អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បើក​សាខា​ខេត្តសៀមរាប ដើម្បី​ពង្រីក​ការការពារ​ហិរញ្ញវត្ថុ​ដល់​អតិថិជន​កម្ពុជា​
13, Sep 2017 , 4:25 pm         479
រូបភាព
​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា បាន​ពង្រីក​វិសាលភាព​របស់ខ្លួន ដើម្បី​ផ្ដល់​ផលិតផល និង​សេវា​ការពារ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត តាមរយៈ​ការសម្ពោធ​ការិយាល័យ​ថ្មី​របស់ខ្លួន​នៅក្នុង​ទឹកដី​ខេត្តសៀមរាប ។

​ពិធី​សម្ពោធ​សាខា​ថ្មី​នេះ បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលរង​ខេត្តសៀមរាប លោក អ៊ិន មាត្រា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក David Nutman អគ្គនាយក​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ព្រមទាំង​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់ និង​បុគ្គលិក​ក្រុមហ៊ុន ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត ទីប្រឹក្សា​ហិរញ្ញវត្ថុ និង​ភ្ញៀវកិត្តិយស​ជាច្រើនរូប​។​

​លោក David Nutman បាន​ពន្យល់ថា ខេត្តសៀមរាប គឺជា​ជម្រើស​គោលដៅ​សំខាន់​សម្រាប់​ការ ពង្រីក​បន្តទៀត​នូវ​វត្តមាន​របស់​ក្រុមហ៊ុន បន្ទាប់ពី​ការបើក​សម្ពោធ​ការិយាល័យ​នៅ​ខេត្តបាត់ដំបង​កាលពី​ខែឧសភា​កន្លងមក ។

​លោក​បាន​បន្ថែមទៀតថា ៖ “​កម្មវិធី​នា​ថ្ងៃនេះ គឺជា​សក្ខីកម្ម​មួយ​ច្បាស់លាស់​អំពី​ការខិតខំ​ពង្រីក និង​ការផ្ដល់សេវា​ធានារ៉ាប់រង​អាយុជីវិត និង​ការពារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ។ យើងខ្ញុំ​នឹង​ខិតខំ​ពង្រឹង​ការផ្ដល់សេវា និង​ផលិតផល ដែល​ល្អប្រសើរ​នៅក្នុង​ខេត្តសៀមរាប​របស់​យើង ដែលជា​ខេត្ត​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ និង​មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​” ។ លោក បាន​បន្តទៀតថា ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា នឹង​បន្តធ្វើ​ការងារ​ជាមួយ​សហគមន៍ ដោយ​ផ្ដល់​ការគាំទ្រ​កាន់តែ​ទូលំទូលាយ​ជាង​មុន ទាក់ទិន​និង​វិស័យ​អប់រំ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ជាទូទៅ ក៏ដូចជា​យុទ្ធនាការ ដើម្បី​សង្គម​មាន​សុវត្ថិភាព​ជាង​មុន​។​

​ក្រុមហ៊ុន ព្រូ​ដិ​នស​ល មាន​ដើមកំណើត​នៅ​ចក្រភព​អង់គ្លេស និង​មាន​ប្រវត្តិ​ជា​យូរ​មកហើយ ក្នុង​ការផ្ដល់សេវា​ការពារ​ផ្នែក​ហិរញ្ញវត្ថុ ប្រកបដោយ​ការទុកចិត្ត​។ ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា តែង​ចាត់ទុក​អតិថិជន​ជា​បេះដូង​នៃ​អាជីវកម្ម​របស់ខ្លួន ហើយ​មានបំណង​ផ្ដល់​ដំណោះស្រាយ​សមស្រប​ទៅតាម​តម្រូវការ​ការពារ​ហិរញ្ញវត្ថុ ដែល​ចេះតែ​វិ​វត្ត​ឥតឈប់ឈរ​។

​ខេត្តសៀមរាប មាន​ឧស្សាហកម្ម​ទេសចរណ៍​ដែល​លូតលាស់ និង​ជួយ​ទ្រទ្រង់​ដល់​កំណើនសេដ្ឋកិច្ច​ក្នុងស្រុក ហើយ​ខេត្ត​នេះ​បាន​មើលឃើញ​នូវ​កំណើន​យ៉ាង​លឿន នៃ​តម្រូវ​ការចង់បាន​ផលិតផល​ធ្វើ​ផែនការ​ហិរញ្ញវត្ថុ ពី​សំណាក់​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត​។  ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា មាន​ផែន​ការជួយ​បំពេញតម្រូវការ​មួយ​នេះ តាមរយៈ​ការបង្កើន​អតិថិជន​ថ្មីៗ និង​ការជួប​ផ្ទាល់​ក្នុង​ផ្ដល់​ការប្រឹក្សា​យោបល់ និង​ដំបូន្មាន​លើ​ការកសាង​ផែនការ​ហិរញ្ញវត្ថុ ។



​ទន្ទឹមនឹងនេះ ក្រុមហ៊ុន​នឹង​រៀបចំ​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ពលរដ្ឋ​នៅក្នុង​ខេត្តសៀមរាប ដើម្បី​បង្ហាញឱ្យឃើញ​អំពី​សារៈសំខាន់​នៃ​ការកសាង​ផែនការ​ហិរញ្ញវត្ថុ​ឱ្យបាន​ល្អប្រសើរ ក៏ដូចជា​លើកកម្ពស់​ការយល់ដឹង​អំពី​សេវា​ធានារ៉ាប់រង​អាយុជីវិត ដែលជា​វិធីសាស្ត្រ​ក្នុងការ​ការពារ​អ្នកជា​ទីស្រលាញ់ ក្នុងករណី​មាន​គ្រោះ​អកុសល​កើត​ឡើងលើ​បុគ្គល​ដែលជា​កម្មវត្ថុ​នៃ​ការធានា ដូចជា​ក្នុង ករណី​មរណភាព ឬ​ពិការភាព​ទាំងស្រុង ជាដើម​។

​អភិបាលរង​ខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ដែល​បាន​សម្រេចចិត្ត​បើក​សាខា​នៅក្នុង​ខេត្ត​មួយ​នេះ​។

​ឯកឧត្តម បាន​មាន​លើកឡើងថា​៖ “​ស្រប​ពេលដែល​ខេត្តសៀមរាប​បន្ត​លូតលាស់ និង​អភិវឌ្ឍ ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់ ដែល​ក្រុមហ៊ុន​នានា ដូចជា​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ជាដើម ត្រូវ​បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់ខ្លួន ក្នុងការ​លើកកម្ពស់​កា​រ​រស់នៅ​របស់​ប្រជាពលរដ្ឋ​យើង ។ តាមរយៈ​ការវិនិយោគ​នេះ ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន​នឹងចូលរួម​ប្រកួតប្រជែង​តម្លៃ​លើ​ទីផ្សារ​ប្រកបដោយ​សមធម៌ និង​ផ្ដល់នូវ​សេវាកម្ម​ជាច្រើន​ទៀត​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់ ព្រមទាំង​បានផ្ដល់​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង​”​។​

​លោក អ៊ិន មាត្រា តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មានមតិ​ស្រដៀង​គ្នា​នោះដែរ ហើយ​លោក​បាន​មានប្រសាសន៍ថា​៖ “​ការពង្រីក​សាខា​ថ្មី​បន្ថែម​តាម​បណ្តា​ខេត្ត គឺជា​ភស្តុតាង​មួយ​ដែល​បញ្ជាក់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​បញ្ញត្តិ​ករ​ធានារ៉ាប់រង អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ដើម្បី​ផ្ដល់​សេវាកម្ម​ធានារ៉ាប់រង ឆ្ពោះទៅ​ការសម្រេច និង​ការដោះស្រាយ​សំណង​ឱ្យទាន់​ពេលវេលា​ជូន​អតិថិជន និង​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​អាយុជីវិត​នៅ​ប្រទេស​កម្ពុជា​”​។​

​ការពង្រីក​ការិយាល័យ​សាខា​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា  ក៏​នឹង​ជួយ​ពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​ដៃគូ​យុទ្ធសាស្ត្រ​របស់ខ្លួន គឺ​ធនាគារ​អេស៊ីលីដា ដែល​ក្នុងនោះ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា កំពុង​តែមាន​ផ្ដល់ជូន​នៅតាម​សាខា​ធនាគារ​អេស៊ីលីដា​ចំនួន​ជាង ១០០ កន្លែង​ទូទាំងប្រទេស តាមរយៈ​ទីប្រឹក្សា​ហិរញ្ញវត្ថុ​ប្រកបដោយ​វិជ្ជាជីវៈ​របស់​ក្រុមហ៊ុន ក៏ដូចជា ទីប្រឹក្សា​ធានារ៉ាប់រង​អាយុជីវិត​ជាច្រើនរូប ។

​ការប្ដេជ្ញាចិត្ត​របស់​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ចំពោះ​ការអប់រំ​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ផ្ដល់នូវ​ដំណោះស្រាយ​ល្អ​បំផុត​លើ​ការកសាង​ផែនការ​ហិរញ្ញវត្ថុ បានធ្វើឱ្យ​ក្រុមហ៊ុន​សម្រេចបាន​នូវ​សមិទ្ធផល​ត្រចះត្រចង់​កាលពី​ខែមិថុនា ឆ្នាំ ២០១៧ ដោយបាន​ចេញលក់​ប័ណ្ណសន្យា​រ៉ាប់រង​បាន​រហូតដល់​ទៅ ១០ ម៉ឺន​ប័ណ្ណសន្យា នៅក្នុង​ប្រទេស​កម្ពុជា ចាប់តាំងពី​ក្រុមហ៊ុន​បានចាប់ផ្ដើម​ប្រតិបត្តិការ​នា​ឆ្នាំ ២០១៣ មក​។​

​ទន្ទឹមនឹងនេះ​ក្រុមហ៊ុន ព្រូ​ដិ​នស​ល​កម្ពុជា ក៏​តែង​បាន​តបស្នង​ត្រលប់​ទៅឱ្យ​សហគមន៍​របស់ខ្លួន​វិញ​ផងដែរ ។ ក្រុមហ៊ុន​បានដាក់​ចេញ​នូវ​កម្មវិធី​សហគមន៍​ជាច្រើន ដូចជា កម្មវិធី វិធានការ​សុវត្ថិភាព​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដែលមាន​បំណង​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​ពលរដ្ឋ​កម្ពុជា កម្មវិធី​អំ​ណាន​ដំបូង ដើម្បី​បំផុស​ការយល់ដឹង​អំពី​អត្ថប្រយោជន៍​នៃ​ការអាន និង​កម្មវិធី ឆា​-​ឈី​ង ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​គោល​គំនិត​ងាយៗ​ក្នុងការ​គ្រប់គ្រង​លុយកាក់ ។ ទន្ទឹមនឹងនេះ កាលពីពេល​ថ្មីៗ បុគ្គលិក​ក្រុមហ៊ុន​ក៏បាន​ធ្វើដំណើរ​ទៅកាន់​សាលាបឋមសិក្សា ហ៊ុន សែន ស្រះស្រង់ ក្នុង​ខេត្តសៀមរាប ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រលាញ់ និង​ការយកចិត្តទុកដាក់​ចំពោះ​កុមារ​ផងដែរ​។

( អត្ថបទ​ពាណិជ្ជកម្ម ) 

© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង