អន្តរជាតិ
អតីតប្រធានសភាសិង្ហបុរីក្លាយជាប្រធានាធិបតីស្ត្រីទី១ អ្នកស្រី Halimah Yacob (ពាក់វ៉ែនតា) ប្រធានាធិបតីស្រ្តីទីមួយរបស់សិង្ហបុរី (រូបភាព៖ Xinhua)
× នៅថ្ងៃទី១៣ខែកញ្ញា អតីតប្រធានសភាសិង្ហបុរី អ្នកស្រី Halimah Yacob ត្រូវបានមន្ត្រីរៀបចំការបោះឆ្នោតប្រកាសជាផ្លូវការថាជាប្រធានាធិបតីស្ត្រីអាណត្តិថ្មីនៅសិង្ហបុរី។ អ្នកស្រី Halimah Yacob បានថ្លែងថា ទោះនេះជាការបោះឆ្នោតដែលគេកំណត់ទុកសម្រាប់សហគមន៍ម៉ាឡេក្ដី អ្នកស្រីជាប្រធានាធិបតីសម្រាប់ជនជាតិសិង្ហបុរីគ្រប់គ្នា។
មន្ត្រីរៀបចំការបោះឆ្នោតបានប្រកាសជាផ្លូវការថា អ្នកស្រី Halimah Yacob ត្រូវបានជាប់ជាប្រធានាធិបតីស្ត្រីទី១នៅសិង្ហបុរី និងជាប្រធានាធិបតីមកពីសហគមន៍ម៉ាឡេដំបូងគេក្នុងរយៈពេលជិត៥០ឆ្នាំ ។ អ្នកស្រី Halimah Yacob គឺជាអតីតប្រធានសភាសិង្ហបុរី តែបានលាលែងដើម្បីចូលរួមការបោះឆ្នោតប្រធានាធិបតីថ្មី ដែលរក្សាទុកសម្រាប់បេក្ខជនមកពីសហគមន៍ម៉ាឡេ។
ក្នុងនាមជាប្រធានាធិបតីស្ត្រីទីមួយរបស់សិង្ហបុរី អ្នកស្រី Halimah Yacob បាននិយាយដូច្នេះថា៖«ដ្បិតការបោះឆ្នោតលើកនេះ បានកំណត់តំណែងប្រធានាធិបតីសម្រាប់តែបេក្ខជនម៉ាឡេ ខ្ញុំមិនមែនជាប្រធានាធិបតីសម្រាប់តែសហគមន៍ម៉ាឡេឡើយ។ ផ្ទុយទៅវិញ ខ្ញុំជាប្រធានាធិបតីសម្រាប់ជនជាតិសិង្ហបុរីគ្រប់គ្នា»។
ទីភ្នាក់ងារព័ត៌មាន Reuterបានស្រង់សម្ដីការិយាល័យបោះឆ្នោតថា ក្នុងចំណោមបេក្ខជនឈរឈ្មោះបោះឆ្នោតបួននាក់មានពីរនាក់មិនមែនមកពីសហគមន៍ម៉ាឡេ ដូច្នេះបេក្ខជនទាំងពីររូបនេះមិនអាចមានសិទ្ធិឈរឈ្មោះឡើយ ខណៈបេក្ខជនពីរនាក់ទៀតដែលមកពីសហគមន៍ម៉ាឡេដែរនោះ មិនបានបំពេញលក្ខខណ្ឌកំណត់ផ្សេងទៀត។ មានតែអ្នកស្រី Yacob ម្នាក់ប៉ុណ្ណោះ ដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមច្បាប់។
សូមជម្រាបដែរថា លោក Yusof Ishak ជាប្រធានាធិបតីមកពសហគមន៍ជនជាតិម៉ាឡេចុងក្រោយគេនៅសិង្ហបុរី។ បន្ទាប់ពីសិង្ហបុរីនិងម៉ាឡេស៊ីបានផ្ដាច់ចេញពីគ្នា លោកត្រូវបានគេជ្រើសតាំងជាប្រធានាធិបតីចាប់ពីឆ្នាំ១៩៥៦ដល់១៩៧០ ប៉ុន្តែអំណាចនីតិបញ្ញាត្តិបានស្ថិតក្នុងដៃនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Kuan Yew ។
ប្រព័ន្ធបោះឆ្នោតបម្រុងទុក
ការជ្រើសរើសប្រធានាធិបតីសិង្ហបុរីលើកនេះមានលក្ខណៈពិសេសជាងលើកមុនៗ ព្រោះមានតែប្រជាជនសិង្ហបុរីមកពីសហគមន៍ម៉ាឡេប៉ុណ្ណោះទើបអាចឈរឈ្មោះជាបេក្ខជនបាន។ នេះបើតាមការកំណត់ក្នុងច្បាប់ស្ដីពីការបោះឆ្នោតប្រធានាធិបតី ដែលទើបត្រូវបានកែប្រែកាលពីដើមឆ្នាំ២០១៧ នេះ។ រដ្ឋាភិបាលសិង្ហបុរីនិយាយថា ការកែប្រែច្បាប់ពេលនេះ គឺជាលើកកម្ពស់ភាពជាតំណាងរបស់សហគមន៍ទាំងអស់នៅសិង្ហបុរី។
បើតាមវិសោធនកម្មច្បាប់នេះ ការបោះឆ្នោតប្រធានាធិបតីគឺធ្វើឡើងដោយចំហសម្រាប់បេក្ខជនមកពីគ្រប់សហគមន៍ទាំងអស់របស់សិង្ហបុរី។ ប៉ុន្តែក្នុងករណីដែលគ្មានប្រធានាធិបតីមកពីសហគមន៍ណាមួយរយៈពេល៥អាណត្តិជាប់ៗគ្នា នោះប្រធានាធិបតីថ្មីនៅអាណត្តិទី៦ ត្រូវតែរក្សាទុកសម្រាប់សហគមន៍នោះ។ សិង្ហបុរី បែងចែកសហគមន៍ជនជាតិ ទៅជាសហគមន៍ឥណ្ឌា សហគមន៍ម៉ាឡេ សហគមន៍ចិន និងសហគមន៍ផ្សេងទៀត។
រដ្ឋាភិបាលសិង្ហបុរីបញ្ជាក់ថា ការកំណត់រក្សាតំណែងប្រធានាធិបតីសម្រាប់សហគមន៍ណាមួយ ត្រូវរាប់ចាប់ពីអាណត្តិលោក Wee Kim Wee ដែលកាន់តំណែងក្នុងឆ្នាំ១៩៩១ ។ ដូច្នេះបើគិតពីអាណត្តិលោក Wee Kim Wee ដែលមកពីសហគមន៍ចិន មកដល់ត្រឹមអាណត្តិលោក Tony Tan ក្នុងឆ្នាំ២០១៦ គេមិនឃើញមានប្រធានាធិបតីមកពីសហគមន៍ម៉ាឡេឡើយ គឺមានតែមកពីសហគមន៍ចិន និងសហគមន៍ឥណ្ឌា។
នេះមានន័យថា តាមច្បាប់ទើបកែប្រែខាងលើ ប្រធានាធិបតីអាណត្តិថ្មីត្រូវតែមកពីសហគមន៍ម៉ាឡេម្ដង។ អ្នកស្រី Yacob នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី១៤ ខែកញ្ញា ដើម្បីក្លាយជាប្រមុខរដ្ឋស្ត្រីដំបូងគេរបស់សិង្ហបុរី៕
Tag:
Halimah Yacob
សិង្ហបុរី
© រក្សាសិទ្ធិដោយ thmeythmey.com