កីឡាជាតិ
ជាតិ
លោក វ៉ាត់ ចំរើន បកស្រាយការរិះគន់ជុំវិញការបញ្ជូនតែកីឡារាំឲ្យចូលរួមប្រកួតនៅទួកម៉េនីស្ថាន លោក វ៉ាត់ ចំរើន ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅទីស្នាក់ការ NOCC
× លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)បានបញ្ជាក់ថា ការបញ្ជូនតែកីឡាករកីឡាការិនីរាំអន្តរជាតិ ឲ្យចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធសិល្ប៍ចម្រុះ លើកទី៥ នៅប្រទេសទួកម៉េនីស្ថាន គឺគ្រាន់តែដើម្បីបំពេញកាតព្វកិច្ចជាសមាជិកម្នាក់តែប៉ុណ្ណោះ ពោលគឺមិនមែនជាការប្រកួតអន្តរជាតិដែល NOCC ផ្តោតសំខាន់នោះឡើយ។ ការលើកឡើងបែបនេះ បន្ទាប់ពីមានការរិះគន់ពីមហាជនក្រោយមានការដកកីឡាពីរប្រភេទហើយជ្រើសរើសតែកីឡារាំឲ្យចូលរួម។
បញ្ហាថវិកា និងដោយសារការចូលរួមដើម្បីបំពេញកាតព្វកិច្ចក្នុងនាមជាសមាជិក ក្រសួងអប់រំ យុវជន និងកីឡា និង NOCC បានសម្រេចដកកីឡាតេក្វាន់ដូ និងចំបាប់ចេញដោយជ្រើសរើសតែកីឡារាំអន្តរជាតិ ដើម្បីឲ្យចូលរួមប្រកួតកីឡាក្នុងសាល និងយុទ្ធសិល្ប៍ចម្រុះលើកទី៥ នៅទីក្រុងអាសហ្គាបាត ប្រទេសទួកម៉េនីស្ថាន។ ការសម្រេចនេះ បានធ្វើឲ្យមហាជនមួយចំនួនលើកឡើងថា ការជ្រើសរើសនេះបែបប្រកាន់បក្សពួក និងអាងខ្សែអាងខ្នងជាដើម។
ឆ្លើយតបនឹងការរិះគន់នេះអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ការសម្រេចជ្រើសរើសកីឡារាំអន្តរជាតិតែ១ឲ្យចូលរួមប្រកួត ព្រោះការចូលរួមគ្រាន់តែដើម្បីបំពេញកាតព្វកិច្ចក្នុងនាមសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ីតែប៉ុណ្ណោះ ពោលគឺមិនមែនការប្រកួតប្រជែងអន្តរជាតិគោលដៅចម្បងរបស់ NOCC នោះឡើយ។ ម្យ៉ាងទៀត វាជាគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡាដែលកំណត់យកកីឡាដែលមានសមាជិកតិចជាងគេក្នុងចំណោមកីឡាទាំងបីប្រភេទដែលបានកំណត់រួមមានតេក្វាន់ដូ ចំបាប់ និងរាំអន្តរជាតិ។
«NOCC ដែលជាសមាជិកក្រុមប្រឹក្សាអូឡាំពិកអាស៊ីត្រូវមានកាតព្វកិច្ចចូលរួមតាមលទ្ធភាពដែលអាចធ្វើបាន។ ដូច្នេះក្រសួងអប់រំ យុវជន និងកីឡាបានឲ្យជ្រើសរើសកីឡាករក្នុងចំនួនតិចមួយ ដើម្បីចូលរួមការប្រកួតនេះ។ ដំបូងយើងគ្រោងបញ្ជូនកីឡា៣ប្រភេទរួមមានតេក្វាន់ដូ ចំបាប់ និងរាំអន្តរជាតិ តែយើងមិនមានលទ្ធភាពបញ្ជូនកីឡាទាំង៣ប្រភេទឲ្យចូលរួមនោះទេ ដោយសារចុងឆ្នាំថវិកាមានកំណត់»។ នេះជាការបកស្រាយរបស់លោក វ៉ាត់ ចំរើន ឆ្លើយតបការលើកឡើងរបស់មហាជនមួយចំនួនតូច។
សម្រាប់ការប្រកួតព្រឹត្តិការណ៍កីឡា Asian Indoor and Martial Arts Games ប្រចាំឆ្នាំ២០១៧ ដែលរៀបចំចន្លោះពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែកញ្ញា នៅទីក្រុមអាសហ្គាបាតប្រទេសទួកម៉េនីស្ថាន កម្ពុជាបញ្ជូនកីឡាការិនី២នាក់ និងកីឡាករ១នាក់លើប្រភេទកីឡារាំអន្តរជាតិឲ្យចូលរួម។ ក្រៅពីការប្រកួត លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំងថ្នាក់ដឹកនាំក៏ចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអូឡាំពិកអន្តរជាតិផងដែរ៕
Tag:
វ៉ាត់ ចំរើន
រាំអន្តរជាតិ
ទួកម៉េនីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com