កីឡាជាតិ
ជាតិ
Hun Sen Cup៖ ស្វាយរៀងប៉ះណាហ្គាវើល ខណៈឧត្តរមានជ័យស្វាគមន៍បឹងកេតមុនអគ្គិសនីទទួលថាយហ្គឺរ
× ក្រោយសម្រាកអស់រយៈពេលជាច្រើនសប្តាហ៍ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧បានត្រឡប់មកវិញហើយដោយនៅថ្ងៃទី១៣ កញ្ញានេះមានការប្រកួតចំនួន៣គូ។ ក្នុងនោះក្រុមស្វាយរៀងស្វាគមន៍ណាហ្គាវើលនាវេលាម៉ោង៣រសៀលនៅកីឡដ្ឋានខេត្តស្វាយរៀង ខណៈក្រុមម្ចាស់ផ្ទះឧត្តរមានជ័យទទួលក្រុមភ្ញៀវបឹងកេត មុនអគ្គិសនីកម្ពុជាប្រើកីឡដ្ឋានខេត្តស្វាយរៀងស្វាគមន៍ខេមបូឌានថាយហ្គឺរនៅម៉ោង៦ល្ងាច។
ក្រោយសម្រាកអស់រយៈពេលជាង២ខែកន្លងមកពានរង្វាន់សម្តេច ហ៊ុន សែន នឹងបន្តការប្រកួតដំណាក់កាលទី៤ជើងទី២របស់ខ្លួននៅថ្ងៃនេះ ដើម្បីស្វែងរកជើងខ្លាំងឡើងទៅលេងក្នុងដំណាក់កាលទី៥។ ក្រោយរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ១៤-០ ក្នុងជើងទី១ ក្រុមស្វាយរៀងត្រូវធ្វើការធ្ងន់សម្រាប់ការជួបណាហ្គាវើលក្នុងជើងទី២នាវេលាម៉ោង៣រសៀលថ្ងៃទី១៣ កញ្ញានេះនៅកីឡដ្ឋានខេត្តស្វាយរៀង។ តែយ៉ាងណា ណាហ្គាវើលមានភាគរយឡើងទៅវគ្គបន្តខ្ពស់ជាងស្វាយរៀង ពោលគឺក្រុមនេះគ្រាន់តែទប់ត្រឹមស្មើ ឬចាញ់ក្រោម១៤គ្រាប់តែប៉ុណ្ណោះ។
មិនខុសគ្នាពីស្វាយរៀងនោះទេ ក្រុមឧត្តរមានជ័យក្រោយចាញ់យ៉ាងធ្ងន់ធ្ងរ ១៤-១ ក្នុងជើងទី១ត្រូវធ្វើការធ្ងន់ផងដែរសម្រាប់ការជួបក្រុមបឹងកេតក្នុងជើងទី២នៅលើទឹកដីរបស់ខ្លួននាវេលា៣រសៀលនេះ។ ក្រុមឧត្តរមានជ័យត្រូវការឈ្នះបឹងកេតលើសពី១៤គ្រាប់ដើម្បីបន្តឱកាសក្នុងវគ្គបន្ត តែវាមិនងាយនោះឡើយសម្រាប់ឧត្តរមានក្នុងការទម្លុះសំណាញ់ទីរបស់ក្រុមខ្លាំងបឹងកេត។ បឹងកេតមានភាគរយឡើងទៅវគ្គបន្តខ្ពស់សម្រាប់ការប្រកួតនេះពោលគឺគ្រាន់ទប់ស្មើ ឬចាញ់ក្រោម១៣គ្រាប់។
សម្រាប់ការប្រកួតនៅកីឡដ្ឋានខេត្តស្វាយរៀងនាម៉ោង៦ល្ងាច អគ្គិសនីកម្ពុជាទោះបីមានប្រៀបក្នុងការឡើងទៅវគ្គជាងខេមបូឌានថាយហ្គឺរក្រោយយកឈ្នះ ៣-០ ក្នុងជើងទី១ក៏ដោយ ប៉ុន្តែក្រុមនេះមិនអាចធ្វេសប្រហែសបានទេសម្រាប់ការជួបគ្នានៅជើងទី២នេះ ព្រោះខេមបូឌានថាយហ្គឺរជាក្រុមខ្លាំងមានធនធានកីឡាករល្អៗ។ ការជួបគ្នារវាងក្រុមទាំងពីរនឹងក្លាយជាជំនួបមួយដ៏ស្វិតស្វាយ និងទាក់ទាញបំផុតសម្រាប់ទស្សនិកជន។
តាមពិតសម្រាប់ការប្រកួតដំណាក់កាលទី៤ជើងទី២នៃពានរង្វាន់សម្តេច ហ៊ុន សែន នៅថ្ងៃនេះ ត្រូវមានការប្រកួតមួយគូទៀត គឺរវាងក្រុមស្ទឹងត្រែងជាមួយក្រសួងការពារជាតិដែលធ្វើឡើងនៅកីឡដ្ឋានខេត្តស្ទឹងត្រែង។ តែយ៉ាងណា ក្រុមស្ទឹងត្រែងបានសុំចុះចាញ់ក្រសួងការពារជាតិក្រោមហេតុផលទីលានប្រកួតខូច។ ការសុំចុះចាញ់នេះជាហេតុធ្វើឲ្យក្រសួងការពារជាតិឡើងទៅវគ្គបន្តដោយស្វាយប្រវត្តិ៕
Tag:
បាល់ទាត់
Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com