ជាតិ
ព្រឹទ្ធាចារ្យ ភុល ជឹម គ្រូអក្សរសាស្ត្រខ្មែរដ៏ល្បីឈ្មោះម្នាក់ ទទួលមរណភាពក្នុងអាយុ៧៣ឆ្នាំ
× ភ្នំពេញ៖ បន្ទាប់ពីស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាច្រើនសប្តាហ៍ គ្រូតា ភុល ជឹម ដែលជាគ្រូបង្រៀនដ៏ល្បីល្បាញផ្នែកអក្សរសាស្ត្រខ្មែរនៅវិទ្យាល័យបាក់ទូក បានទទួលមរណភាពនៅម៉ោង៧កន្លះព្រឹក នាថ្ងៃទី១៣ ខែកញ្ញានេះ។
លោក ជូ ចន្ទតារារិទ្ធិ កូនប្រុសបង្កើតរបស់គ្រូតា ភុល ជឹម បានសរសេរនៅលើគណនីហ្វេសប៊ុក(Chou Chan Dararith)របស់ខ្លួនថា លោកឪពុករបស់លោកបានទទួលមរណភាពនៅម៉ោង៧ និង៣០នាទី ថ្ងៃទី១៣ ខែកញ្ញានេះ។
លោកសរសេរថា៖ «លោកប៉ា បានទទួលមរណភាពហើយនៅម៉ោង៧ និង៣០នាទីព្រឹក នាថ្ងៃទី១៣ ខែកញ្ញា នៅមន្ទីរពេទ្យឡាសង់តេ ក្នុងជន្មាយុ ៧៣ឆ្នាំ»។
កាលពីពីរថ្ងៃមុន លោក ជូ ចន្ទតារារិទ្ធ បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា ឪពុករបស់ខ្លួន មានជំងឺធ្ងន់ធ្ងរ ដោយបានស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ជាច្រើនសប្តាហ៍ និងបានអំពាវនាវរកសប្បុរជន ដើម្បីជួយផ្តល់ឈាម និងថវិកាជួយស្រោចស្រង់ជីវិតឪពុករបស់ខ្លួនទៀតផង។ ទោះបីមានការជ្រោមជ្រែងពីសាច់ញាតិយ៉ាងណា ប៉ុន្តែ នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់គាត់បាន។
បើតាមលោក ជូ ចន្ទតារារិទ្ធ បច្ចុប្បន្ន សពរបស់លោកគ្រូតា ភុល ជឹម ត្រូវបានក្រុមគ្រួសារយកមករៀបចំចាត់ចែងធ្វើបុណ្យនៅផ្ទះលេខ៣A ផ្លូវលេខ៣៤៩ សង្កាត់បឹងកក់១ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ នៅម្តុំអង់តែនទួលគោក។
លោកគ្រូតា ភុល ជឹម គឺជាអតីតគ្រូអក្សរសាស្ត្រខ្មែរដ៏ល្បីល្បាញនៅវិទ្យាល័យបាក់ទូក ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) និងជាគ្រូបង្រៀននៅមជ្ឈមណ្ឌលភូមិភាគគរុកោសល្យអូរបែកក្អម និងធ្លាប់បង្រៀននៅវិទ្យាល័យស៊ីសុវត្ថិផងដែរ៕
Tag:
ភុល ជឹម
បាក់ទូក
មរណភាព
© រក្សាសិទ្ធិដោយ thmeythmey.com