កីឡាអន្តរជាតិ
អន្តរជាតិ
Champion League៖ ក្រុមខ្លាំងសុទ្ធតែអាចរក៣ពិន្ទុបាននៅថ្ងៃបើកឆាក
× ក្រុម Manchester United, Chelsea Bayern Munich, Paris Saint German និង Barcelona សុទ្ធតែអាចរក ៣ពិន្ទុបាននៅថ្ងៃបើកឆាកការប្រកួតពានរង្វាន់ UEFA Champion League ក្នុងវគ្គជម្រុះតាមពូលនារាត្រីថ្ងៃទី១២ រំលងអាធ្រាតុ [ម៉ោងនៅកម្ពុជា]។
ក្រោយខកខានចូលរួមដណ្តើមពានរង្វាន់កំពូលនៅតំបន់អឺរ៉ុបកាលពីឆ្នាំមុន ក្រុមបិសាចក្រហម Manchester United បានបើយុទ្ធនាការរបស់ខ្លួនសារជាថ្មីដោយយកឈ្នះក្រុមមកពីលីកកំពូលស្វីស FC Basel ក្នុងលទ្ធផល ៣-០ នៃការប្រកួតដំបូងក្នុងពូល A។
គ្រាប់បាល់ដំបូងធ្វើបានដោយ Marouane Fellaini នៅនាទី ៣៥ ក្រោយប្តូរចូលជំនួស Paul Pogba ដែលរបួសមិនអាចបន្តការប្រកួតបាន។ គ្រាប់បាល់ទី២ធ្វើបានដោយខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku នៅនាទី ៥៣ មុនពេល Marcus Rashford បន្ថែមមួយគ្រាប់ទៀតមុនចប់ការប្រកួត ដោយលទ្ធផលចុងក្រោយ Manchester United ឈ្នះ Basel ៣-០។
Lionel Messi បានជួយក្រុម Barcelona អាចសងសឹក Juventus វិញបានក្រោយស៊ុតបញ្ចូលទីបាន២គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះ ៣-០ ក្នុងទឹកដី Camp Nou នៃវគ្គជម្រុះក្នុងពូល D។ ២គ្រាប់របស់ Messi ធ្វើបាននៅនាទី ៤៥ និង ៦៩ ចំណែក១គ្រាប់ទៀតធ្វើបានដោយខ្សែបម្រើ Ivan Rakitic នាទី ៥៦។
សម្រាប់ក្រុមដែលស្ថិតនៅពូល B ពីរក្រុមរួម Bayern Munich និង Paris Saint German សុទ្ធតែអាចទទួលបានជោគជ័យនៅថ្ងៃបើកឆាកដូចគ្នា។
ក្រុមម្ចាស់ជើងឯកអាល្លឺម៉ងអាចរក៣ពិន្ទុបានពីក្រុម Anderlecht ក្នុងលទ្ធផល ៣-០ លើទឹកដីខ្លួន។ ៣គ្រាប់របស់ Bayern Munich រកបានដោយ Robert Lewandowski, Thiago Alcantara និង Joshua Kimmich។
រីឯក្រុមជើងឯករងរបស់ Ligue1 បារាំងរដូវកាលមុន អាចរកបានដល់ទៅ ៥គ្រាប់ឯណោះលើកក្រុម Celtic។ គ្រាប់ដំបូងធ្វើរបស់ PSG រកបានដោយខ្សែប្រយុទ្ធដែលតម្លៃថ្លៃជាងលើលោក Neymar ហើយគ្រាប់បាល់ទី២ រកបានដោយកីឡាករថ្លៃទី២លោក Kylian Mbappe និង២គ្រាប់ធ្វើបានដោយ Edinson Cavani និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់ Celtic។
ក្រុមមកពីអង់គ្លេសមួយទៀត និងជាម្ចាស់ពាន Premier League រដូវកាលមុន Chelsea អាចរកបានដល់ទៅ ៦គ្រាប់សម្រាប់ប្រកួតដំបូងលើក្រុម Qarabag FK ដែលស្ថិតនៅពូល C។
៦គ្រាប់របស់ក្រុមរហស្សនាមតោខៀវធ្វើបានដោយ Pedro Rodriguez, Davide Zappacosta, Cesar Azpilicueta, Tiemoue Bakayoko, Michy Batshuayi និងគ្រាប់បាល់ចូលទីខ្លួនឯងរបស់កីឡាករ Maksim Medvedev៕
ខាងក្រោមនេះជាលទ្ធផលប្រកួតថ្ងៃដំបូងចាប់ពីពូល A ដល់ D នៃក្របខណ្ឌ UEFA Champion League៖
ពូល A៖ Benfica ២-៣ CSKA Moscow, Manchester United ៣-០ FC Basel
ពូល B៖ Bayern Munich ៣-០ Anderlecht, Celtic ០-៥ Paris St-Germain
ពូល C៖ Chelsea ៦-០ Qarabag, Roma ០-០ Atletico Madrid
ពូល D៖ Barcelona ៣-០ Juventus , Olympiakos ២-៣ Sporting
Tag:
បាល់ទាត់
UEFA Champion League
© រក្សាសិទ្ធិដោយ thmeythmey.com