ជាតិ
​​​ន​យោ​បាយ​ជាតិ​
កម្ពុជារំពឹង​ថា អាមេរិក​ពិ​ចារណាឡើងវិញ​
14, Sep 2017 , 12:05 pm        
រូបភាព
ដោយ:
 
​ក្រោយពី​ការិយាល័យ​កុងស៊ុល នៃ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បានប្រកាស​ផ្អាក​ផ្តល់​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ប្រភេទ B1 និង​ប្រភេទ​B2 ដល់​មន្ត្រី​ក្រសួងការបរទេស​កម្ពុ​ជា ក្រសួង​នេះ បាន​សរសេរ​កំណត់ហេតុ​ទៅ​ស្ថានទូត​ប្រទេស​មហាអំណាច ដើម្បី​ឆ្លើយតប​នឹង​ការសម្រេច​នេះ​។  ក្រសួងការបរទេស​ក​ម្ពុ​ជា សោកស្តាយ​ចំពោះ​ការសម្រេច​របស់​អាមេរិក​។

 
​កម្ពុជា បានចាត់ទុក​ការសម្រេច​ផ្អាក​ផ្តល់​ទិដ្ឋាការ​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ថា ធ្វើឡើង​ដោយ​គ្មាន​ការពិចារណា​ត្រឹមត្រូវ ទៅលើ​អ្វីដែល​ភាគី​ទាំង​ពីរបាន​ជជែក និង​ព្រមព្រៀងគ្នា​កន្លងមក​។ កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុ​ជា​ឆ្លើយតប​នឹង​ស្ថានទូត​អាមេរិក នៅ​យប់​ថ្ងៃទី ១៣ ខែកញ្ញា បានលើកឡើង​យ៉ាងនេះ​ថា​៖«​កម្ពុជា​សោកស្តាយ ដែល​រដ្ឋាភិបាល​អាមេរិក សម្រេច​ដាក់​កម្ពុជា​ទៅក្នុង​បញ្ជី​នៃ​ប្រទេស​ដែល​មិន​សហការ​ជាមួយ​ខ្លួន ដើម្បី​ឈប់​ផ្តល់​ទិដ្ឋាការ B1/B2 ដល់​ប្រជាជន​កម្ពុជា និង​ការដាក់កំហិត​ផ្នែក​ទិដ្ឋាការ​ប្រឆាំង​កម្ពុជា ដោយ​គ្មាន​ការពិចារណា​ទៅលើ​កំណត់ហេតុរ​របស់​ក្រសួង ចុះ​ថ្ងៃទី ៣១ ខែសីហា ស្តី​ការ​ប្រតិបត្តិការ​នៃ​កម្មវិធី​មាតុភូមិ​និវត្ត​»​។ 
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា ក៏បាន​លើកឡើងថា ការសម្រេច​របស់​រដ្ឋា​ភិ​បាល​អាមេរិក​នេះ មិន​សមស្រប​នឹង​ស្មារតី​នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​កម្មវិធី​មាតុ​ភូម​និវត្ត​រវាង​ប្រទេស​ទាំងពីរ​ទេ​។ ជាមួយនឹង​ការសោកស្តាយ​នេះដែរ ក្រសួងការបរទេស​ក​ម្ពុ​ជា រំពឹងទុក​ថា រដ្ឋាភិបាល​អាមេរិក នឹង​ពិចារណា​ឡើងវិញ លើ​អ្វីដែល​រដ្ឋាភិបាល​នេះ បាន​និយាយ និង​ពិភាក្សា​ជាមួយ​ខ្លួន​កន្លងមក ក្នុង​គោលដៅ លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ 
 
​ក្រសួងការបរទេស​ក​ម្ពុ​ជា បកស្រាយ​បន្ថែម​ដូច្នេះ​ថា​៖« ដូចដែល​បានលើកឡើង​មកហើយ នៅក្នុង​កំណត់ហេតុ​របស់​ក្រសួងការបរទេស​កម្ពុ​ជា ចុះ​ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០១៦ ដោយ​ក្រសួង​បានធ្វើ​សំណើរ​យ៉ាងច្បាស់ ដើម្បី​ពន្យារពេល​បណ្តោះអាសន្ន​ការអនុវត្ត​នៃ​អនុស្សារណៈ និង​ខ្លឹមសារ​បន្ថែម​របស់ខ្លួន ដោយ​ភ្ជាប់​ជាមួយនឹង​មតិយោបល់​នៃ​ការបារម្ភ​ពី​សិទ្ធិ​នៃ​មនុស្សជាតិ នៃ​ជនជាតិខ្មែរ​ដែល​ត្រឡប់មក​កម្ពុជា​វិញ ដែល​បានលើកឡើង​ដោយ​សមាជិក​មួយចំនួន​នៃ​សហគមន៍​កម្ពុជា​នៅ​អាមេរិក និង​សភា​អាមេរិក​»​។ 
 
​ចាប់ពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ តទៅ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ភ្នំពេញ ផ្អាក​ចេញ​ទិដ្ឋាការ​ប្រភេទ B1 ប្រភេទ B2 និង​ប្រភេទ B1/B2 (​ទិដ្ឋាការ​ទេសចរ និង​អាជីវកម្ម​ជាដើម​) ដល់​មន្ត្រី​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​ដែលមាន​តួនាទី​ចាប់ពី​ថ្នាក់​អគ្គនាយក​រហូតដល់​ថ្នាក់ដឹកនាំ​កំពូល​(​រដ្ឋមន្ត្រី​)​នៃ​ក្រសួង​នេះ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្រទេស​មហាអំណាច​មួយ​នេះ ក៏​ផ្អាក​ផ្តល់​ទិដ្ឋាការ​ប្រភេទ​ដូចគ្នានេះដែរ ចំពោះ​ក្រុមគ្រួសារ​របស់​មន្ត្រី​ទាំងនោះ​ផងដែរ ដោយ​លើកលែង​តិច​បំផុត​។ ការសម្រេច​របស់​អាមេរិក​បែបនេះ ធ្វើឡើង ដោយសារ​កម្ពុជា​បដិសេធ​មិន​ទទួលយក​ពលរដ្ឋ​រប​ស់​ខ្លួន ដែល​រស់នៅ​ក្នុងប្រទេស​អាមេរិក​ដោយ​ខុសច្បាប់​។ 
 
 

Tag:
 ​ក្រសួងការបរទេស​ក​ម្ពុ​ជា​
  ទូត​អាមេរិក​
 ​ទ​ដ្ឋា​ការ​
© រក្សាសិទ្ធិដោយ thmeythmey.com