​សម្រាប់​ទទួលយក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​វិញ​។ បើតាម​សារព័ត៌មាន Al Jazeera លោកស្រី Hasina និយាយថា បង់​ក្លា​ដែ​ស​អាច​ផ្ដល់​ជម្រក និង​ជំនួយ​បណ្ដោះអាសន្ន ប៉ុន្តែ​មី​យ៉ាន់​ម៉ា​ត្រូវ​ត្រៀមខ្លួន​ទទួលយក​ពួកគេ​វិញ​ឆាប់ៗ​នេះ​។​

​ក្រោយពី​អំពើហិង្សា​ផ្ទុះឡើង​កាលពី​ថ្ងៃទី​២៥ ខែសីហា ក្រុម​ជួយសង្គ្រោះ​បង់​ក្លា​ដែ​សបាន​ប្រឹងប្រែង​សាងសង់​ទីជម្រក​បណ្ដោះអាសន្ន​ជាច្រើន​នៅតាម​ទីតាំង​ក្បែរ​ព្រំដែន​ជាមួយ​មី​យ៉ាន់​ម៉ា ប៉ុន្តែ​មិន​គ្រប់គ្រាន់​ឡើយ ព្រោះ​ជនភៀសខ្លួន​បន្ត​ហូរ​ចូល​រាប់ពាន់​ក្នុង​មួយថ្ងៃៗ​។ ការខ្វះខាត​ស្បៀ​អាហារ ក្លាយជា​បញ្ហា​ប្រឈម​ដ៏​ធំ ហើយ​ក្រុម​ជួយសង្គ្រោះ​ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ផ្ដល់ជំនួយ​ជាបន្ទាន់​ផងដែរ​។​

​ដោយ​តែ​អំពើហិង្សា​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោ ជាពិសេស​ទីប្រឹក្សា​រដ្ឋ អ៊ុង​សាន ស៊ូ​ជី ដែលជា​ជ័យលាភី​ណូបែល​សន្តិភាព រង​ការរិះគន់​មិន​ប្រណី​ពី​សហគមន៍​អន្តរជាតិ និង​ពី​ប្រទេស​កាន់សាសនា​ឥស្លាម​ដែរ​។ មេដឹកនាំ​កំពូល​អ៊ីរ៉ង់ Ayatollah Ali Khamenei បាន​ហៅ​ការសម្លាប់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា ជា​វិបត្តិ​នយោបាយ​ដ៏​ធំ​របស់​មី​យ៉ាន់​ម៉ា ឯ​ប្រមុខ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​វិញ​ចាត់ទុក​អំពើហិង្សា​ជាស​ញ្ញា​នៃ​ការលុបបំបាត់​ពូជសាសន៍​ទៅទៀត​។   

​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខ​នឹង​បើក​កិច្ចប្រជុំ​លើ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា តាម​សំណើ​របស់​អង់គ្លេស និង​ស៊ុយអែត​។ គេ​មិនទាន់​ដឹងថា​ក្រុមប្រឹក្សាសន្តិសុខ​នឹងមាន​ចំណាត់ការ​អ្វី​ឡើយ ព្រោះ​ការប្រជុំ​លើក​មុន​គ្មាន​ទទួលលទ្ធផល​អ្វី​ទេ​។ ដោយឡែក យោធា​មី​យ៉ាន់​ម៉ា ក៏​ទាត់ចោល​សំណើ​ឈប់​បាញ់​របស់​ក្រុម​ឧទ្ទាម ARSA ដែរ​ដោយ​លើក​មូល​ហេតុថា​ខ្លួន​មិន​ចរចា​ជាមួយ​ភេរ​វករ​ទេ​។ គេ​បារម្ភ​ថា​ជំហរ​របស់​យោធា​មី​យ៉ាន់​ម៉ា​នឹងធ្វើ​ឲ្យ​ស្ថានការណ៍​នៅ Rakhine កាន់តែ​ធ្ងន់ធ្ងរ​មិន​ខាន​៕ 

Tag:
 បង់​ក្លា​ដែ​ស​
  មី​យ៉ាន់​ម៉ា​
  Sheikh Hasina
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next