ជាតិ
កម្ពុជា ទាមទារឲ្យកូរ៉េខាងជើង អនុវត្តឲ្យបានពេញលេញនៃការសម្រេចរបស់UN លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស
× ភ្នំពេញ៖ កម្ពុជា ចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ អនុវត្តឲ្យបានពេញលេញនៃការសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ដែលឲ្យបញ្ឈប់ការសាកល្បងនុយក្លេអ៊ែរ និងមីស៊ីលគ្រប់ប្រភេទ ក្នុងគោលបំណងការពារសន្តិភាព និងស្ថិរភាព នៅក្នុងឧបទ្វីបកូរ៉េ។
តាមរយៈសេចក្តីថ្លែងការណ៍នេះ ក្រសួងការបរទេសកម្ពុជា មានការសោកស្ដាយនិងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការសាកល្បងនុយក្លេអ៊ែរ ដោយកូរ៉េជើង កាលពីថ្ងៃទី៣ កញ្ញាកន្លងមកនេះ។ កម្ពុជា យល់ឃើញថា ការសាកល្បងនុយក្លេអ៊ែរ លើកទី៦របស់កូរ៉េខាងជើងនេះ គឺជាការរំលោភជាថ្មីម្ដងទៀត ទៅលើសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព សន្តិសុខ និងស្ថិរភាព នៅឧបទ្វីបកូរ៉េ ក៏ដូចជានៅក្នុងតំបន់ទាំងមូល។
កូរ៉េខាងជើងបានសាកល្បងគ្រាប់បែកអ៊ីដ្រូសែនកាលពីថ្ងៃទី៣ ខែកញ្ញា នៅឯទីតាំងសាកល្បង Punggye-ri ។ វាជាការសាកល្បងលើកទី៦ របស់កូរ៉េខាងជើង និងត្រូវបានចាត់ទុកជាគ្រាប់បែកដែលមានកម្លាំងខ្លាំងជាងការសាកល្បងលើកមុនៗ។ កូរ៉េខាងជើងនិយាយថា គ្រាប់បែកអ៊ីដ្រូសែននេះត្រូវបានផលិតដោយអ្នកវិទ្យាសាស្ត្រក្នុងស្រុកសុទ្ធសាធ ហើយអាចបំពាក់លើមីស៊ីលរំលងទ្វីបដែលអាចបាញ់ដល់ទឹកដីអាមេរិក។
ដោយសារតែទង្វើគឃ្លើនម្ដងហើយម្ដងទៀតរបស់កូរ៉េខាងជើងនេះ ទើបក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី១១ ខែកញ្ញា បានបោះឆ្នោតជាឯកច្ឆន្ទគាំទ្រសំណើ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ដែលរៀបរៀងដោយអាមេរិក ដោយមានការគាំទ្រពីសំណាក់ចិន និងរុស្ស៊ី ។ ទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងលើកនេះ គឺជាទណ្ឌកម្មលើកទី៩ ចាប់តាំងពីឆ្នាំ២០០៦ មក។ ទណ្ឌកម្មពេលនេះរួមបញ្ចូលការហាមឃាត់ការនាំចេញផលិតវាយនភណ្ឌ និងការរឹតបន្តឹតការនាំចូលប្រភពថាមពល៕
Tag:
កម្ពុជា
កូរ៉េខាងជើង
នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com