អន្តរជាតិ
រុស្ស៊ី​បញ្ជូន​គ្រឿងចក្រ​និង​សម្ភារ​ជាង​បួន​ពាន់​តោន​ទៅ​កសាង​ស៊ី​រី​ឡើងវិញ​
13, Sep 2017 , 9:19 pm        
រូបភាព
គ្រឿងចក្រធុនធ្ងន់របស់រុស្ស៊ីត្រៀមបញ្ជូនទៅកាន់ស៊ីរី (រូបភាពពីក្រសួងការពារជាតិរុស្ស៊ី)
គ្រឿងចក្រធុនធ្ងន់របស់រុស្ស៊ីត្រៀមបញ្ជូនទៅកាន់ស៊ីរី (រូបភាពពីក្រសួងការពារជាតិរុស្ស៊ី)
​ក្រសួងការពារជាតិ​រុស្ស៊ី បានប្រកាសថា គ្រឿងចក្រ និង​សម្ភារ​សំណង់​ចំនួន​ជាង​បួន​ពាន់​តោន នឹងត្រូវ​បញ្ជូនទៅ​កាន់​ស៊ី​រី ដើម្បី​ស្ដារ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុងប្រទេស​នេះ​ឡើងវិញ បន្ទាប់ពី​បែកបាក់​ខ្ទេចខ្ទី​ស្ទើរ​ទាំងស្រុង​ក្នុង​សង្គ្រាម​ជាង​៦​ឆ្នាំ​មកនេះ​។ ទីក្រុង​នានា​របស់​ស៊ី​រី​ដែល​រំដោះ​បាន​ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម គឺជា​គោលដៅ​ចម្បង​នៃ​គម្រោង​ជួសជុល​ស្ដារឡើងវិញ​នេះ ដែល​ត្រូវ​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ឯណោះ​។​



​រុស្ស៊ី​បាន​ត្រៀម​រួចរាល់​ហើយ​ក្នុង​បញ្ជូន​គ្រឿង​បរិក្ខារ​ច្រើនជាង​បួន​ពាន់​តោន​ទៅកាន់​ស៊ី​រី ដើម្បី​កសាង​ប្រទេស​ដែល​បែកបាក់​នេះ​ឡើងវិញ​។ សម្ភារ​សាងសង់​ទាំងនេះ នឹងត្រូវ​បញ្ជូន​បន្តទៅ​កាន់​ទីក្រុង និង​ខេត្ត ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ប្រធានាធិបតី Bashar Assad ។ កញ្ចប់​ជំនួយ​នេះ ត្រូវបាន​ប្រកាស​ក្រោយ​ជំនួប​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Sergey Shoigu និង​ប្រធានាធិបតី Assad នៅ​រដ្ឋធានី​ដា​ម៉ាស់ នៅ​ថ្ងៃទី​១២ ខែកញ្ញា​។​

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT កញ្ចប់​សម្ភារ​ដែល​នឹងត្រូវ​បញ្ជូនទៅ​កាន់​ស៊ី​រី​មាន​គ្រឿងចក្រ​ធុន​ធ្ងន់​ជាង​៤០​គ្រឿង​ដូចជា​គ្រឿងចក្រ​សម្រាប់​ឈូស​កាយ​ដី អេស្កាវ៉ាទ័រ និង​គ្រឿងចក្រ​សម្រាប់​ស្ទូច​ជាដើម​។ ក្រៅពីនោះ ស៊ី​រីនឹង​ទទួលបាន​ទុយោ​លោហៈ​ច្រើនជាង​២​ពាន់​តោន ដើម្បី​ត​ភ្ជាប់​បណ្ដាញ​ផ្គត់ផ្គង់​ទឹក​ឡើងវិញ ព្រមទាំង​ខ្សែកាប​អុ​ប​ទិ​ក​សម្រាប់​តង់ស្យុង​ខ្ពស់​ប្រវែង​បួន​រយ​គីឡូម៉ែត្រ​ដើម្បី​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ផងដែរ​។​

​គ្រឿង​បរិក្ខារ​ទាំងនេះ នឹងត្រូវ​ដឹកជញ្ជូន​ពី​កំពង់ផែ Novorossiysk របស់​រុស្ស៊ី​នៅពេល​ខ្លី​ខាងមុខ ដើម្បី​សា្ដរ​ឡើងវិញ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​នៅ​ស៊ី​រី ជាពិសេស​តំបន់​ដែល​ធ្លាប់​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​។ សាលារៀន និង​មន្ទីរពេទ្យ គឺជា​គោលដៅ​សំខាន់​ជាងគេ​ក្នុងការ​សាងសង់ និង​ជួសជុល​ឡើងវិញ ខណៈ​រុស្ស៊ី និង​ស៊ី​រី ក៏​កំពុង​ផ្ដល់ជំនួយ​បន្ទាន់​ទៅកាន់​ជនរងគ្រោះ​ដែរ​។​

​សង្គ្រាម​នៅ​ស៊ី​រី​រវាង​កម្លាំង​រដ្ឋាភិបាល​លោក Assad គាំទ្រ​ដោយ​រុស្ស៊ី ជាមួយ​ក្រុម​ឧទ្ទាម​ប្រឆាំង​គាំទ្រ​ដោយ​អាមេរិក និង​ការ​រាតត្បាត​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ធ្វើ​ឲ្យ​ស៊ី​រី​ខ្ទេចខ្ទី​សឹង​អស់​ទៅហើយ​។ ក្រោយ​ជម្លោះ​ផ្ទុះឡើង​ក្នុង​ឆ្នាំ​២០១១ កម្លាំង​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​ដណ្ដើម​ទីតាំង​ជាច្រើន​យកមក​គ្រប់គ្រង​វិញ ហើយ​មកទល់ពេលនេះ​ទឹកដី​៨០​ភាគរយ​ស្ថិតក្រោម​ការត្រួតត្រា​រប​ស់​រដ្ឋាភិបាល​លោក Assad ។​

​ច្បាស់​ណាស់​ថា ក្រោម​ជំនួយ​យោធា​របស់​រុស្ស៊ី កម្លាំងយោធា​ស៊ី​រីនឹង​រំដោះទឹកដី​ដែល​នៅ​សេសសល់​មិន​ខាន ព្រោះ​កម្លាំង​ក្រុម​ជ្រុលនិយម​កាន់តែ​ថយចុះ​មួយថ្ងៃ​ទៅ​ថ្ងៃ ឯខាង​ក្រុម​ឧទ្ទាម​ប្រឆាំង​វិញ​ហាក់​ថយចុះ​ឥទ្ធិពល​ខ្លះ​ដែរ​។ ការសង​សង់​ប្រទេស​ឡើងវិញ ក៏​ជា​អាទិភាព​របស់​រដ្ឋាភិបាល​ស៊ី​រី ក្រោយ​ជម្លោះ​អូសបន្លាយ​នេះ​ត្រូវបាន​បញ្ចប់ ទោះជា​ក្ដីសង្ឃឹម​ក្នុងការ​ស្វែងរក​សន្តិភាព​នៅតែ​ស្ថិតក្នុង​ភាពមិនច្បាស់លាស់​ក៏ដោយ​៕
 

Tag:
 ​រុស្ស៊ី​
  ស៊ី​រី​
  ក្រុម​រដ្ឋ​ឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com