អន្តរជាតិ
អាមេរិក​គំរាម​លែង​ឲ្យ​ចិន​ប្រើប្រាស់ «​ប្រព័ន្ធ​ប្រាក់​ដុល្លារ​» បើ​មិន​ព្រម​អនុវត្ត​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​
13, Sep 2017 , 7:39 pm        
រូបភាព
រដ្ឋមន្រ្តីរត​នាគា​រអាមេរិក ​Steven​ Mnuchin​ (រូបភាព៖ Xinhua)
រដ្ឋមន្រ្តីរត​នាគា​រអាមេរិក ​Steven​ Mnuchin​ (រូបភាព៖ Xinhua)
​រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven Mnuchin បាន​និយាយថា អាមេរិក​អាចដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​ចិន បើ​ចិន​មិន​អនុវត្ត​ទណ្ឌកម្ម​ថ្មី​ប្រឆាំង​កូរ៉េខាងជើង​។ ទណ្ឌកម្ម​មួយ​ដែល​លោក Mnuchin លើកឡើង គឺ​ការលែង​ឲ្យ​ចិន​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​អាមេរិក​តែម្ដង​។ នេះ​ជាការ​គំរាម​ចំៗ​ពី​សំណាក់​អាមេរិក​ទៅកាន់​ចិន​ជុំវិញ​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ដែល​អាមេរិក​អះអាងថា​មិនសូវមាន​ប្រសិទ្ធភាព ព្រោះ​នៅតែមាន​ប្រទេស​បន្ត​រកស៊ី​ជាមួយ​របប​ដឹកនាំ​កូរ៉េខាងជើង​ដដែល​។​



​មន្ត្រីរដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ចុច​ចំឈ្មោះ​ចិន ជា​ប្រទេស​ជាប់​សង្ស័យថា​មិនបាន​អនុវត្តតាម​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​លើ​ការដាក់ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​។ ក្រោយ​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១១ ខែកញ្ញា អាមេរិក​ព្រមាន​ចិន​ឲ្យ​អនុវត្តតាម​សេចក្ដីសម្រេច​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព បើ​មិន​ចង់​ក្លាយជា​រងគ្រោះ​ខ្លួនឯង​ទេនោះ ព្រោះ​អាមេរិក​នឹងដាក់​ទណ្ឌកម្ម​លើ​ចិន​ដែរ​មិន​ខាន​។​

​កន្លងមក រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន បាន​រិះគន់​ចិន​ខ្លាំង​ជុំវិញ​ការបន្ត​រកស៊ី​ជាមួយ​កូរ៉េខាងជើង ផ្ទុយ​ពី​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ប៉ុន្តែ​មិនឃើញ​មាន​ចំណាត់ការ​ណាមួយ​លើ​ចិន​នៅឡើយ​។ ថ្លែង​ក្នុង​សន្និសីទ​មួយ​នៅ​ថ្ងៃទី​១២ ខែកញ្ញា រដ្ឋមន្ត្រី​រតនាគារ Steven Mnuchin និយាយថា អាមេរិក​បាន​ផ្ញើ​សារ​រួចហើយ​ទៅកាន់​ប្រទេស​ដែល​ចង់​រកស៊ី​ជាមួយ​កូរ៉េខាងជើង គឺ​អាមេរិក​នឹង​ពិចារណា​ដាក់ទណ្ឌកម្ម​លើ​ពួកគេ​ដូចគ្នា​។​

​ទណ្ឌកម្ម​ចុងក្រោយ​នេះ​ផ្ដោត​សំខាន់​លើ​ការ​រឹតត្បិត​ការ​នាំចូល​ប្រេង​ទៅកាន់​កូរ៉េខាងជើង និង​ការហាមឃាត់​ការនាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​កូរ៉េខាងជើង​ទៅ​បរទេស​។ គេ​ដឹងថា ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​កូរ៉េខាងជើង ហើយក៏​ជាទី​ផ្សារ​ដ៏​ធំ​នៃ​ផលិតផល​សម្រាប់​នាំចេញ​របស់​កូរ៉េខាងជើង​ដែរ​។ ការអនុវត្ត​តាម​សេចក្ដីសម្រេច​នេះ ពិតជា​ធ្វើ​ឲ្យ​ចិន​ខាតបង់​មិនតិច​ឡើយ ដ្បិត​ទំនិញ​ភាគច្រើន​ដែល​នាំ​ចូលទៅ​កូរ៉េខាងជើង គឺ​បានមក​ចិន​តែម្ដង​។​

​បើ​យោងតាម​សារព័ត៌មាន RT រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក​ចាត់ទុក​ទណ្ឌកម្ម​ប្រឆាំង​កូរ៉េខាងជើង​ដែល​ទើប​អនុម័ត​នៅ​ដើម​សប្ដាហ៍​នេះ ជា​រឿង​ប្រវត្តិសាស្ត្រ ហើយ​ដែល​ត្រូវគោរព​ទាំងអស់គ្នា​។ ដោយ​សំដៅ​ឈ្មោះ​ចិន លោក Mnuchin បញ្ជាក់ថា បើ​ចិន​មិន​ធ្វើតាម​សេចក្ដីសម្រេច​ថ្មី​នេះ​ទេ អាមេរិក​នឹងដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ចិន​មិន​ខាន ហើយ​អាមេរិក​នឹង​រឹតត្បិត​ចិន​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដុល្លារ​របស់ខ្លួន​ផងដែរ​។​

​ជុំវិញ​បញ្ហា​បំពាន​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ក្រុង​វ៉ាស៊ីនតោន​ហាក់​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការដាក់​សម្ពាធ​លើ​ក្រុង​ប៉េកាំង ព្រោះ​ខ្លាច​ក្រុង​ប៉េកាំង​សងសឹក​វិញ និង​ម្យ៉ាង​ខ្លាច​ទំនាស់​រវាង​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ បង្ក​ជា​វិបត្តិ​សេដ្ឋកិច្ច​ពេញ​សកលលោក​។ អ្វីដែល​ត្រូវ​ចងចាំ គឺ​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ធ៏​ធំ​ជាមួយ​ចិន ហើយ​ចិន​ជា​ម្ចាស់បំណុល​ដ៏​ធំ​របស់​អាមេរិក​។ ចិន​កាន់កាប់​បណ្ណ​បំណុល​របស់​អាមេរិក​ដែលមាន​តម្លៃ​ដល់​ទៅ​១​ទ្រី​លាន​ដុល្លារ​ឯណោះ​៕


Tag:
 អាមេរិក​
  ចិន​
  កូរ៉េខាងជើង​
  Steven Mnuchin
© រក្សាសិទ្ធិដោយ thmeythmey.com