អត្ថបទពាណិជ្ជកម្ម
​គម្រោង​កីឡា​សម្រាប់​កុមារ​ទីទ័លក្រ ត្រូវបាន​បង្កើតឡើង​ដោយ ក្រុមហ៊ុន Smart Axiata អង្គការ PSE និង​មូលនិធិ​ក្លឹប​បាល់ទាត់ Real Madrid
13, Sep 2017 , 3:33 pm        
រូបភាព
​នៅ​ថ្ងៃទី ១៣  ខែកញ្ញា ឆ្នាំ ២០១៧  អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែល​ត្រូវបាន​ស្គាល់​ច្បាស់​ថា PSE និង​ជា​អង្គ​ការមិន​រកប្រាក់​កម្រៃ ព្រម​ជាមួយនឹង​ក្រុមហ៊ុន​ស្មា​ត​អា​ស្យា​តា (Smart Axiata) ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ចល័ត​ឈានមុខ​គេ បានប្រកាស​ភាពជា​ដៃគូ​រយៈពេល ៤ ឆ្នាំ ក្នុងការ​គ្រប់គ្រង​សាលារៀន​សង្គម​កីឡា ដែល​ស្ថិតនៅ​អគារ​លេខ ៤០២ ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ។ ព្រឹត្តិការណ៍​នេះ​មានការ​ចូលរួម​ជា​គណៈអធិបតី​ពី​សំណាក់​ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោកស្រី រូ​ហ្សា រ៉ុ​នខា​ល (Rosa Roncal) ប្រធាន​មូលនិធិ Real Madrid អន្តរជាតិ ។

​សាលារៀន​សង្គម​កីឡា Smart-PSE-RMF ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំណាលគ្នា​នឹង​ទីលាន​បាល់ទាត់​សិប្បនិម្មិត​ដែលមាន​ទំហំ​ខ្នាត​អន្តរជាតិ​ថ្មី​សន្លាង ដែល​ទទួល​ការឧបត្ថម្ភ​ទាំងស្រុង​ពី​ក្រុមហ៊ុន​ស្មា​ត អា​ស្យា​តា (“Smart”) ។ គម្រោង​នេះ​ត្រូវបាន​សម្របសម្រួល​ដោយ​អង្គការ PSE ដោយ​សហការ​ជាមួយនឹង​ស្ថាប័ន​មនុស្សធម៌​អន្តរជាតិ គឺ​មូលនិធិ Real Madrid (“RMF”) ដែល​ធ្លាប់បាន​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជាមួយនឹង​អង្គការ PSE កាលពី​ឆ្នាំ ២០១៥ ដើម្បី​ជួយ​ដល់​កុមារ​ដែល​គ្មាន​ឱកាស​ទទួលបាន​ការអប់រំ​ត្រឹមត្រូវ ឲ្យ​មាន​អនាគត​កាន់តែ​ប្រសើរ​។



​នៅក្នុង​ពិធី​ប្រកាស​អំពី​ភាពជា​ដៃគូ​នោះ ឯកឧត្តម​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន បាន​អបអរសាទរ​ដល់​គ្រប់ភាគី​សម្រាប់​ការប្ដេជ្ញាចិត្ត​នាំមក​នូវ​ការផ្លាស់ប្ដូរ​វិជ្ជមាន​ដល់​ជីវិត​របស់​យុវជន​កម្ពុជា​តាមរយៈ​ការអប់រំ បំ​ណិ​ន​សង្គម និង​កីឡា​។ ឯកឧត្តម បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “​ខ្ញុំ​មាន​ក្តីរំភើប​យ៉ាងខ្លាំង នៅពេល​ឃើញ​ក្រុមហ៊ុន ស្មា​ត និង​អង្គការ PSE ដែល​កំពុង​រួមចំណែក​យ៉ាងច្រើន​ក្នុងសង្គម បានសម្រេច​ចិត្ត ចាប់ដៃគ្នា​អនុវត្ត​គម្រោង​ថ្មី​នេះ​ឡើង​។ នៅពេលនេះ កុមារ​រាប់រយ​នាក់ នឹងមាន​ឱកាស​ច្រើន​តាមរយៈ​ការអប់រំ គុណ​តម្លៃ និង​បំ​ណិ​ន​ជីវិត​ប្រសើរ​ជាង​មុន ដែល​ពួកគេ​ភាគច្រើន​ពុំ​ធ្លាប់​សុបិន​ថា​នឹង​ទទួលបាន​ឱកាស​បែប​នេះឡើយ​ពីមុនមក​”​។​



​លោក លន់ បូ​រិទ្ធី អគ្គនាយក​អង្គការ PSE បាន​ស្វាគមន៍​ចំពោះ​ទិសដៅ​ថ្មី​នៃ​សាលារៀន​នេះ  ហើយ​បានទទួល​ស្គាល់​នូវ​ចំណុចខ្លាំង​របស់​ដៃគូ​សំខាន់​ទាំងពីរ ។​លោក​បាន​ថ្លែងថា​៖ “​ក្នុងនាម​ជា​អ្នករៀបចំ​ពិធី​នេះ និង​ជួសមុខ​ឲ្យ​កុមារ និង​ស្ថាបនិក​របស់​អង្គការ PSE យើងខ្ញុំ​មាន​ក្តីរំភើប​ក្នុងការ​ចាប់ផ្ដើម​ភាពជា​ដៃគូ ក្នុងការ​អនុវត្ត​គម្រោង​សាលារៀន​សង្គម​កីឡា​នេះ ក្រោម​ការឧបត្ថម្ភ​ប្រកបដោយ​ភាព​សប្បុរស និង​ការគាំទ្រ​ដ៏​ថ្លៃថ្លា​ពី​ក្រុមហ៊ុន ស្មា​ត អា​ស្យា​តា និង មូលនិធិ​ក្លឹប​បាល់ទាត់ Real Madrid ។  តាមរយៈ​ភាពជា​ដៃគូ​ត្រីភាគី​នេះ យើង​ជឿថា នឹងមាន​លទ្ធភាព​ព​ន្លឿ​ន​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​ជួយ​ដល់​កុមារ​ទីទ័ល ឲ្យ​ក្លាយជា​ពលរដ្ឋ​មាន​សមា​ហរ​ណ​ភាព​ពេញលេញ​នៅ​កម្ពុជា​”​។​

​លោកស្រី រ៉ូ​ហ្សា រ៉ុ​នខា​ល ប្រធាន​មូលនិធិ RMF អន្តរជាតិ បាន​មានប្រសាសន៍ថា​៖ “​គោលដៅ​រួម​គឺមាន​ភាពច្បាស់លាស់​ណាស់ គឺ​កីឡា បំ​ណិ​ន​ជីវិត និង​ការអភិវឌ្ឍន៍​សង្គម​។ សាលារៀន​សង្គម​កីឡា​នេះ​នឹងមិន​ត្រឹមតែ​ផ្ដល់​ផលប្រយោជន៍​ដល់​សិស្សានុសិស្ស​ដែល​មក​អង្គការ PSE ដើម្បី​បាន​លេង និង​រៀន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ក៏​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រូបង្វឹក ដែល​ត្រូវ​ផ្ដល់​ការហ្វឹកហ្វឺន​ស្របតាម​បទដ្ឋាន​លំដាប់​ពិភពលោក​ផងដែរ​”​។​



​នៅក្នុង​ស្មារតី​គំរូ​សាលារៀន​សង្គម​កីឡា​របស់​មូល​និ​ធី RMF កុមារ​ដែលមាន​អាយុ​ចន្លោះ​ពី ៦ ដល់ ១៧ ឆ្នាំ មិន​ថា​ជា​ភេទ​អ្វី​នោះទេ មានឱកាស​មាស​ក្នុង​ការចូលរួម​ការហ្វឹកហាត់ និង​សិក្សា​ដោយ​មិនចាំបាច់​បារម្ភ​លើ​បញ្ហា​ហិរញ្ញវត្ថុ​ឡើយ ។ ការជ្រើសរើស​សម្រាប់​ការទទួល​យកមក​បណ្ដុះ​បណ្ដាល គឺ​មិន​ផ្អែកលើ​លក្ខណៈវិនិច្ឆ័យ​ផ្នែក​អត្តពលកម្ម​នោះទេ ប៉ុន្តែ​គឺ​ផ្អែកលើ​ការផ្ដល់​អាទិភាព​លើ​អ្នក​ដែល​ស្ថិតក្នុង​ស្ថានភាព​សេដ្ឋកិច្ចសង្គម​ដែល​លំបាក​។

​ប៉ារ៉ាម៉ែត្រ​ទាំងនេះ គឺ​មិនមាន​អ្វី​ប្លែក​ឡើយ​សម្រាប់​ក្រុមហ៊ុន​ស្មា​ត ដែលជា​ក្រុមហ៊ុន​តស៊ូ​មតិ​ខ្លាំងក្លា​ឲ្យ​មានការ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។



​លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ស្មា​ត បាន​មានប្រសាសន៍ថា​៖ “​យើង​មាន​ក្តី​រីករាយ​ក្នុងការ​ប្រកាស​អំពី​ភាពជា​ដៃគូ​នេះ ដែលជា​ផ្នែក​មួយ​នៃ​កញ្ចប់​កម្មវិធី “​កីឡា​សម្រាប់​ការអភិវឌ្ឍន៍  របស់​យើង ដែលជា​ឧបករណ៍​ដ៏​រឹងមាំ​សម្រាប់​ការលើកកម្ពស់​ការអប់រំ​ក្នុងចំណោម​យុវជន​ដែលមាន​ទេពកោសល្យ​នៅ​កម្ពុជា​”​។ លោក​បាន​បន្ថែមទៀតថា​៖ “​ដោយសារ​កីឡា​សហគមន៍ គឺជា សរសរ​ស្ដម្ភ មួយ​ក្នុងចំណោម​សរសរ​ស្ដម្ភ​សំខាន់​ដទៃទៀត​នៃ​ផ្នែក​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​ស្មា​ត ដូច្នេះ​ភាគី​ដៃគូ​ទាំងអស់​សុទ្ធ​តែមាន​មូលដ្ឋាន​រួម​ដូចគ្នា ក្នុង​ការកសាង​អនាគត​កាន់តែ​ភ្លឺស្វាង​សម្រាប់​យុវជន​កម្ពុជា ។ ទន្ទឹមនឹងនេះ យើង​ក៏បាន​សម្រេចចិត្ត​ឧបត្ថម្ភ​បន្ថែម​ក្នុង​ការកសាង​ទីលាន​បាល់ទាត់​ដើម្បី​ជួយ​ពង្រឹង​បទពិសោធន៍​ដល់​សិស្សានុសិស្ស​ដែល​ស្ថិតក្រោម​គម្រោង​នេះ​”​។

​ភាពជា​ដៃគូ​ផ្ដាច់មុខ​រវាង​ក្រុមហ៊ុន​ស្មា​ត និង​អង្គការ PSE សម្រាប់​គម្រោង​សាលារៀន​នេះ គឺ​ទំនងជា​នឹងត្រូវ​បន្ត និង​អភិវឌ្ឍ​បន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត ។ ក្នុង​កិច្ចសន្យា​ដែលមាន​ស្រាប់ កុមារា និង​កុមារី​ចំនួន​ជាង ៩០០ នាក់​ត្រូវបាន​រំពឹងថា នឹង​ទទួលផល​ពី​គម្រោង​នេះ ហើយ​ពួកគេ​នឹងត្រូវ​រៀន​លេង​បាល់ទាត់ ហើយ​ទន្ទឹមនឹងនេះ​ក៏ត្រូវ​បង្កើត​តម្លៃ​ផ្ទៃក្នុង​ដូចជា​ស្មារតី​ក្រុម និង​សាមគ្គីភាព ក៏ដូចជា​ទម្លាប់​រស់នៅ​ឲ្យ​មាន​សុខ​ភាពល្អ​ផងដែរ ។ ដោយសារ​មានការ​គាំទ្រ​ពី​មូល​និ​ធី RMF បុគ្គលិក​អង្គការ PSE ក៏​នឹង​ទទួលផល​ប្រយោជន៍​ពី​ការបណ្ដុះបណ្ដាល និង​វិធីសាស្ត្រ​អប់រំ​ដែលមាន​គុណភាព​ខ្ពស់ និង​បង្កើន​បំ​ណិ​ន​របស់ខ្លួន​ស្របតាម​វិធីសាស្ត្រ​ដែល​ប្រើប្រាស់​ទូទាំង​សកលលោក​។



( អត្ថបទ​ពាណិជ្ជកម្ម


© រក្សាសិទ្ធិដោយ thmeythmey.com