កីឡាជាតិ
ជាតិ
អគ្គិសនីកម្ពុជាបានទម្លាក់ថាយហ្គឺរដើម្បីចាប់ដៃជាមួយណាហ្គាវើល, បឹងកេត និងទ័ពឡើងទៅវគ្គ១/៤ ក្រុមកីឡាករណាហ្គាវើលថតជុំគ្នាមុនប្រកួតជាមួយក្រុមស្វាយរៀង
× ក្រោយយកឈ្នះគូប្រកួតរៀងៗខ្លួនដោយលទ្ធផលសរុបទាំងពីរជើងក្រុមអគ្គិសនីកម្ពុជា បឹងកេត ណាហ្គាវើល និងក្រសួងការពារជាតិ(ទ័ព)បានចាប់ដៃគ្នាឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ខណៈ៤ក្រុមទៀតរង់ចាំការប្រកួតជើងទី២នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ។
ក្រុមបាល់ទាត់អគ្គិសនីកម្ពុជាបានទម្លាក់ក្រុមខេមបូឌានថាយហ្គឺរពីពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០១៧ ត្រឹមដំណាក់កាលទី៤ បន្ទាប់ពីក្រុមនេះបានយកឈ្នះដោយលទ្ធផលសរុបទាំងពីរជើង ៥-៤។ ក្នុងនោះក្រុមអគ្គីសនីកម្ពុជាបានយកឈ្នះខេមបូឌានថាយហ្គឺរ ៣-០ ក្នុងជើងទី១ តែចាញ់ ៤-២ វិញនាការប្រកួតជើងទី២នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីល្ងាចថ្ងៃទី១៣ កញ្ញា។តាមរយៈលទ្ធផលនេះក្រុមអគ្គិនសីកម្ពុជាទទួលបានកៅអីឡើងទៅវគ្គ១/៤ ជាមួយជ័យជម្នះទាំងពីរជើង ៥-៤។
ជាមួយគ្នានេះ ក្រុមណាហ្គាវើលក្រោយយកឈ្នះក្រុមស្វាយរៀងដែលជាក្រុមឡើងមកពីវគ្គជម្រុះតាមខេត្ត ៣-១ នាការប្រកួតជើងទី២នៅកីឡដ្ឋានខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា បន្ថែមលើជ័យជម្នះ ១៤-០ ក្នុងជើងទី១ បានជួយឲ្យណាហ្គាវើលឡើងទៅវគ្គ១/៤ជាមួយជ័យជម្នះសរុប ១៧-១។
ទន្ទឹមនឹងនេះ ក្រុមបឹងកេតក៏ជាបេក្ខភាពក្រុមឡើងទៅវគ្គ១/៤នេះផងដែរ បន្ទាប់ពីបានយកឈ្នះក្រុមឧត្តរមានជ័យក្នុងលទ្ធផលសរុបទាំងពីរជើង ២២-៣។ នាការប្រកួតជើងទី១បឹងកេតបានយកឈ្នះឧត្តរមានជ័យក្នុងលទ្ធផល ១៤-១ និងឈ្នះ ៨-២ នាការប្រកួតជើងទី២នៅកីឡដ្ឋានខេត្តឧត្តរមានជ័យកាលពីម្សិលមិញ។
ចំណែក ក្រុមក្រសួងការពារជាតិទទួលបានកៅអីឡើងទៅវគ្គ១/៤ដោយស្វ័យប្រវត្តិទាំងមិនបាច់ប្រកួតជើងទី២ បន្ទាប់ពីគូប្រកួតរបស់ខ្លួនក្រុមស្ទឹងត្រែងសុំចុះចាញ់ក្រោមហេតុផលមានបញ្ហាទីលានមិនអាចធ្វើម្ចាស់ផ្ទះការប្រកួតបាន។
ដោយឡែក ក្រុម៤ផ្សេងទៀតដែលជាបេក្ខភាពបង្គ្រប់ដើម្បីបាន៨ក្រុមឡើងទៅវគ្គបន្តនៃពានរង្វាន់សម្តេច ហ៊ុន សែន នឹងធ្វើការប្រកួតជើងទី២របស់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខនេះ។ ក្នុងនោះក្រុមកំពតស្វាគមន៍ក្រុមព្រះខ័នរាជស្វាយរៀងនៅកីឡដ្ឋានខេត្តកំពត, ក្រុមម្ចាស់ផ្ទះសាលាបាល់ទាត់ជាតិបាទីតទល់ជាមួយភ្នំពេញក្រោន, សូលទីឡូអង្គរជួបអគ្គស្នងការនគរបាលជាតិនៅកីឡដ្ឋានខេត្តសៀមរាប និងក្រុមម្ចាស់ផ្ទះគីរីវង់សុខសែនជ័យស្វាគមន៍អាស៊ីអឺរ៉ុប។ ការប្រកួតទាំង៤គូនេះធ្វើឡើងនាវេលាម៉ោង៣រសៀលដូចគ្នា៕
Tag:
បាល់ទាត់
Hun Sen Cup 2017
© រក្សាសិទ្ធិដោយ thmeythmey.com