ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​អាមេរិក ផ្ញើ​សារ​ប្រាប់​ពលរដ្ឋ​ខ្លួន​នៅ​កម្ពុជា​ឲ្យ​មានការ​ប្រុងប្រយ័ត្ន តែ​រដ្ឋាភិបាល​ថា ជា​ព័ត៌មាន​មិន​ពិត​
13, Sep 2017 , 11:15 pm        
រូបភាព
​ភ្នំពេញ​៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានចេញ​សារ​ប្រាប់​ពលរដ្ឋ​ខ្លួន ដែល​កំពុង​រស់នៅ​កម្ពុជា ឲ្យ​មានការ​ប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​អសន្តិសុខ ។ ប៉ុន្តែ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ចាត់ទុក​សារ​របស់​ស្ថានទូត​អាមេរិក​នេះ គឺជា​ការ​បំផុសបំផុល​ព័ត៌មាន​មិន​ពិត លាប​ពណ៌​មកលើ​ប្រទេស​កម្ពុជា​។​


 
​តាមរយៈ​សារ​របស់​ស្ថានទូត​អាមេរិក បាន​រំ​ឮ​ក​ប្រាប់​ប្រជាជន​អាមេរិក​ថា ស្ថានការណ៍​នៅ​ប្រទេស​កម្ពុជា មានការ​ចាប់ខ្លួន​អ្នកនយោបាយ​ជាច្រើន​នាក់ ,មានការ​បណ្ដេញ​អង្គការ​សង្គម​ស៊ីវិល និង​បុគ្គលិក​បរទេស​ចេញពី​កម្ពុជា ,ការប្រឆាំង​រាល់​សម្ដី​របស់​អាមេរិក ពីសំណាក់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រួមទាំង​បញ្ហា​តានតឹងជាច្រើន​ទៀត​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ផងដែរ​។ ទូត​អាមេរិក បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ជា​ភាសារ​អង់គ្លេសប្រាប់ពលរដ្ឋខ្លួន ដោយមាន​ន័យ​ជា​ភាសា​ខ្មែរ​យ៉ាង​ដូច្នេះ​ថា​៖«​ទោះបីជា​យ៉ាងណា​ស្ថានទូត មិនអាច​បញ្ជាក់​ព័ត៌មាន​ឲ្យ​បាន​ច្បាស់​ចំពោះគម្រោង​នៃ​ការធ្វើ​បាតុកម្ម​នានា ឬក៏​បញ្ហា​សន្តិសុខ​នៅពេលនេះ​បានទេ​។ ប៉ុន្តែ​យើង​ជំរុញ​ឲ្យ​ប្រជាជន​អាមេរិក​ទាំងអស់​ត្រូវមាន​ការប្រុងប្រយ័ត្ន​ចំពោះ​បញ្ហា​នេះ​។ ហើយ​ទោះជា​ការតវ៉ា ឫ​ក៏​ព្រឹត្តិការណ៍​ដែល​កើតឡើង​នោះ ក្នុង​គោលបំណង​ស្វែងរក​សន្តិភាព​ក្តី ក៏​អាច​វិលត្រឡប់​ទៅជា​ការប្រឈមមុខ​ដាក់​គ្នា ឬក៏​អាច​ក្លាយទៅជា​ការប្រើ​អំពើហិង្សា​ដ៏​ធំ​ដោយ​គ្មាន​ការជូនដំណឹង​ជាមុន​ផងដែរ​»​។​
 
​បន្ថែម​ពីនេះ​ស្ថានទូត​អាមេរិក បាន​ប្រាប់​ប្រជាជន​អាមេរិក ឲ្យ​ចៀស​ឆ្ងាយ​ពី​កន្លែង​ដែលមាន​មនុស្ស​ឈ​កុះករ និង​ប្រមូល​ផ្ដុំគ្នា​ជាដើម​។​«​ប្រជាជន​អាមេរិក​គួរតែ​ប្រុងប្រយ័ត្ន​ដោយ​ធ្វើដំណើរ​ទៅ​ទីកន្លែងណា​ដែលមាន​សន្តិសុខ​ខ្ពស់ ដោយ​ត្រូវ​ត្រួត​ពិនិត្យមើល​ព័ត៌មាន​ទីនោះ​ឲ្យ​បានច្បាស់លាស់ ហើយ​មិនត្រូវ​ធ្វេសប្រហែស​ចំពោះ​បញ្ហា​សន្តិសុខ​ផ្ទាល់ខ្លួន​នោះទេ​។ ជាពិសេស​ត្រូវ​ដឹង និង​ប្រុងប្រៀប​ជាមុន ចំពោះ​អ្វីដែល​នៅ​ជុំវិញខ្លួន​ ហើយនឹង​ការរៀបចំគម្រោង​សកម្មភាព​ខ្លួន​ឲ្យ​បាន​សមស្រប​»​។ នេះ​ជា​សារ​ដាស់តឿន​របស់​ស្ថានទូត​អាមេរិក ទៅកាន់​ប្រជាជន​ខ្លួន​។​
 
​ប៉ុន្តែ​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន ចាត់ទុក​សារ​របស់​ស្ថានទូត​អាមេរិក​នេះ គឺជា​ការ​បំផុសបំផុល​ព័ត៌មាន​មិន​ពិត លាប​ពណ៌​មកលើ​ប្រទេស​កម្ពុជា​។ លោក ផៃ ស៊ី​ផាន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​ស្ថានទូត​អាមេរិក​ចេញ​សារ​ព្រមាន​ដល់​ពលរដ្ឋ​ខ្លួន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ទាំង​ការ​ស្នាក់នៅ និង​ធ្វើដំណើរ​នៅ​កម្ពុជា ដោយសារ​បញ្ហា​តានតឹង​សព្វថ្ងៃ​។ នេះ​ជា​យុទ្ធនាការ​បំផុសបំផុល​បង្កើត​រឿង​ខុសពី​ការពិត​នៅ​កម្ពុជា​»​។​
 

Tag:
 អាមេរិក​
  ផៃ ស៊ី​ផាន​
© រក្សាសិទ្ធិដោយ thmeythmey.com