អន្តរជាតិ
ចិន មិន​ជំទាស់​នឹង​«​ការបញ្ជូន​ពលករ​កូរ៉េខាងជើង​ទៅ​ប្រទេស​»​វិញ​ឡើយ​
13, Sep 2017 , 2:37 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានចាត់ទុក​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ ថា​កំពុង​តែមាន​ភាពស្មុគស្មាញ​ខ្លាំង ដែល​តម្រូវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ត្រលប់​ទៅរក​តុ​ចរចា​វិញ​។ ក្រុង​ប៉េកាំង ក៏បាន​ប្តេជ្ញា​អនុវត្ត​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​ទើបតែ​បានអនុម័ត​ក្នុង​គោលដៅ​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង​ដើម្បី​បញ្ឈប់​សកម្មភាព​គំរាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់ និង​ពិភពលោក ។



​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១១ កញ្ញា បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីសម្រេច​លេខ ២៣៧៥ ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​អាមេរិក ។ សេចក្តីសម្រេច​ថ្មី​នេះ គឺជា​ទណ្ឌកម្ម​បន្ថែម​ថ្មី​ទៀត​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​មហិច្ឆតា​របស់​កូរ៉េខាងជើង ដែល​នៅតែ​បន្ត​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ។

​តាមរយៈ​ទណ្ឌកម្ម​ថ្មី​នេះ កូរ៉េខាងជើង​ត្រូវ​ហាមឃាត់​ពី​ការ​នាំចូល​ឧស្ម័ន​ធម្មជាតិ​គ្រប់​ប្រភេទ​ទាំង​ផលិតផល​រាវ ទាំង​ផលិតផល​កំណ​កក​។ ការ​នាំចូល​ប្រេង​ឆៅ​ក៏​ត្រូវបាន​ហាមឃាត់ ហើយ​កូរ៉េខាងជើង​អាច​នាំចូល​ប្រេង​ចម្រាញ់​រួចហើយ​បានត្រឹមតែ​ពីរលាន​បារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។ គួរកត់សម្គាល់​នោះ  សមាជិក​អង្គការសហប្រជាជាតិ ក៏​មិនត្រូវ​អនុញ្ញាត​ច្បាប់​ការងារ​ឲ្យ​ដល់​ពលករ​ជនជាតិ​កូរ៉េខាងជើង​ផងដែរ​។​

​ជុំវិញ​ចំណាត់ការ​នេះ ក្រុង​ប៉េកាំង ដែលជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ និង​ជា​សម្ព័ន្ធមិត្ត​ដ៏​ជិតស្និទ្ធ​របស់​ក្រុង​ព្យុងយ៉ាង បាន​សន្យា ថា​នឹង​អនុវត្ត​ឲ្យ​បាន​ពេញលេញ​។

​ឆ្លើយតប​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​១២ កញ្ញា ថា​តើ​ចិន នឹង​បញ្ជូន​ពលករ​កូរ៉េខាងជើង ដែល​កំពុងតែ​បម្រើការ​នៅក្នុង​រោងចក្រ​ប្រទេស​ចិន​ឲ្យ​ទៅ​ប្រទេស​ដើម​វិញ​ឬ​យ៉ាងណា​? អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន មិនបាន​ជំទាស់​ឡើយ​។​
​លោក Geng Shuang បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖« ក្នុងនាម​ជា​សមាជិក​អចិន្ត្រៃយ៍​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ជា​សមាជិក​ដែលមាន​ការទទួលខុសត្រូវ​របស់​សហគមន៍​អន្តរជាតិ ចិន នឹង​បំពេញ​កាតព្វកិច្ច​អន្តរជាតិ ក៏ដូចជា​អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​គ្រប់​ជ្រុងជ្រោយ​»​។

​សូមជម្រាបថា ការណ៍​ដែល​ក្រុមប្រឹក្សាសន្តិសុខ​សម្រេច​ដាក់​បទបញ្ញត្តិ​ពាក់ព័ន្ធ​ការឈប់​ទទួលយក​ពល​ករ​កូរ៉េខាងជើង​ដើម្បី​បម្រើការ​នៅក្នុង​ប្រទេស ក៏​ព្រោះតែ​កន្លងមក​ប្រាក់​ឈ្នួល​ដែល​ពលករ​ទទួលបាន គឺជា​ផ្នែក​មួយ​ដែល​ជ្រោមជ្រែង​ដល់​រូបិយវត្ថុ​របស់​កូរ៉េខាងជើង និង​ជាពិសេស​នោះ ជា​លំហូរ​ហិរញ្ញ​ដែល​ជួយ​ផ្គត់ផ្គង់​ដល់​កម្មវិធី​អភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ ៕


Tag:
 ចិន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com