អន្តរជាតិ
​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី កូរ៉េខាងជើង​ប្រកាស​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​បន្ថែមទៀត​
13, Sep 2017 , 8:39 pm        
រូបភាព
ដោយ:
​កូរ៉េខាងជើង​សន្យា​អភិវឌ្ឍ​បន្ថែម​នូវ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​អង្គការសហប្រជាជាតិ​។ ក្រុង​ព្យុងយ៉ាង​លើក​មូល​ហេតុថា ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​បន្ថែម គឺ​ដើម្បី​ការពារ​អធិបតេយ្យ និង​សិទ្ធិ​រស់រាន​របស់ខ្លួន​ផងដែរ​។ ម្យ៉ាងទៀត ទណ្ឌកម្ម​ថ្មី​នេះ​បាន​បញ្ជាក់ថា​ផ្លូវ​ដែល​កូរ៉េខាងជើង​បាន​ដើរ​ជា​ផ្លូវ​ដែល​ត្រឹមត្រូវ​បំផុត​។​



​ក្រសួងការបរទេស​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៣ ខែកញ្ញា បាន​អះអាងថា ខ្លួន​នឹង​បង្កើនល្បឿន​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ ដើម្បី​ជាការ​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ថ្មី​ដែល​ក្រុមប្រឹក្សាសន្តិសុខ​ទើប​អនុម័ត​។ នេះ​ក៏​ព្រោះតែ​ក្រុង​ព្យុងយ៉ាង​យល់ថា ទណ្ឌកម្ម​ថ្មី​នេះ​បាន​ដកសិទ្ធិ​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង​។​

​បន្ទាប់ពី​ក្រុង​ព្យុងយ៉ាង​បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី​៦ កាលពីដើម​ខែកញ្ញា អង្គការសហប្រជាជាតិ​បានដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង​នៅ​ថ្ងៃទី​១១ ខែកញ្ញា ។​ទណ្ឌកម្ម​ថ្មី​ដែល​តាក់តែង​ដោយ​អាមេរិក​នេះ រួមមាន​ការហាមឃាត់​ការនាំចេញ​វាយ​ន​ភណ្ឌ និង​កាត់ផ្ដាច់​ការផ្គត់ផ្គង់​ប្រេង​ឆៅ​ផងដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួងការបរទេស​កូរ៉េខាងជើង​ដូច្នេះ​ថា​៖«​ទណ្ឌកម្ម​ហួសហេតុ​របស់​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់ថា ផ្លូវ​ដែល​កូរ៉េខាងជើង​ដើរ​ជា​ផ្លូវ​ត្រឹមត្រូវ​។ ដូច្នេះហើយ ក្រុង​ព្យុងយ៉ាង​នឹង​ព្យាយាម​បន្ថែមទៀត​ក្នុងការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដើម្បី​ការពារ​អធិបតេយ្យភាព និង​សិទ្ធិ​រស់រាន​របស់ខ្លួន​»​។​  
  ​
​ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​រិះគន់​ទណ្ឌ​កម្មនេះ ដោយ​មិន​ត្រឹមតែ​ចាត់ទុកជា​ការដក​សិទ្ធិ​ការពារ​ខ្លួន​របស់​កូរ៉េខាងជើង​ប៉ុណ្ណោះ​ទេ ថែមទាំង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ប្រជាជន និង​ប្រទេស​កូរ៉េខាងជើង​ទាំងមូល​ផងដែរ​។​

​គួរ​បញ្ជាក់ដែរថា សេចក្ដីសម្រេច​ដាក់ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េខាងជើង ត្រូវបាន​អនុម័ត​ដោយ​សំឡេង​ជា​ឯកច្ឆន្ទ មានន័យថា​សម្ព័ន្ធមិត្ត​កូរ៉េខាងជើង​ទាំងពីរ គឺ​ចិន និង​រុស្ស៊ី​ក៏​បោះឆ្នោត​គាំទ្រ​ដែរ​។ នេះ​ជា​ទណ្ឌកម្ម​ទី​៩ ប្រឆាំង​កូរ៉េខាងជើង បើ​រាប់​ចាប់តាំងពី​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើកដំបូង​របស់​កូរ៉េខាងជើង​នៅ​ឆ្នាំ​២០០៦​។​

​អាមេរិក និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ជាច្រើន​ទៀត​បាន​អះអាងថា ទណ្ឌកម្ម​ថ្មី​នេះ​នឹង​អាច​បង្ខំ​ឲ្យ​កូរ៉េខាងជើង​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ដោយសារ​ការបន្ថែម​សម្ពាធ​។ យ៉ាងណាមិញ អ្នកជំនាញ​ជាច្រើនរូប​ចាប់ផ្ដើម​សង្ស័យ​ហើយ​ថា តើ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់ខ្លួន​ពិតជា​អាច​បញ្ឈប់​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េខាងជើង​មែនដែរ​ឬទេ​៕


Tag:
 កូរ៉េខាងជើង​
  ទណ្ឌកម្ម​ថ្មី​
  ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com