ជាតិ
១១ថ្ងៃ មានពលរដ្ឋតែជាង៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោត
× ភ្នំពេញ៖ បើគិតពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២0១៧ ប្រជាពលរដ្ឋចំនួន ៦៧,៧៦៣ នាក់ បានទៅចុះឈ្មោះបោះឆ្នោត។ នេះបើតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបើឆ្នោត (គ.ជ.ប )។
សេចក្តីជូនដំណឹងរបស់គ.ជ.ប បានឲ្យដឹងថា បើបូកបញ្ជូលឈ្មោះអ្នកបោះឆ្នោត ក្នុងឆ្នាំ២0១៦ ជាមួយឈ្មោះអ្នកបោះឆ្នោត ក្នុងឆ្នាំ២0១៧ អ្នកបោះឆ្នោតសរុប មានចំនួន ៧,៩៣២,៤៣៥ នាក់ហើយ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោតបច្ចុប្បន្ន។ បើតាមសេចក្តីជូនដំណឹងរបស់គ.ជ.ប ដដែល ប្រជាពលរដ្ឋចំនួន ៧,៨៦៥,00៣ នាក់ បានទៅចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២0១៦ សម្រាប់ការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ កន្លងទៅ។
ការរៀបចំចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២0១៧នេះ គឺសម្រាប់តែប្រជាពលរដ្ឋ ដែលមិនបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២0១៦ ប៉ុណ្ណោះ។ បើតាមគ.ជ.ប ប្រជាពលរដ្ឋប្រមាណ ១លាន និង៦សែននាក់ទៀត ដែលមិនបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២0១៦ ដូច្នេះពួកគេ ត្រូវតែទៅចុះឈ្មោះ ដើម្បីមានសិទ្ធិបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨។
ចំណែក ប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោត ក្នុងឆ្នាំ២0១៦ នឹងមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិ ក្នុងឆ្នាំ២0១៨ តែម្តង ដោយមិនតម្រូវឲ្យចុះឈ្មោះសាជាថ្មីឡើយ។ យ៉ាងណា ប្រជាពលរដ្ឋទាំងនោះ ក៏ត្រូវតែទៅពិនិត្យឈ្មោះរបស់ខ្លួន នៅតាមឃុំ-សង្កាត់ ឡើងវិញដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com