អន្តរជាតិ
ចិន មិនជំទាស់នឹង«ការបញ្ជូនពលករកូរ៉េខាងជើងទៅប្រទេស»វិញឡើយ
× រដ្ឋាភិបាលក្រុងប៉េកាំង បានចាត់ទុកស្ថានភាពនៅឧបទ្វីបកូរ៉េ ថាកំពុងតែមានភាពស្មុគស្មាញខ្លាំង ដែលតម្រូវឲ្យភាគីពាក់ព័ន្ធត្រូវត្រលប់ទៅរកតុចរចាវិញ។ ក្រុងប៉េកាំង ក៏បានប្តេជ្ញាអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលទើបតែបានអនុម័តក្នុងគោលដៅដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងដើម្បីបញ្ឈប់សកម្មភាពគំរាមកំហែងដល់សន្តិសុខនៅក្នុងតំបន់ និងពិភពលោក ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១១ កញ្ញា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចលេខ ២៣៧៥ ដែលត្រូវបានផ្តួចផ្តើមឡើងដោយអាមេរិក ។ សេចក្តីសម្រេចថ្មីនេះ គឺជាទណ្ឌកម្មបន្ថែមថ្មីទៀតរបស់ក្រុមប្រឹក្សាសន្តិសុខ ដើម្បីជាការឆ្លើយតបទៅនឹងមហិច្ឆតារបស់កូរ៉េខាងជើង ដែលនៅតែបន្តបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ។
តាមរយៈទណ្ឌកម្មថ្មីនេះ កូរ៉េខាងជើងត្រូវហាមឃាត់ពីការនាំចូលឧស្ម័នធម្មជាតិគ្រប់ប្រភេទទាំងផលិតផលរាវ ទាំងផលិតផលកំណកក។ ការនាំចូលប្រេងឆៅក៏ត្រូវបានហាមឃាត់ ហើយកូរ៉េខាងជើងអាចនាំចូលប្រេងចម្រាញ់រួចហើយបានត្រឹមតែពីរលានបារ៉ែលប៉ុណ្ណោះក្នុងមួយឆ្នាំ។ គួរកត់សម្គាល់នោះ សមាជិកអង្គការសហប្រជាជាតិ ក៏មិនត្រូវអនុញ្ញាតច្បាប់ការងារឲ្យដល់ពលករជនជាតិកូរ៉េខាងជើងផងដែរ។
ជុំវិញចំណាត់ការនេះ ក្រុងប៉េកាំង ដែលជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងព្យុងយ៉ាង បានសន្យា ថានឹងអនុវត្តឲ្យបានពេញលេញ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាននៅថ្ងៃ១២ កញ្ញា ថាតើចិន នឹងបញ្ជូនពលករកូរ៉េខាងជើង ដែលកំពុងតែបម្រើការនៅក្នុងរោងចក្រប្រទេសចិនឲ្យទៅប្រទេសដើមវិញឬយ៉ាងណា? អ្នកនាំពាក្យក្រសួងការបរទេសចិន មិនបានជំទាស់ឡើយ។
លោក Geng Shuang បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា៖« ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាសមាជិកដែលមានការទទួលខុសត្រូវរបស់សហគមន៍អន្តរជាតិ ចិន នឹងបំពេញកាតព្វកិច្ចអន្តរជាតិ ក៏ដូចជាអនុវត្តតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខឲ្យបានម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយ»។
សូមជម្រាបថា ការណ៍ដែលក្រុមប្រឹក្សាសន្តិសុខសម្រេចដាក់បទបញ្ញត្តិពាក់ព័ន្ធការឈប់ទទួលយកពលករកូរ៉េខាងជើងដើម្បីបម្រើការនៅក្នុងប្រទេស ក៏ព្រោះតែកន្លងមកប្រាក់ឈ្នួលដែលពលករទទួលបាន គឺជាផ្នែកមួយដែលជ្រោមជ្រែងដល់រូបិយវត្ថុរបស់កូរ៉េខាងជើង និងជាពិសេសនោះ ជាលំហូរហិរញ្ញដែលជួយផ្គត់ផ្គង់ដល់កម្មវិធីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ ៕
© រក្សាសិទ្ធិដោយ thmeythmey.com