កីឡាជាតិ
ជាតិ
លោក វ៉ា​ត់ ចំរើន បកស្រាយ​ការរិះគន់​ជុំវិញ​ការបញ្ជូន​តែ​កីឡា​រាំ​ឲ្យ​ចូលរួម​ប្រកួត​នៅ​ទួ​ក​ម៉េ​នី​ស្ថាន​
13, Sep 2017 , 9:59 pm        
រូបភាព
លោក វ៉ាត់ ចំរើន​ ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅទីស្នាក់ការ NOCC
លោក វ៉ាត់ ចំរើន​ ពេលផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាននៅទីស្នាក់ការ NOCC
ដោយ:
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បាន​បញ្ជាក់ថា ការបញ្ជូន​តែ​កីឡាករ​កីឡាការិនី​រាំ​អន្តរជាតិ ឲ្យ​ចូលរួម​ប្រកួត​កីឡា​ក្នុង​សាល និង​យុទ្ធសិល្ប៍​ចម្រុះ លើក​ទី​៥ នៅ​ប្រទេស​ទួ​ក​ម៉េ​នី​ស្ថាន គឺ​គ្រាន់តែ​ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​ម្នាក់​តែប៉ុណ្ណោះ ពោលគឺ​មិនមែនជា​ការប្រកួត​អន្តរជាតិ​ដែល NOCC ផ្តោត​សំខាន់​នោះឡើយ​។ ការលើកឡើង​បែបនេះ បន្ទាប់ពី​មានការ​រិះគន់​ពី​មហាជន​ក្រោយ​មាន​ការដក​កីឡា​ពីរ​ប្រភេទ​ហើយ​ជ្រើសរើស​តែ​កីឡា​រាំ​ឲ្យ​ចូលរួម​។



​បញ្ហា​ថវិកា និង​ដោយសារ​ការចូលរួម​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​ជា​សមាជិក ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC បានសម្រេច​ដក​កីឡា​តេ​ក្វាន់​ដូ និង​ចំបាប់​ចេញ​ដោយ​ជ្រើសរើស​តែ​កីឡា​រាំ​អន្តរជាតិ ដើម្បី​ឲ្យ​ចូលរួម​ប្រកួត​កីឡា​ក្នុង​សាល និង​យុទ្ធសិល្ប៍​ចម្រុះ​លើក​ទី​៥ នៅ​ទីក្រុង​អាស​ហ្គា​បាត ប្រទេស​ទួ​ក​ម៉េ​នី​ស្ថាន​។ ការសម្រេច​នេះ បានធ្វើ​ឲ្យ​មហាជន​មួយចំនួន​លើកឡើងថា ការជ្រើសរើស​នេះ​បែប​ប្រកាន់​បក្សពួក និង​អាង​ខ្សែ​អាងខ្នង​ជាដើម​។​

​ឆ្លើយតប​នឹង​ការរិះគន់​នេះ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ការសម្រេច​ជ្រើសរើស​កីឡា​រាំ​អន្តរជាតិ​តែ​១​ឲ្យ​ចូលរួម​ប្រកួត ព្រោះ​ការចូលរួម​គ្រាន់តែ​ដើម្បី​បំពេញ​កាតព្វកិច្ច​ក្នុងនាម​សមាជិក​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​តែប៉ុណ្ណោះ ពោលគឺ​មិនមែន​ការប្រកួតប្រជែង​អន្តរជាតិ​គោលដៅ​ចម្បង​របស់ NOCC នោះឡើយ​។ ម្យ៉ាងទៀត វា​ជាគោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ដែល​កំណត់​យក​កីឡា​ដែលមាន​សមាជិក​តិចជាងគេ​ក្នុងចំណោម​កីឡា​ទាំងបី​ប្រភេទ​ដែល​បានកំណត់​រួមមាន​តេ​ក្វាន់​ដូ ចំបាប់ និង​រាំ​អន្តរជាតិ​។​

«NOCC ដែលជា​សមាជិក​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ត្រូវមាន​កាតព្វកិច្ច​ចូលរួម​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ ដូច្នេះ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ជ្រើសរើស​កីឡាករ​ក្នុង​ចំនួន​តិច​មួយ ដើម្បី​ចូលរួម​ការប្រកួត​នេះ​។ ដំបូង​យើង​គ្រោង​បញ្ជូន​កីឡា​៣​ប្រភេទ​រួមមាន​តេ​ក្វាន់​ដូ ចំបាប់ និង​រាំ​អន្តរជាតិ តែ​យើង​មិនមាន​លទ្ធភាព​បញ្ជូន​កីឡា​ទាំង​៣​ប្រភេទ​ឲ្យ​ចូលរួម​នោះទេ ដោយសារ​ចុងឆ្នាំ​ថវិកា​មានកំណត់​»​។ នេះ​ជាការ​បកស្រាយ​របស់លោក វ៉ា​ត់ ចំរើន ឆ្លើយតប​ការលើកឡើង​របស់​មហា​ជន​មួយចំនួន​តូច​។

​សម្រាប់​ការប្រកួត​ព្រឹត្តិការណ៍​កីឡា Asian Indoor and Martial Arts Games ប្រចាំឆ្នាំ​២០១៧ ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​១៧ ដល់​ថ្ងៃទី​២៧ ខែកញ្ញា នៅ​ទី​ក្រុម​អាស​ហ្គា​បាត​ប្រទេស​ទួ​ក​ម៉េ​នី​ស្ថាន កម្ពុជា​បញ្ជូន​កីឡាការិនី​២​នាក់ និង​កីឡាករ​១​នាក់​លើ​ប្រភេទ​កីឡា​រាំ​អន្តរជាតិ​ឲ្យ​ចូលរួម​។ ក្រៅពី​ការប្រកួត លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC ព្រមទាំង​ថ្នាក់ដឹកនាំ​ក៏​ចូលរួម​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​អូឡាំពិក​អន្តរជាតិ​ផងដែរ​៕     


Tag:
 ​វ៉ា​ត់ ចំរើន​
  រាំ​អន្តរជាតិ​
  ទួ​ក​ម៉េ​នី​ស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com