ជាតិ
សិស្ស​និទ្ទេស A ៤៧​នាក់​នៅ​សៀមរាប នឹង​បាន​ម៉ូតូ​ម្នាក់​១​គ្រឿង​នា​ថ្ងៃទី​១៧ ខែកញ្ញា​
14, Sep 2017 , 8:59 am        
រូបភាព
«លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប»
«លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប»
​សៀមរាប​៖ រដ្ឋបាល​ខេត្តសៀមរាប បានប្រកាស​ប្រាប់​សិស្សានុសិស្ស រួមទាំង​អាណាព្យាបាល នៃ​សិស្ស​ជាប់​និទ្ទេស A ទាំង​៤៧​រូប នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ទាក់ទង​នឹង​ពិធី​ប្រគល់​ម៉ូតូ​នា​ថ្ងៃទី​១៧ ខែកញ្ញា ខាងមុខ ដោយមាន​ការចូលរួម​ពី​សំណាក់​សម្តេច​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​លោក​អភិបាលខេត្ត ឃឹម ប៊ុន​សុង​។



​នា​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ កន្លងមក ខេត្តសៀមរាប ជាប់​ចំណាត់ថ្នាក់​លេខ​២ ក្នុងចំណោម​បណ្តា​ខេត្ត​-​រាជធានី ដែលមាន​ជ័យលាភី​និទ្ទេស A ច្រើនជាងគេ ដោយ​ក្នុងនោះ​មាន​រហូតដល់​ទៅ​៤៧​នាក់​។​

​ជ័យលាភី​ទាំង​៤៧​នាក់ មាន​សិស្ស​នៅ​វិទ្យាល័យ ១០ មករា ១៩៧៩ ចំនួន ២២​រូប វិទ្យាល័យ អង្គរ ៦​រូប វិទ្យាល័យ ពួក ៤​រូប វិទ្យាល័យ​អន្តរជាតិ​ភ្យូ​ឆឺ​ប្រាយ ៨​រូប វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ ១​រូប វិទ្យាល័យ អេស​អូ​អេស ២​រូប វិទ្យាល័យ បន្ទាយស្រី ១​រូប វិទ្យាល័យ ដុំ​ដែក ២​រូប និង​វិទ្យាល័យ កំពង់ក្តី ចំនួន​១​រូប​។ ជ័យលាភី​ទាំងអស់ នឹង​ទទួលបាន​ម៉ូតូ​ម្នាក់​១​គ្រឿង​។​

​បើតាម​ប្រភព​ដែល​សារព័ត៌មាន​ថ្មីៗ​ទទួលបាន ជ័យលាភី​និទ្ទេស A ១២​នាក់​នៅ​ព្រៃវែង ១២​នាក់​នៅ​បន្ទាយមានជ័យ និង​២៣​នាក់​នៅ​បាត់ដំបង ក៏​នឹង​ទទួលបាន​កាដូ​ពី​លោក ស សុខា អនុប្រធាន​គណៈកម្មាធិកា​រ​ថ្នាក់កណ្តាល​នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ផងដែរ ប៉ុន្តែ​មិនទាន់​បញ្ជាក់​ពីថ្ងៃ​នៃ​ការរៀបចំ​ពិធី​នោះឡើយ​។

​ដោយឡែក លោក ស្រៀ​ង សុផល អនុប្រធាន​សភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​បណ្តាញ​តេ​ឡេ​ក្រាម​ថា លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ នឹង​ឧបត្ថម្ភ​ទូរ​សព្ទ​iphone ម្នាក់​មួយគ្រឿង ដល់​សិស្ស​ជាប់​និទ្ទេស​A ទាំង​១២​នាក់​ក្នុង​ខេត្តបន្ទាយមានជ័យ​។​

​អភិបាលខេត្ត​កោះកុង​ឯណោះ​វិញ សិស្ស​ឈ្មោះ លូន ជូ​លៀង មកពី​វិទ្យាល័យ​ស្រែអំបិល ដែលជា​សិស្ស​តែ​ម្នាក់​គត់​ទទួលបាន​និទ្ទេស A សម្រាប់​ខេត្ត​នេះ ក៏ត្រូវ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​អ្នកស្រី មិថុនា ភូ​ថង ដែលជា​អភិបាលខេត្ត​ផងដែរ​។​

​សូមបញ្ជាក់ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ជាប់​និទ្ទេស​A សរុប ៤២៤​នាក់ B ២,៤៦៤​នាក់ C ៥,០០០​នាក់ D ៩,១២៣​នាក់ និង E ៤៦,៦៥៧​នាក់​។ ដោយឡែក អ្នក​ជាប់​ទូទាំងប្រទេស​មាន​ចំនួន ៦៣,៦៦៨​នាក់ ស្មើនឹង ៦៣,៨៤​ភាគរយ​៕ 






Tag:
 ឃឹម ប៊ុន​សុង​
  ទៀ បាញ់​
  អប់រំ​
  បាក់​ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com