ជាតិ
អាមេរិក ផ្អាក​ផ្តល់​ទិដ្ឋាការB1/B2 ​ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​ចាប់ពី​ថ្នាក់​អគ្គនាយក​ដល់​ថ្នាក់ដឹកនាំ​កំពូល​
13, Sep 2017 , 5:06 pm        
រូបភាព
លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅខាងឆ្វេង ឯលោកឯកអគ្គរដ្ឋទូតអាមេរិក នៅខាងស្តាំ
លោកប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅខាងឆ្វេង ឯលោកឯកអគ្គរដ្ឋទូតអាមេរិក នៅខាងស្តាំ
ដោយ:
​ការិយាល័យ​កុងស៊ុល នៃ​ស្ថានទូត​អាមេរិក ប្រចាំ​នៅកម្ពុជា​ បានប្រកាស​ផ្អាក​ផ្តល់​ទិ​ដ្ឋាការមិន​​មែន​អន្តោ​ប្រវេស​ន៍​ប្រភេទ B1 និង​ប្រភេទ​B2 ព្រមទាំង​ប្រភេទ B1/B2 ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ចាប់ពី​ថ្នាក់​អគ្គនាយកដ្ឋាន​រហូត​ដល់​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​(​រដ្ឋមន្ត្រី​)​នៃ​ស្ថាប័ន​នេះ​។ មន្ត្រី​រដ្ឋាភិបាល បានចាត់ទុក​ទង្វើ​រប​ស់​អាមេរិក​ថា ជាការ​មិន​គោរព​សិទ្ធិមនុស្ស​។ 



​ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ តទៅ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ភ្នំ​ពេញ​ នឹង​ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 (​ទិដ្ឋាការ​ទេសចរ ​និងអាជីវកម្មជាដើម​)​ ​ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​(​រដ្ឋមន្ត្រី​)​នៃ​ក្រសួង​នេះ​។ នេះ​ជា​សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នៅ​ថ្ងៃទី ១៣ ខែកញ្ញា​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​មហាអំណាច​មួយ​នេះ ក៏​ផ្អាក​ផ្តល់​ទិដ្ឋាការ​ប្រភេទ​ដូចគ្នានេះដែរ ចំពោះ​ក្រុមគ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ផងដែរ​ ដោយលើក​លែង​តិចបំផុត​។​

​ការសម្រេច​របស់​អាមេរិក​បែបនេះ ធ្វើឡើង ដោយសារ​កម្ពុជា​បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​រប​ស់​ខ្លួន ដែល​រស់នៅ​ក្នុងប្រទេស​អាមេរិក​ដោយ​ខុសច្បាប់​។ សេចក្តីប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​កុងស៊ុល​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ដដែល បាន​លើកយក​មាត្រា ២៤៣ នៃ​ច្បាប់​អន្តោប្រវេសន៍ និង​សញ្ជាតិ​អាមេរិក មក​ពន្យល់​។ មាត្រា​នោះបាន​ចែង​យ៉ាងនេះ​ថា​៖«​នៅពេល​ទទួលបាន​សំណើ​ពី​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​មាតុភូមិ​ថា មាន​ប្រទេស​មួយចំនួន​បាន​បដិសេធ​មិន​ទទួលយក ឬ​ប្រើប្រាស់​ហេតុផល​ដែល​មិន​សមស្រប​ដើម្បី​ពន្យារពេល​ទទួលយក​ព​ល​រដ្ឋ​នៃ​ប្រទេស​របស់​ពួកគេ​វិញ​នោះ រដ្ឋមន្ត្រីការបរទេស​អាមេរិក​ត្រូវ​បញ្ជា​អោយ​មន្ត្រី​កុងស៊ុល​បញ្ឈប់​លែង​ផ្តល់​ទិដ្ឋាការ​រហូត​ទាល់តែ​រដ្ឋមន្ត្រី​សន្តិសុខ​មាតុភូមិ​ទទួលបាន​ព័ត៌មាន​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ទាំង​នោះបាន​យល់ព្រម​ទទួលយក​ពលរដ្ឋ​រប​ស់​គេ​វិញ​ហើយ​»​។​

​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​នឹង​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា ដើម្បី​ឲ្យ​ឆ្លើយតប​នឹង​ការសម្រេច​របស់​រដ្ឋាភិបាល​អាមេរិក​នៅពេលនេះ​បានទេ ដោយ​លោក​មិន​លើក​ទូរ​សព្ទ​។

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ករណីនេះ មានតែ​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា​ទេ ដែល​ដឹង​ច្បាស់ តែ​លោក​ក៏​ឆ្លៀត​បញ្ចេញយោបល់ ដោយ​រិះគន់​រដ្ឋាភិបាល​អាមេរិក​ខ្លះ​ដែរ​។ លោក​ថា ទង្វើ​នេះ បង្ហាញ​ថា​ អាមេរិក​កំពុងតែ​​​ប្រាប់​ពិភពលោក​ថា ខ្លួន​ជា​ប្រទេស​ដែល​មិន​គោរព​សិទ្ធិមនុស្ស​។​«​តាមពិត​ករណីនេះ រដ្ឋាភិបាល​យើង​កំពុងតែ​ជជែក​គ្នា ពី​បញ្ហា​សិទ្ធិមនុស្ស នៅពេលដែល​អាមេរិក​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំង​នោះមកកម្ពុជា​ ពួកគេ​ត្រូវ​ឃ្លាត​ពី​សាច់ញាតិ​។ នេះ​ជា​បញ្ហា​សិទ្ធិមនុស្ស​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ផៃ ស៊ី​ផាន​។

​កាលពី​ខែសីហា កន្លងទៅ​ថ្មីៗ​នេះ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សម្រេច​រឹតបន្តឹង​ការផ្ដល់​ទិដ្ឋាការ​សម្រាប់​ប្រទេស​ចំនួន​បួន​ដែល​មិន​ព្រម​ទទួលយក​ជនជាតិ​រប​ស់​ខ្លួន​វិញ​។ ប្រទេស​ទាំង ៤ នោះ​មានដូចជា កម្ពុជា អេ​រី​ត្រេ ហ្គី​ណេ និង​សៀ​រ៉ា​លេ​អូន ដោយសារ​ប្រទេស​ទាំងនេះ បាន​បដិសេធ​ទទួលយក​ជនជាតិ​រប​ស់​ខ្លួន​ដែល​រស់នៅ​អាមេរិក​ខុសច្បាប់​។ ដូចនេះ​ប្រជាជន​ប្រទេស​ទាំង​បួន ដែល​មាន​កម្ពុជា​ផង​នោះ​ ក៏​នឹង​ប្រឈមមុខ​បញ្ហាលំបាក​ក្នុង​ការសុំ​ទិដ្ឋាការ​ចូល​ទឹកដី​អាមេរិក​មិន​ខាន​ដែរ។​

សូមបញ្ជាក់ថា ទិដ្ឋាការ​ B1 និងB2 ជាប្រភេទទិដ្ឋាការស​ម្រាប់​មនុស្ស​ដែល​ធ្វើដំណើរ​ទៅ​សហរដ្ឋអាមេរិក​បណ្តោះអាសន្ន​ ហើយបើ​សម្រាប់​អាជីវកម្ម (B1) ឬ​សម្រាប់​កា​កំសាន្ត ឬ​ការព្យាបាល​វេជ្ជសាស្ត្រ (B2)​។ គេហទំព័រស្ថានទូត​អាមេរិក​ប្រចាំកម្ពុជា ពន្យល់បន្ថែម​ថា​ ទិដ្ឋាការ B1 ជា​ប្រភេទ​ទិដ្ឋាការ​សម្រាប់​អ្នកធ្វើដំណើរ​ដែល​ពិគ្រោះ​យោបល់​ជាមួយ​សមាគមន៍​អាជីវកម្ម ចូលរួម​សន្និសីទ​សន្និបាត​វិទ្យាសាស្ត្រ ការអប់រំ វិជ្ជា​ជី​វៈ ឬ​អាជីវកម្ម ដែល​កំណត់​ឲ្យ​មាន​កិច្ចសន្យា​ទ្រព្យសម្បត្តិ ឬ​កិច្ចសន្យា​ចរចា​។ រីឯប្រភេទទិដ្ឋាការ B2 គឺ​សម្រាប់​ការធ្វើដំណើរ​ដែលជា​ការ​កំសាន្ត​ក្នុង​ធម្មជាតិ ដែល​រួមមាន​ទេសចរណ៍ អ្នកទស្សនា​ជាមួយ​មិត្តភក្តិ ឬ​សាច់ញាតិ ការព្យាបាល​វេជ្ជសាស្ត្រ និង​សកម្មភាព​នានា​លក្ខណៈ​ជា​បងប្អូន សង្គម ឬ​សេវាកម្ម​។ ជារឿយៗ ទិដ្ឋាការ B1 និង B2 បានរួម​បញ្ចូល​គ្នា និង​ត្រូវ​បានចេញ​ឲ្យ​ជា​ទិដ្ឋាការ​មួយ​ គឺប្រភេទទិដ្ឋាការ​ B1/B2​៕

Tag:
 ស្ថានទូត​អាមេរិក​
  អាមេរិក​
  ផៃ ស៊ី​ផាន
© រក្សាសិទ្ធិដោយ thmeythmey.com