English-Français
ជាតិ
សង្គមជាតិ
អ្នកជំនាញភាពយន្ត ប៊ែលហ្សិក ចង់បង្កើតសាលាភាពយន្តជាមួយផលិតករខ្មែរលោក ប៉ាន់ រិទ្ធី នៅកម្ពុជា
× ភ្នំពេញ៖ ស្ថាប័នរៀបចំព្រឹត្តិការណ៍ភាពយន្តដ៏ធំរបស់ប្រទេសប៊ែលហ្សិក Festival International du Film d’amour de Mons បង្ហាញបំណងចង់បង្កើតសាលាភាពយន្តជាមួយផលិតករភាពយន្តខ្មែរលោក ប៉ាន់ រិទ្ធី នៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ នៅក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជានៅពេលនេះ លោក André Ceuterick ប្រធានទិវាព្រឹត្តិការណ៍ភាពយន្ត ប៊ែលហ្សិក Festival International du Film d’amour de Mons បាននិយាយថា ស្ថាប័នរបស់លោក និងសាលាភាពយន្តនៅក្នុងប្រទេស ប៊ែលហ្សិក ចាប់អារម្មណ៍ចំពោះការបង្កើតសាលាភាពយន្តនៅក្នុងប្រទេសកម្ពុជា ហើយលោក ប៉ាន់ រិទ្ធី ស្ថាបនិកមជ្ឈមណ្ឌលសោតទស្សន៍ បូផាណា ក៏ចាប់អារម្មណ៍នឹងគំនិតនេះដែរ។
សូមអញ្ជើញស្តាប់បទសម្ភាសជាភាសាបារាំង
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រទេសកម្ពុជាកម្ពុជាមានបំណងចង់បង្កើតសាលាភាពយន្ត។ តែលទ្ធផលជាក់ស្តែង មិនទាន់លេចចេញជារូបរាងនៅឡើយទេ។ នៅក្នុងសប្តាហ៍នេះ ស្ថាប័នព្រឹត្តិការណ៍ភាពយន្តនៃប្រទេស ប៊ែលហ្សិក Festival International du Film d’amour de Mons បានមកទស្សនាប្រទេសកម្ពុជា ហើយបានជួបអាជ្ញាធរពាក់ព័ន្ធក្នុងវិស័យភាពយន្តមួយចំនួននៃប្រទេសនេះ។ ជាលទ្ធផល ភាគីកម្ពុជា និងប៊ែលហ្សិកបង្ហាញអារម្មណ៍រួមគ្នាចង់បង្កើតសាលាភាពយន្តមួយរួមគ្នានៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ កាលបរិច្ឆេទពិតប្រាកដ មិនត្រូវបានកំណត់ និងបញ្ជាក់ឲ្យច្បាស់លាស់នៅឡើយទេ ព្រោះ វានៅសល់កិច្ចការជាច្រើនទៀតដែលត្រូវធ្វើ មុននឹងអាចឈានទៅបង្កើតសាលាភាពយន្តនេះបាន។
នៅក្នុងបទសម្ភាសផ្តាច់មុខជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ កាលពីថ្ងៃទី១២ខែកញ្ញា ម្សិលមិញ លោក André Ceuterick ប្រធានទិវាព្រឹត្តិការណ៍ភាពយន្តប៊ែលហ្សិក Festival International du Film d’amour de Mons បានបញ្ជាក់ថា៖«យើងមានគំនិតបង្កើតសាលាភាពយន្តនៅប្រទេសកម្ពុជា និងផលិតភាពយន្តរួមគ្នា។ ការបង្កើតសាលាភាពយន្ត មិនមែនជាការលំបាកខ្លាំងណាស់ណាប៉ុន្មានឡើយ។ យើងត្រូវការឆន្ទៈនយោបាយរួមគ្នា ឆន្ទៈរួមគ្នារវាងអ្នកជំនាញភាពយន្តខ្មែរ និងបរទេស»។ ជំនាញបច្ចេកទេស ហាក់បីដូចជាមិនមែនជាបញ្ហាចោទឡើយ ហើយការស្វែងរកថវិកាក៏មិនមែនជាឧបសគ្គធំដុំដែរ។ នេះ បើយោងតាមការអត្ថាធិប្បាយរបស់លោក André Ceuterick។ លោក André Ceuterick បន្ថែមទៀតថា រូបលោកផ្ទាល់ និងលោក ប៉ាន់ រិទ្ធី ផលិតករភាពយន្តខ្មែរ មានឆន្ទៈរួមគ្នាក្នុងការបង្កើតសាលាភាពយន្តមួយនៅក្នុងប្រទេសកម្ពុជា។ អ្នកជំនាញក្នុងវិស័យភាពយន្ត ជនជាតិប៊ែលហ្សិករូបនេះ សន្យានឹងអញ្ជើញអគ្គនាយកសាលាភាពយន្តដ៏ល្បីល្បាញនៅក្នុងប្រទេស ប៊ែលហ្សិក ឲ្យមកទស្សនា និងជួបមន្ត្រីពាក់ព័ន្ធកម្ពុជានាពេលខាងមុខនេះ។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ លោក André Ceuterick ប្រធានទិវាព្រឹត្តិការណ៍ភាពយន្ត ប៊ែលហ្សិក Festival International du Film d’amour de Mons បានយកភាពយន្តល្អៗមកពីប្រទេស ប៊ែលហ្សិក ដើម្បីបញ្ចាំងជូនពលរដ្ឋខ្មែរ និងបរទេសទស្សនានៅក្នុងមជ្ឈមណ្ឌលសោតទស្សន៍ បូផាណា នៅរាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com