អន្តរជាតិ
រុស្ស៊ីបញ្ជូនគ្រឿងចក្រនិងសម្ភារជាងបួនពាន់តោនទៅកសាងស៊ីរីឡើងវិញ គ្រឿងចក្រធុនធ្ងន់របស់រុស្ស៊ីត្រៀមបញ្ជូនទៅកាន់ស៊ីរី (រូបភាពពីក្រសួងការពារជាតិរុស្ស៊ី)
× ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា គ្រឿងចក្រ និងសម្ភារសំណង់ចំនួនជាងបួនពាន់តោន នឹងត្រូវបញ្ជូនទៅកាន់ស៊ីរី ដើម្បីស្ដារហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសនេះឡើងវិញ បន្ទាប់ពីបែកបាក់ខ្ទេចខ្ទីស្ទើរទាំងស្រុងក្នុងសង្គ្រាមជាង៦ឆ្នាំមកនេះ។ ទីក្រុងនានារបស់ស៊ីរីដែលរំដោះបានពីដៃក្រុមរដ្ឋឥស្លាម គឺជាគោលដៅចម្បងនៃគម្រោងជួសជុលស្ដារឡើងវិញនេះ ដែលត្រូវចំណាយទឹកប្រាក់រាប់ពាន់លានដុល្លារឯណោះ។
រុស្ស៊ីបានត្រៀមរួចរាល់ហើយក្នុងបញ្ជូនគ្រឿងបរិក្ខារច្រើនជាងបួនពាន់តោនទៅកាន់ស៊ីរី ដើម្បីកសាងប្រទេសដែលបែកបាក់នេះឡើងវិញ។ សម្ភារសាងសង់ទាំងនេះ នឹងត្រូវបញ្ជូនបន្តទៅកាន់ទីក្រុង និងខេត្ត ដែលកាន់កាប់ដោយរដ្ឋាភិបាលប្រធានាធិបតី Bashar Assad ។ កញ្ចប់ជំនួយនេះ ត្រូវបានប្រកាសក្រោយជំនួបរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី Sergey Shoigu និងប្រធានាធិបតី Assad នៅរដ្ឋធានីដាម៉ាស់ នៅថ្ងៃទី១២ ខែកញ្ញា។
យោងតាមសារព័ត៌មានរុស្ស៊ី RT កញ្ចប់សម្ភារដែលនឹងត្រូវបញ្ជូនទៅកាន់ស៊ីរីមានគ្រឿងចក្រធុនធ្ងន់ជាង៤០គ្រឿងដូចជាគ្រឿងចក្រសម្រាប់ឈូសកាយដី អេស្កាវ៉ាទ័រ និងគ្រឿងចក្រសម្រាប់ស្ទូចជាដើម។ ក្រៅពីនោះ ស៊ីរីនឹងទទួលបានទុយោលោហៈច្រើនជាង២ពាន់តោន ដើម្បីតភ្ជាប់បណ្ដាញផ្គត់ផ្គង់ទឹកឡើងវិញ ព្រមទាំងខ្សែកាបអុបទិកសម្រាប់តង់ស្យុងខ្ពស់ប្រវែងបួនរយគីឡូម៉ែត្រដើម្បីភ្ជាប់បណ្ដាញអគ្គិសនីផងដែរ។
គ្រឿងបរិក្ខារទាំងនេះ នឹងត្រូវដឹកជញ្ជូនពីកំពង់ផែ Novorossiysk របស់រុស្ស៊ីនៅពេលខ្លីខាងមុខ ដើម្បីសា្ដរឡើងវិញហេដ្ឋារចនាសម្ព័ន្ធសំខាន់នៅស៊ីរី ជាពិសេសតំបន់ដែលធ្លាប់ស្ថិតក្រោមការត្រួតត្រារបស់ក្រុមរដ្ឋឥស្លាម និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល។ សាលារៀន និងមន្ទីរពេទ្យ គឺជាគោលដៅសំខាន់ជាងគេក្នុងការសាងសង់ និងជួសជុលឡើងវិញ ខណៈរុស្ស៊ី និងស៊ីរី ក៏កំពុងផ្ដល់ជំនួយបន្ទាន់ទៅកាន់ជនរងគ្រោះដែរ។
សង្គ្រាមនៅស៊ីរីរវាងកម្លាំងរដ្ឋាភិបាលលោក Assad គាំទ្រដោយរុស្ស៊ី ជាមួយក្រុមឧទ្ទាមប្រឆាំងគាំទ្រដោយអាមេរិក និងការរាតត្បាតរបស់ក្រុមជ្រុលនិយមរដ្ឋឥស្លាម ធ្វើឲ្យស៊ីរីខ្ទេចខ្ទីសឹងអស់ទៅហើយ។ ក្រោយជម្លោះផ្ទុះឡើងក្នុងឆ្នាំ២០១១ កម្លាំងរដ្ឋាភិបាលបានប្រយុទ្ធដណ្ដើមទីតាំងជាច្រើនយកមកគ្រប់គ្រងវិញ ហើយមកទល់ពេលនេះទឹកដី៨០ភាគរយស្ថិតក្រោមការត្រួតត្រារបស់រដ្ឋាភិបាលលោក Assad ។
ច្បាស់ណាស់ថា ក្រោមជំនួយយោធារបស់រុស្ស៊ី កម្លាំងយោធាស៊ីរីនឹងរំដោះទឹកដីដែលនៅសេសសល់មិនខាន ព្រោះកម្លាំងក្រុមជ្រុលនិយមកាន់តែថយចុះមួយថ្ងៃទៅថ្ងៃ ឯខាងក្រុមឧទ្ទាមប្រឆាំងវិញហាក់ថយចុះឥទ្ធិពលខ្លះដែរ។ ការសងសង់ប្រទេសឡើងវិញ ក៏ជាអាទិភាពរបស់រដ្ឋាភិបាលស៊ីរី ក្រោយជម្លោះអូសបន្លាយនេះត្រូវបានបញ្ចប់ ទោះជាក្ដីសង្ឃឹមក្នុងការស្វែងរកសន្តិភាពនៅតែស្ថិតក្នុងភាពមិនច្បាស់លាស់ក៏ដោយ៕
Tag:
រុស្ស៊ី
ស៊ីរី
ក្រុមរដ្ឋឥស្លាម
© រក្សាសិទ្ធិដោយ thmeythmey.com