អន្តរជាតិ
អតីត​ប្រធានសភា​សិង្ហ​បុរី​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ទី​១
13, Sep 2017 , 10:59 pm         4232
រូបភាព
អ្នកស្រី Halimah Yacob (ពាក់វ៉ែនតា) ប្រធានាធិបតីស្រ្តីទីមួយរបស់សិង្ហបុរី (រូបភាព៖ Xinhua)
អ្នកស្រី Halimah Yacob (ពាក់វ៉ែនតា) ប្រធានាធិបតីស្រ្តីទីមួយរបស់សិង្ហបុរី (រូបភាព៖ Xinhua)
​នៅ​ថ្ងៃទី​១៣​ខែកញ្ញា អតីត​ប្រធានសភា​សិង្ហ​បុរី អ្នកស្រី Halimah Yacob ត្រូវបាន​មន្ត្រី​រៀបចំ​ការបោះឆ្នោត​ប្រកាស​ជា​ផ្លូវការ​ថា​ជា​ប្រធានាធិបតី​ស្ត្រី​អាណត្តិ​ថ្មី​នៅ​សិង្ហ​បុរី​។ អ្នកស្រី Halimah Yacob បាន​ថ្លែងថា ទោះ​នេះ​ជាការ​បោះឆ្នោត​ដែល​គេ​កំណត់ទុក​សម្រាប់​សហគម​ន៍​ម៉ា​ឡេ​ក្ដី អ្នកស្រី​ជា​ប្រធានាធិបតី​សម្រាប់​ជនជាតិ​សិង្ហ​បុរី​គ្រប់គ្នា​។​


​មន្ត្រី​រៀបចំ​ការបោះឆ្នោត​បានប្រកាស​ជា​ផ្លូវការ​ថា អ្នកស្រី Halimah Yacob ត្រូវបាន​ជាប់​ជា​ប្រធានាធិបតី​ស្ត្រី​ទី​១​នៅ​សិង្ហ​បុរី និង​ជា​ប្រធានាធិបតី​មកពី​សហគមន៍​ម៉ា​ឡេ​ដំបូង​គេ​ក្នុង​រយៈពេល​ជិត​៥០​ឆ្នាំ ។ អ្នកស្រី Halimah Yacob គឺជា​អតីត​ប្រធានសភា​សិង្ហ​បុរី តែ​បាន​លាលែង​ដើម្បី​ចូលរួម​ការបោះឆ្នោត​ប្រធានាធិបតី​ថ្មី ដែល​រក្សាទុក​សម្រាប់​បេក្ខជន​មកពី​សហគមន៍​ម៉ា​ឡេ​។

​ក្នុងនាម​ជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​សិង្ហ​បុរី អ្នកស្រី Halimah Yacob បាន​និយាយ​ដូច្នេះ​ថា​៖«​ដ្បិត​ការបោះឆ្នោត​លើក​នេះ បានកំណត់​តំណែង​ប្រធានាធិបតី​សម្រាប់តែ​បេក្ខជន​ម៉ា​ឡេ ខ្ញុំ​មិនមែនជា​ប្រធានាធិបតី​សម្រាប់តែ​សហគមន៍​ម៉ា​ឡេ​ឡើយ​។ ផ្ទុយទៅវិញ ខ្ញុំ​ជា​ប្រធានាធិបតី​សម្រាប់​ជនជាតិ​សិង្ហ​បុរី​គ្រប់គ្នា​»​។​

​ទីភ្នាក់ងារ​ព័ត៌មាន Reuter​បាន​ស្រង់​សម្ដី​ការិយាល័យ​បោះឆ្នោត​ថា ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​បួន​នាក់​មាន​ពីរ​នាក់​មិនមែន​មកពី​សហគមន៍​ម៉ា​ឡេ ដូច្នេះ​បេក្ខជន​ទាំងពីរ​រូបនេះ​មិន​អាចមាន​សិទ្ធិ​ឈរឈ្មោះ​ឡើយ ខណៈ​បេក្ខជន​ពីរ​នាក់​ទៀត​ដែល​មកពី​សហគមន៍​ម៉ា​ឡេ​ដែរនោះ មិនបាន​បំពេញ​លក្ខខណ្ឌ​កំណត់​ផ្សេងទៀត​។ មានតែ​អ្នកស្រី Yacob ម្នាក់​ប៉ុណ្ណោះ ដែល​បាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​តាមច្បាប់​។​

​សូម​ជម្រាប​ដែរ​ថា លោក Yusof Ishak ជា​ប្រធានាធិបតី​មក​ព​សហគមន៍​ជនជាតិ​ម៉ា​ឡេ​ចុងក្រោយ​គេ​នៅ​សិង្ហ​បុរី​។ បន្ទាប់ពី​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​បាន​ផ្ដាច់ចេញ​ពីគ្នា លោក​ត្រូវបាន​គេ​ជ្រើសតាំង​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​១៩៥៦​ដល់​១៩៧០ ប៉ុន្តែ​អំណាច​នីតិ​បញ្ញា​ត្តិ​បាន​ស្ថិតក្នុង​ដៃ​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​លោក Lee Kuan Yew ។​

​ប្រព័ន្ធ​បោះឆ្នោត​បម្រុង​ទុក​
​ការជ្រើសរើស​ប្រធានាធិបតី​សិង្ហ​បុរី​លើក​នេះ​មាន​លក្ខណៈពិសេស​ជាង​លើក​មុនៗ ព្រោះ​មានតែ​ប្រជាជន​សិង្ហ​បុរី​មកពី​សហគមន៍​ម៉ា​ឡេ​ប៉ុណ្ណោះ​ទើប​អាច​ឈរឈ្មោះ​ជា​បេក្ខជន​បាន​។ នេះ​បើតាម​ការកំណត់​ក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ប្រធានាធិបតី ដែល​ទើប​ត្រូវបាន​កែប្រែ​កាលពីដើមឆ្នាំ​២០១៧ នេះ​។ រដ្ឋាភិបាល​សិង្ហ​បុរី​និយាយថា ការកែប្រែ​ច្បាប់​ពេលនេះ គឺជា​លើកកម្ពស់​ភាពជា​តំណាង​របស់​សហគមន៍​ទាំងអស់​នៅ​សិង្ហ​បុរី​។​

​បើតាម​វិសោធនកម្ម​ច្បាប់​នេះ ការបោះឆ្នោត​ប្រធានាធិបតី​គឺធ្វើឡើង​ដោយ​ចំហ​សម្រាប់​បេក្ខជន​មកពី​គ្រប់​សហគមន៍​ទាំងអស់​របស់​សិង្ហ​បុរី​។ ប៉ុន្តែ​ក្នុងករណី​ដែល​គ្មាន​ប្រធានាធិបតី​មកពី​សហគមន៍​ណាមួយ​រយៈពេល​៥​អាណត្តិ​ជាប់ៗ​គ្នា នោះ​ប្រធានាធិបតី​ថ្មី​នៅ​អាណត្តិ​ទី​៦ ត្រូវតែ​រក្សាទុក​សម្រាប់​សហគមន៍​នោះ​។ សិង្ហ​បុរី បែងចែក​សហគមន៍​ជនជាតិ ទៅជា​សហគមន៍​ឥណ្ឌា សហគមន៍​ម៉ា​ឡេ សហគមន៍​ចិន និង​សហគមន៍​ផ្សេងទៀត​។​

​រដ្ឋាភិបាល​សិង្ហ​បុរី​បញ្ជាក់ថា ការកំណត់​រក្សា​តំណែង​ប្រធានាធិបតី​សម្រាប់​សហគមន៍​ណាមួយ ត្រូវ​រាប់​ចាប់ពី​អាណត្តិ​លោក Wee Kim Wee ដែល​កាន់តំណែង​ក្នុង​ឆ្នាំ​១៩៩១ ។ ដូច្នេះ​បើ​គិតពី​អាណត្តិ​លោក Wee Kim Wee ដែល​មកពី​សហគមន៍​ចិន មកដល់​ត្រឹម​អាណត្តិ​លោក Tony Tan ក្នុង​ឆ្នាំ​២០១៦ គេ​មិនឃើញ​មាន​ប្រធានាធិបតី​មកពី​សហគមន៍​ម៉ា​ឡេ​ឡើយ គឺ​មានតែ​មកពី​សហគម​ន៍​ចិន និង​សហគមន៍​ឥណ្ឌា​។

​នេះ​មានន័យថា តាមច្បាប់​ទើប​កែប្រែ​ខាងលើ ប្រធានាធិបតី​អាណត្តិ​ថ្មី​ត្រូវតែ​មកពី​សហគមន៍​ម៉ា​ឡេ​ម្ដង​។ អ្នកស្រី Yacob នឹង​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​១៤ ខែកញ្ញា ដើម្បី​ក្លាយជា​ប្រមុខរដ្ឋ​ស្ត្រី​ដំបូង​គេ​របស់​សិង្ហ​បុរី​៕

Tag:
 Halimah Yacob
  ​សិង្ហ​បុរី
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង
prev12next