កីឡាជាតិ
ជាតិ
វាយ​កូនឃ្លី​លើ​តុ​៖ កម្ពុជា​១០​ក្រុម​,​ចិន​៩​ក្រុម​ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​មិត្តភាព​កម្ពុជា​-​ចិន​
13, Sep 2017 , 6:08 pm         521
រូបភាព
​ក្រុម​អត្ត​ព​លិ​ក​កីឡាវាយកូនឃ្លីលើតុ​ចំនួន​១៩​ក្រុម​បាន​ចូលរួម​ប្រកួតប្រជែង​ដណ្តើមពាន​រង្វាន់​មិត្តភាព​កម្ពុជា​-​ចិន​លើក​ទី​២​ដែល​រៀបចំ​ចន្លោះ​ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៣០ ខែកញ្ញា នៅ​ទីលាន​វាយ​កូនឃ្លី​លើ​តុ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ការប្រកួត​នេះ​ធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាព​កម្ពុ​ជា​-​ចិន​ឲ្យ​កាន់​តែមាន​ភាពជិតស្និទ្ធ និង​រឹងមាំ​ថែមទៀត​។ ហើយ​តាមរយៈ​ព្រឹត្តិការណ៍​នេះ​ភាគី​ចិន​ក៏​គ្រោង​ផ្តល់ឱកាស​ឲ្យ​កីឡាករ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា​ពី​២​ទៅ​៣​រូប​បាន​ហ្វឹកហាត់​នៅ​ចិន​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។​


​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​កម្ពុជា​-​ចិន​ឲ្យ​កាន់តែ​រឹងមាំ​និង​ជិតស្និទ្ធ​ថែមទៀត​លើ​វិស័យ​កីឡា សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បានរៀបចំ​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​មិត្តភាព​កម្ពុជា​-​ចិន ដើម្បី​ដណ្តើម​ពានរង្វាន់​ស្រា​បៀរ​អង្គរ​ប្រចាំឆ្នាំ​២០១៧​។ សម្រាប់​ការប្រកួត​លើក​ទី​២​នេះ មាន​ក្រុម​ចូលរួម​ចំនួន​១៩​ក្រុម​ក្នុងនោះ​កម្ពុជា​១០​ក្រុម និង​ចិន​៩​ក្រុម​។ អត្ត​ព​លិ​ក​ទាំងនេះ​នឹងធ្វើ​ការប្រកួតប្រជែង​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​តាម​ប្រភេទ​វិញ្ញាសា​នីមួយៗ​ចន្លោះ​ពីថ្ងៃ​ទី​៣​រហូតដល់​ថ្ងៃទី​៣០ កញ្ញា នៅ​អគារ​ដំបូលទូក​ក្នុង​ពហុ​កី​ដ្ឋា​ន​ជាតិ​។

​លោក សុខ វិសាល អនុប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាវាយកូនឃ្លីលើតុ​មិត្តភាព​កម្ពុជា​-​ចិន ធ្វើឡើង​ដើម្បី​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​ថែមទៀត​។ លោក​បាន​បន្តថា ការប្រកួត​ក៏​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព បច្ចេកទេស​របស់​កីឡាករ​កីឡាការិនី​កម្ពុជា​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​សម្រាប់​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ផងដែរ​។​



​អនុប្រធាន​សហព័ន្ធ​រូបនេះ​បន្តថា ដើម្បី​បំពេញ​ភាពខ្វះ​ចន្លោះ​ក៏ដូចជា​ពង្រឹង​បច្ចេកទេស​របស់​កីឡាករ សហព័ន្ធ​របស់លោក​នឺង​បញ្ជូន​កីឡាករ​កីឡាការិនី​ពី​២​ទៅ​៣​នាក់​ជា​រៀងរាល់​ឆ្នាំទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ ការបញ្ជូន​នេះ ដោយ​អាច​ទទួលបាន​ការឧបត្ថម្ភ​ពី​សមាគមន៍​កីឡា​របស់​ចិន​តាមរយៈ​ការប្រកួត​មិត្តភាព​កម្ពុជា​-​ចិន​។​

​ជាមួយគ្នានេះ លោក Wu Guang Hua អនុប្រធាន​សមាគម​ពាណិជ្ជកម្ម​ហ៊ូ​ណាន​ប្រចាំ​នៅ​កម្ពុជា​បាន​ចាត់ទុកថា ការប្រកួត​នេះ​មិន​ត្រឹមតែ​ជួយ​រឹតចំណង​មិត្តភាព​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជួយ​ទាក់ទាញ​អ្នកវិនិយោគ​ចិន​មក​ដាក់ទុន​នៅ​កម្ពុជា​ថែម​ទៀតផង​។ លើសពីនេះ​វា​ជួយ​ពង្រឹងសមត្ថភាព​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​ឲ្យ​កាន់តែ​រីកចម្រើន​សម្រាប់​ត្រៀម​ឆ្នាំ​២០២៣​ផងដែរ​។​



​លោក​បាន​បន្តថា តាមរយៈ​ព្រឹត្តិការណ៍​ប្រកួត​មិត្តភាព​កម្ពុជា​-​ចិន​នេះ​លោក​មើលឃើញ​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​មានការ​រីកចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់សម្គាល់ ហើយនឹង​ជួយ​ជំរុញ​ការរីកចម្រើន​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត​តាមរយៈ​ការផ្តល់​ឱកាស​ឲ្យ​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន​។ តែ​ការសម្រេច​យ៉ាងណា ត្រូវ​រង់ចាំ​ការពិភាក្សា​រវាង​សមាគម​របស់លោក និង​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ជាមុនសិន​៕ 
 
Tag:
 វាយ​កូនឃ្លី​លើ​តុ​
  សុខ វិសាល​
  កម្ពុជា​-​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានចម្រុះ